អានតួអត្ថបទ
ប៉ាគីស្ថាន-តាលីបង់

ក្រុម​តាលីបង់​វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​ភាគ​ខាង​ជើង​ប៉ាគីស្ថាន

ក្រុម​ឧទ្ទាម​តាលីបង់​បាន​ធ្វើ​ការ​វាយ​ឆ្មក់ ​ក្នុង​វេលា​ទៀប​ភ្លឺ ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​មួយ ​នៅ​ជាយ​ក្រុង​ប៉េឆាវ៉ារ ​ភាគ​ខាង​ជើង​ប្រទេស​ប៉ាគីស្ថាន។ ការ​បាញ់​តបត​គ្នា ​រវាង​ទាហាន​ប៉ាគីស្ថាន​ និង​ក្រុម​តាលីបង់ ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ យ៉ាង​ហោច​ណាស់ ​១៧​នាក់។ នេះ​ជា​ការ​វាយ​ប្រហារ​ថ្មី​មួយ​ទៀត​ ពី​សំណាក់​ក្រុម​តាលីបង់ ​បន្ទាប់​ពី​ក្រុម​នេះ ​បាន​ចូល​មក​បាញ់រះ​ សម្លាប់​ក្មេង​សិស្ស​សាលា​ ចំនួន​១៥០​នាក់ ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៤ ​នៅ​ក្នុង​ក្រុង​ប៉េឆាវ៉ារ​នេះ​ដដែល។

អាជ្ញារធរ​​យាមកាម​ ជុំវិញ​​កន្លែង​វាយប្រហារ​ដោយ​ក្រុម​តាលីបង់​ នៅព្រឹក​ថ្ងៃ​ទី ​១៨ កញ្ញា​ ២០១៥
អាជ្ញារធរ​​យាមកាម​ ជុំវិញ​​កន្លែង​វាយប្រហារ​ដោយ​ក្រុម​តាលីបង់​ នៅព្រឹក​ថ្ងៃ​ទី ​១៨ កញ្ញា​ ២០១៥ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ព្រឹក​ព្រហាម​ស្រាងៗ​ សម្លេង​ផ្ទុះ​គ្រាប់​បែក ​និង​គ្រាប់​កាំភ្លើង ​បាន​លាន់​ឮ​រន្ធាន់​ឡើង ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​មួយ​ របស់​ប៉ាគីស្ថាន ​ដែល​ស្ថិត​នៅ​ជាយ​ក្រុង​ប៉េឆាវ៉ារ ​ភាគ​ខាង​ជើង​បង្អស់​របស់​ប៉ាគីស្ថាន។ អ្នក​នាំ​ពាក្យ​កងទ័ព​ប៉ាគីស្ថាន ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​នេះ​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​តាលីបង់ ​ដែល​មាន​គ្នា​វា​ ប្រហែល​ជា​ជាង​១០​នាក់ ​ដែល​បាន​វាយ​ឆ្មក់​ បន្ទាយ​ទាហាន​ទ័ព​អាកាស​របស់​ប៉ាគីស្ថាន។

 
ការ​បាញ់​តបត​គ្នា ​បាន​ផ្ទុះឡើង​ភ្លាមៗ​ ដោយ​កងទ័ព​ប៉ាគីស្ថាន ​បាន​ឡោមព័ទ្ធ​ក្រុម​តាលីបង់ ​មិន​ឲ្យ​រត់​ចេញ​ត្រឡប់​ទៅ​វិញ។ នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​មាន​វិហារ​ម៉ូស្កេ​មួយ ​ដែល​មាន​មនុស្ស​កំពុងតែ​ជួបជុំ​គ្នា​សូត្រធម៌​ ​ហើយ​ដែល​ត្រូវ​បាន​ក្រុម​តាលីបង់​ ចូល​ទៅ​បន្លំ​សំងំ​លាក់​ខ្លួន។ មាន​មនុស្ស​នៅ​ក្នុង​វិហារ​ម៉ូស្កេ ​បាន​ស្លាប់​ចំនួន ​១៦នាក់​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​មាន​ពួក​តាលីបង់ ​ក្នុង​ចំណោម​នោះ ​រឺមួយ​ក៏​សុទ្ធសឹង​ជា​ប្រជាជន​សាមញ្ញ​ទេ។ ទាហាន​ប៉ាគីស្ថាន​ម្នាក់ ​ក៏​បាន​ស្លាប់ ​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ។ នេះ​គ្រាន់តែ​ជា​តួលេខ​បឋម​ ហើយ​ការ​រុករក ​ក្រុម​ឧទ្ទាម ​ដែល​កំពុងតែ​ពួន​សំងំ​លាក់​ខ្លួន ​នៅតែ​បន្ត​មិន​ទាន់​ចប់​នៅ​ឡើយ។

សូម​បញ្ជាក់​ថា ​នេះ​ជា​ការ​វាយ​ប្រហារ​ យ៉ាង​ចេញ​មុខ​របស់​ក្រុម​ឧទ្ទាម​ដែល​មាន​ឈ្មោះ​ថា ​ក្រុម​ Tehreek-e-Taliban Pakistan ​ដែល​ជា​ក្រុម​កើត​ឡើង​ ដោយ​ការ​រួម​ផ្សំ​នូវ​អតីត​ក្រុម​ឧទ្ទាម​អ៊ីស្លាម ​ដែល​បាន​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ាគីស្ថាន ​តាម​រយៈ​ការ​ធ្វើ​ភេរវកម្ម​អត្តឃាត​ ជា​ច្រើន​ករណី។ គេ​នៅ​មិន​ភ្លេច​ទេ ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ​ក្រុម​នេះ​ហើយ​ ដែល​បាន​ធ្វើ​ភេរវកម្ម​ នៅ​ក្នុង​សាលារៀន​មួយ ​នៅ​ក្រុង​ប៉េឆាវ៉ារ​ ដោយ​បាន​បាញ់​រះ​ សម្លាប់​ក្មេង​សិស្ស​សាលា ​ចំនួន​ប្រមាណ​ជា​១៥០​នាក់ ​យ៉ាង​ព្រៃផ្សៃ​ជា​ទី​បំផុត។

ជា​ការ​ឆ្លើយតប ​ទាហាន​ប៉ាគីស្ថាន ​បាន​បន្ថែម​ការ​វាយ​ប្រហារ​ ដើម្បី​បំបែក​សំបុក​ក្រុម​នេះ ​ដែល​បាន​លាក់​ខ្លួន​ នៅ​តាម​រូងភ្នំ​ដាច់​ស្រយាល ​នៅ​ភាគ​ខាង​ជើង ​ដែល​ធ្លាប់​ជា​អតីត​ ជុំរំ​លាក់​ខ្លួន ​របស់​ពួក​អាល់កាអីដា។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​អាជ្ញាធរ​ប៉ាគីស្ថាន ​បាន​ចាប់ផ្តើម​ធ្វើ​ការ​កាត់ទោស​ប្រហារ​ជីវិត​ សាជាថ្មី ​ទៅ​លើ​ជន​សង្ស័យ​ ដែល​ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម។ បើ​គិត​ពី​ដើម​ឆ្នាំ​២០១៥​មក ​ប៉ាគីស្ថាន​បាន​ព្យួរក​មនុស្ស​ ជាង​២០០​នាក់​ហើយ ​ដែល​ភាគ​ច្រើន​ ពុំ​មាន​សាវនការ​កាត់ក្តី​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ។ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​​មនុស្ស​ បាន​បរិហារ​សកម្មភាព​នេះ ​ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​លប់​ចោល​ទោស​ប្រហារ​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ