អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អ្វី​ជា​សម្មតិកម្ម នៃ​ការ​បាត់​យន្តហោះ​ AirAsia ប្រភេទ Airbus ៣២០-២០០ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ស្វែង​រក​យន្តហោះ​ airAsia ប្រភេទ​អ៊ែរប៊ូស ៣២០ នៃ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ បាន​ចូល​ដល់​ថ្ងៃ​ទីពីរ​ហើយ ! ក្រុម​ការងារ​ឥណ្ឌូណេស៊ី ​កំពុង​​វែក​​រក​ទី​តាំងចុងក្រោយ​​ដែល​យន្តហោះ​អ៊ែរប៊ូល​ បាត់​ពី​ប្រព័ន្ធ​រ៉ាដា។ ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​​កំពុង​បន្ត ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​បណ្តាប្រទេស​ជិត​ខាង​ជា​ច្រើន អូស្ត្រាលី សិង្ហបុរី ម៉ាឡេស៊ី។ ចិន​ សហរដ្ឋ​អាមេរិក​ បារាំង​ដែល​ជា​ម្ចាស់​ផលិត​យន្តហោះ​​ក៏​បាន​ស្នើ​សុំ​ចូល​ជួយ​ស្វែង​រក​ដែរ។ នៅ​មុន​នេះ​បន្តិច​ អាជ្ញាធរ​​ឥណ្ឌូណេស៊ី បាន​​ព្រលយ​ព័ត៌មាន​ថា​​ យន្តហោះ​មាន​ផ្ទុក​មនុស្ស​១៦២​នាក់ ទំនង​ជា​ធ្លាក់​ ហើយ​លិច​ក្នុង​បាត​សមុទ្ទ។ នេះ​ជា​លើក​ទី​បី​ហើយ ក្នុង​រយៈ​ពេល​មិនដល់​មួ​យ​ឆ្នាំ​ផង ដែល​​ម៉ាឡេស៊ី​​បាន​បាត់​យន្ត​ហោះ​​ដឹក​អ្នក​ដំណើរ​យ៉ាង​ដូច្នេះ ?

អនុប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Jusuf Kalla (ឆ្វេង)បូក​សរុប​ការងារ​ស្វែង​រកយន្ត​ហោះ​នៅ​ក្រុង​ Jakarta ថ្ងៃទី ២៨​ ធ្នូ ២០១៤
អនុប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Jusuf Kalla (ឆ្វេង)បូក​សរុប​ការងារ​ស្វែង​រកយន្ត​ហោះ​នៅ​ក្រុង​ Jakarta ថ្ងៃទី ២៨​ ធ្នូ ២០១៤ REUTERS/Antara Foto/Wahyu Putro A
ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារ​អ្នក​ដឹកនាំប្រតិបត្តិការ​ស្វែង​រក​យន្តហោះ សង្ឃឹម​ថា​នឹងអាច​រក​ឃើញ​ដាន​ដោយ​ឆាប់​ ព្រោះ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ​នៅ​​ថ្ងៃ​ចន្ទ​នេះ ឯ​ចំណែក​តំបន់​រុក​រក​មាន​ទំហំ​ប្រមាណ​តែ​៦៥០០​គីឡូម៉ែត្រ ពោល​ខ្លី​ និង​តូច​ជាង ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​MH370 ដែល​ធ្លាក់​បាត់​កាល​ពី​ខែមីនា​ឆ្ងាយ​ណាស់។

 
នាវា យន្តហោះ ឧទ្ធម្ភាគចក្រ ជា​ច្រើន​​គ្រឿង​កំពុង​ធ្វើ​ប្រតិបត្តិការ​រុក​រក​យន្តហោះ​ នៅ​ក្បែរ​កោះ​បេលីតុង ដែល​ស្ថិត​នៅ​ចន្លោះ​កោះ​ស៊ូម៉ាត្រា និង​កោះ​ប័រនេអូ​របស់​ឥណ្ឌូណេស៊ី បើ​យោល​ទៅ​តាម​រយៈ​ពេល​និង​រយៈ​ចម្លាយ​ហោះហើរ​ ព្រោះ​យន្តហោះ​បាន​ផ្តាច់​ទំនាក់ទំនង​និង​បាត់​ស្រមោល​ នៅពេល​ហោះ​ឡើង​បាន​ទើប​តែ​ប្រមាណ​៤២​នាទី។ ដូច្នេះ​ទើប​គេ​សន្និដ្ឋាន​ថា​ គឺ​ត្រូវ​ចំ​លើ​តំបន់នេះ​ហើយ។ ប៉ុន្តែ​គេ​មិនអាច​ដឹង​​ ​ថា​ចំណុច​ណា​ ឬ​កន្លែង​ណា ច្បាស់​លាស់​ណាស់ ដោយ​ហេតុ​តែ​យន្តហោះ​មិន​បាន​ផ្តល់​សញ្ញា​អាសន្ន​មុន​នឹង​បាត់​ខ្លួន។

អូស្ត្រាលី សិង្ហបុរី និង​ម៉ាឡេស៊ី ក៏​បាន​បញ្ជូន​នាវា​និង​យន្តហោះ​មក​ដល់​កន្លែង​កើត​ហេតុ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​Airasia​។ ប្រទេស​ផ្សេងទៀត ដូច​យ៉ាង​ចិន សហរដ្ឋ​អាមេរិក ភ្នាក់ងារ​​អង្កេតអាកាសចរណ៍​បារាំង ក៏​បាន​ស្នើ​សុំ​ចូល​ជួយ​ដែរ។ បារាំង​គឺ​ជា​ប្រទេស​​អ្នក​ផលិត​យន្តហោះAirasia​នេះ​តែ​ម្តង។

ចូល​មក​ថ្ងៃ​ទីពីរ​នៃ​ការ​ស្វែង​រក​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី​​បាន​អះអាង​យន្តហោះ​ទំនង​ជា​ធ្លាក់​ប៉ះ​ទឹក​រួច​លិច​ក្នុង​បាត​សមុទ្ទ។ ជាមួយ​ទឹក​សមុទ្ទ​ក្នុង​សីតុណ្ហភាព​៣០​អង្សារ អ្នករុករក​អាច​មាន​សង្ឃឹម​មួយ​ទៀត គឺ​រក​ឃើញ​អ្នក​​ដំណើរ​អាច​នៅ​មាន​ជីវិត​

ក្រុម​រុករក​និង​សង្គ្រោះ​ឥណ្ឌូណេស៊ី​ មាន​បទ​ពិសោធន៍​ខ្ពស់

ជា​មួយ​នឹង​ការ​ឆ្លង​កាត់​គ្រោះ​ធ្លាក់​យន្តហោះ​ញយៗ ក្រុមអង្កេត​ឥណ្ឌូណេស៊ី ជា​ក្រុមការងារ​មាន​បទ​ពិសោធន៍​ខ្ពស់ ៖ កាលពី​ខែ​មេសា ២០១៣ យន្តហោះ​ប្រភេទ​ប៊ូអ៊ីន ៧៣៧​របស់ក្រុមហ៊ុន​ លីយ៉ុង​អ៊ែរ បាន​ធ្លាក់​នៅ​បាលី ហើយ​កាលពី​មួយ​ឆ្នាំ​នៅ​ខែ​ឧសភា​២០១២ ត្រូវ​ជួយ​សង្គ្រោះ​និង​ស្វែង​រក​យន្តហោះ​ដឹកអ្នក​ដំណើរ​​តំបន់​ ដឹក​មនុស្ស​៤៥​នាក់​ធ្លាក់​ពេល​ហោះ​សាកល្បង។

ទីតាំង​ភូមិសាស្ត្រ​ឥណ្ឌូណេស៊ី មាន​កោះ​ប្រជុំ​កោះ​​ដល់​ទៅ ១៨០០០ ពិត​ជា​មិន​អំណោច​ផល​ខាង​សង្គ្រោះ​ទេ​ ដូច្នេះ​ហើយ​បាន​ជាក្រុមការងារ​​នេះ​អាច​ប្រមូល​បទ​ពិសោធន៍​បាន​ច្រើន​ ទទួល​ស្គាល់​នៅ​លើ​ពិភពលោក​តែ​ម្តង។ អ្នក​អង្កេត​ការណ៍​ឥណ្ឌណេស៊ី​ផ្នែក​អាកាសចរណ៍​ ធ្វើ​ការ​ដោយ​ទៀង​ទាត់​ជាមួយ​សមភាគី​បរទេស​ មិន​ថា​ជាមួយ​ការិយាល័យ​អង្កេត​និង​វិភាគ​អាកាចរណ៍​បារាំង ឬ ភ្នាក់ងារ​សន្តិសុខ​​ដឹកជញ្ជូន​អាមេរិក​ទេ។

ជាមួយ​នឹងសមត្ថភាព​និង​បទ​ពិសោធន៍​ដូច្នេះ ទើប​គ្រប់​គ្នា​មាន​សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​យន្តហោះ​Airasia​ ទោះ​បី​ជា​អាកាសធាតុ​មិនអំណោចផល​យ៉ាង​ណា​ក៏ដោយ ! ក្រុម​ការងារ​ឥណ្ឌូណេស៊ី​បាន​ត្រៀម​ជា​ស្រេច​ ប្រើ​នាវា​ដ្រូន​ គ្មាន​មនុស្ស​បើក​ ដើម្បី​អាច​សាងការងារ​​ពី​មនុស្ស​។

សម្មតិកម្មនៃ​ការ​ធ្លាក់​យន្តហោះ

ថៅកែក្រុមហ៊ុន និង​អាជ្ញាធរ​ម៉ាឡេស៊ី ​ បាន​បញ្ជាក់​យ៉ាង​ទទូច​ មិន​ចង់​ឃើញ​មាន​ការ​បំបោង​ គេង​ចំណេញ​ព័ត៌មាន​អ្វី​ ទាក់ទង​នឹង​ការ​បាត់​យន្តហោះ​លើក​នេះ​ឡើយ។ នាយករដ្ឋមន្ត្រី​​អូស្ត្រាលី​ ក៏​បាន​អំពាវនាវ​​កុំ​ឱ្យ​ភ្ជាប់ ឬ​ប្រៀប​ប្រដូច​ការ​បាត់​យន្តហោះ​Airasiaម្សិលមិញ​ ទៅ​នឹង​ការ​បាត់​យន្តហោះ​ MH៣៧០ កាលពី​​ខែ​មីនា ដែល​ជា​ករណី​ដ៏​ចម្លែក​ប្រចាំ​សតវត្ស តែ​ហេតុការ​ណ៍​មិ្សលមិញ​គឺ​មិន​ដូច្នោះ​ឡើយ។

ទំនាក់ទំនង​ចុងក្រោយ​​រវាង​ក្រុម​អ្នក​បើកបរ​យន្តហោះ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ គឺ​ស្នើ​សុំ​ការ​អនុញ្ញាត​ប្តូរ​ផែនការ​ហោះហើរ។ អាកាសធាតុ​មិន​ល្អ​ អ្នក​បើក​ចង់​ហោះ​ឱ្យ​ខ្ពស់​ផុត​ពពក​អ័ព្ទ ជា​សំណើ​​ដែល​តែង​កើត​មាន​ញឹកញយ​ តែ​ការ​បញ្ចេញ​សកម្មភាព​អាច​ជួប​ភាព​ប្រថុយប្រថាន ព្រោះ​បើ​យន្តហោះ​ឡើង​ខ្ពស់​ពេក លើស​សមត្ថភាព​ យន្តហោះក៏​​អាច​​ធ្លាក់​ដែរ។ ប្រសិន​បើ​ដូច​សម្មតិកម្ម​នេះ​ យន្តហោះ​ទំនង​ជា​ធ្លាក់​និង​លិច​ក្នុង​បាត​សមុទ្ទ​​ម្តុំ​កោះ​ បេលីតុង ដែល​ក្រុមរុក​រក​កំពុង​ផ្តុំ​កម្លាំង។

​Airasiaជា​ក្រុមហ៊ុន​លក់​សំបុត្រ​ថោក​មែន​ ប៉ុន្តែ​សម្រាប់​អ្នក​ឯកទេស​អាកាសចរណ៍ គឺ​គ្មានពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព​ហោះហើរ​ឡើយ ព្រោះ​ក្រុមហ៊ុន​ថោក​ តែង​ជ្រើសរើស​យន្តហោះ​ល្អ ដើម្បី​កុំ​ឱ្យ​ចំណាយ​ច្រើន​ផ្នែក​ជួសជុល។ យ៉ាងណា​មិញ យន្តហោះAirasia ​នេះ ថ្មីមានអាយុ​ទើប​១៣​ឆ្នាំ​ ទំនើប ១០០%​អ៊ែរប៊ូស ​មាន​ឈ្មោះ​ជា​ក្រុមហ៊ុន​ល្អជាង​គេ​បំផុត​ នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០០៩​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ ក៏​នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ នៅក្រុង​កូឡាឡាំងពួរ បាន​ដាំ​ក្បាល​ធ្លាក់​ចុះ​អស់​៨%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ