អានតួអត្ថបទ

លោកអូបាម៉ា​​សន្យា​បើក​អង្កេតស៊ីជម្រៅ ខណៈ​ដែល​អ.ស.ប.ចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម

ប្រធានាធិបតី​អាមេរិក​ លោក​ បារ៉ាក់ អូបាម៉ា បាន​សន្យា​​ធ្វើ​អង្កេត​បន្ថែម​ឱ្យ​បាន​លម្អិត​ស៊ីជម្រៅ ទាក់ទង​នឹង​ការ​វាយប្រហារ​ផ្លូវ​អាកាស​​លើ​មន្ទីរ​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​ នៅ​ក្រុងគូនឌូស្ស ប្រទេស​អាហ្វហ្កានីស្ថាន កាលពី​ម្សិលមិញ ​ដែល​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​១៩​នាក់ និង​រង​របួស​ជា​ច្រើន​នាក់។ ការ​វាយប្រហារ​ដែលកងទ័ព​អាកាស​អាមេរិក​ទំនង​​ជា​​​ដៅ​ទិស​ច្រឡំ។ ប៉ុន្តែសម្រាប់​អង្គការ​សហប្រជាជាតិ ការ​វាយប្រហារ​ផ្លូវ​អាកាស​អាច​ចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម​​សង្គ្រាម។

រូបថត​ផ្តល់​ដោយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSFបង្ហាញ​ពី​មន្ទីរ​ពេទ្យ​ឆេះព្រោះ​ការ​​វាយប្រហារ
រូបថត​ផ្តល់​ដោយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSFបង្ហាញ​ពី​មន្ទីរ​ពេទ្យ​ឆេះព្រោះ​ការ​​វាយប្រហារ AFP PHOTO / MSF
ផ្សាយពាណិជ្ជកម្ម

លោកអូបាម៉ា បាន​ប្រកាស​ចូល​រួម​រំលែក​ទុក្ខ​ដ៏ជ្រាលជ្រៅ ក្រោយ​ហេតុការណ៍​វាយប្រហារ​លើ​មន្ទីរពេទ្យ​នៅ​គូនឌូស្ស ដែល​ផ្តាច់​ជីវិត​បុគ្គលិក​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​១២នាក់ និង​អ្នក​ជំងឺ​៧​នាក់ ក្នុង​នោះ​បី​នាក់​ជា​កុមារ។ ប៉ុន្តែ​លោក​បាន​សំណូម​ពរ​ឱ្យគ្រប់​គ្នា​រង់ចាំ​លទ្ធផល​អង្កេត​បន្ថែម​សិន មុន​នឹង​កំណត់​អំពី​ដើម​ហេតុ​នាំ​ឱ្យ​មាន​សោកនាដកម្ម។​ ភាព​ប្រុង​ប្រយ័ត្ន​នេះ បាន​របូត​ចេញពីមាត់​តំណាង​អូតង់​​ប្រចាំ​នៅ​អាហ្វហ្កានីស្ថាន តាំង​ពី​ម្សិលមិញ ដោយ​បាន​អះអាង​ថា ការ​វាយប្រហារ​ផ្លូវ​អាកាស​លើ​ពួក​តាលីបង់ពិត​ជា​អាច​បង្ក​ការ​ខូច​ខាត​ដល់​តំបន់​ជិតខាង​មែន។

ប៉ុន្តែ​សម្រាប់​អង្គការ​សហប្រជាជាតិ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​គ្មាន​បង្អង់​ដែរ បាន​ចាត់​ទុក​ការ​ទម្លាក់​គ្រាប់​បែក​អាមេរិក ថា​មិន​អាច​អត់​ទោស​ឱ្យ​បាន​ទេ ! ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​តុលាការ​ពីបទ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ផង។ នេះ​បើ​តាម​សេចក្តីប្រកាស​​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​។

 
ជា​អ្នក​រងគ្រោះ​ផ្ទាល់ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បាន​សម្តែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ ព្រោះ​ បន្ទាប់​ពី​​បាន​រង​គ្រាប់​ទីមួយ និង​ប្រាប់​ដំណឹង​ដល់​ទាហាន​អាហ្វហ្កានីស្ថាន​និង​អាមេរិក​ហើយ មន្ទីរពេទ្យ​បានបន្ត​​រង​ការ​វាយប្រហារ​រយៈ​ពេល​៤៥នាទី​ទៀត។ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ជា​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​នៅ​គូនឌូស្ស ជាទីរំពឹង​របស់​ជន​ស៊ីវិល​អាហ្វហ្កានីស្ថាន​ បាន​ទាមទារ​​តម្លាភាព និង​បាន​បដិសេធ​មិន​ទទួល​យក​ពាក្យ “ការ​ខូច​ខាត​ប៉ះពាល់​តំបន់​ជិត​ខាង” ជំនួស​​ សោកនាដកម្មជាក់​ស្តែង​នេះទេ។

បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ការ​អង្កេត​នឹង​ផ្ចង់​ទៅ​លើ​តួនាទី​របស់​យន្តហោះ​ចម្បាំង AC-១៣០ ដែល​មាន​បំពាក់​កាណុង​ជា​ច្រើន​ សម្រាប់​ចេញ​ធ្វើ​ប្រតិបត្តិការ​ផ្លូវ​អាកាស​ជា​ជំនួយ​ដល់​ទ័ព​ថ្មើរ​ជើង។ ឧត្តមសេនីយ៍​អាមេរិក​ម្នាក់​នឹង​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​ដល់​ផ្ទាល់​កន្លែង​ក្នុង​ក្រុង​គូនឌូស្ស​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ