អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ភេរវកម្ម​នៅ​អាហ្វហ្កានីស្ថាន​ជា​សញ្ញា​នៃ​ការ​បាក់បែក​ក្នុងជួរ​ឧទ្ទាម​តាលីបង់?

ការវាយប្រហារ​ភេរវកម្ម​​បាន​កើតមាន​ឡើង​ផ្ទួនគ្នា​នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ចាប់តាំង​ពីថ្ងៃ​ព្រហស្បតិ៍ ដោយ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៥១នាក់​ត្រូវ​ស្លាប់ និង​រាប់រយ​នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ មន្រ្តី​អ.ស.ប​ប្រចាំ​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​អះអាង​ថា សកម្មភាព​វាយប្រហារ​ភេរវកម្ម​នេះ ទំនង​ជា​មាន​ជាប់ទាក់ទង​នឹង​ជម្លោះ​ផ្ទៃក្នុង​ក្រុម​ឧទ្ទាម​តាលីបង់ ក្រោយ​ពី​មាន​ដំណឹង​ស្តីពី​ការ​ស្លាប់​របស់​មេដឹកនាំ​ម៉ូឡា​អូម៉ា។

ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​តាលីបង់ កាល​ពីយប់ថ្ងៃ​សុក្រ បាន​ធ្វើឡើង​សំដៅ​ទៅលើ​មូលដ្ឋាន​កងកុម្ម៉ង់ដូ​របស់​អាមេរិក
ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​តាលីបង់ កាល​ពីយប់ថ្ងៃ​សុក្រ បាន​ធ្វើឡើង​សំដៅ​ទៅលើ​មូលដ្ឋាន​កងកុម្ម៉ង់ដូ​របស់​អាមេរិក AFP PHOTO/WAKIL KOHSAR
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហាភេរវកម្ម​ផ្ទួនៗគ្នា កាលពីប៉ុន្មានថ្ងៃ​កន្លងទៅនេះ គឺ​ជា​សកម្មភាព​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​លើក​ដំបូងបង្អស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ចាប់តាំង​ពី​ក្រុម​ឧទ្ទាម​តាលីបង់​ប្រកាស​ឲ្យដឹង​ថា មេដឹកនាំ​របស់​ខ្លួន គឺ​ម៉ូឡា អូម៉ា បាន​ស្លាប់​តាំង​ពី​២ឆ្នាំមុន។

ប្រមុខដឹកនាំ​ស្ថានបេសកកម្ម​អ.ស.ប​ប្រចាំ​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ប្រាប់​ទូរទស្សន៍ BBC នៅថ្ងៃ​សៅរ៍​ថា ការកើនឡើង​នៃ​សកម្មភាព​វាយប្រហារភេរវកម្ម​នៅ​ពេលនេះ ទំនង​ជា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រជែង​ដណ្តើម​អំណាច​គ្នា​នៅ​ក្នុង​ជួរថ្នាក់​ដឹកនាំ​របស់​តាលីបង់។

គួរបញ្ជាក់ថា ក្រោយ​ពី​បាន​ប្រកាស​ទទួលស្គាល់​​អំពី​មរណភាព​របស់​ម៉ូឡា អូម៉ា ក្រុម​ឧទ្ទាម​តាលីបង់​បាន​ប្រកាស​តែងតាំង​ម៉ូឡា ម៉ានសួរ ជា​ប្រមុខដឹកនាំ​ថ្មី។ ក៏ប៉ុន្តែ អ្នក​វិភាគ​ជាច្រើន​​បាន​លើកឡើង​ថា ការតែងតាំង​ម៉ូឡា ម៉ានសួរ​នេះ មិន​បាន​ទទួល​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​នោះទេ ដោយ​ក្រុម​តាលីបង់​មួយក្រុម ដែល​ប្រកាន់គំនិត​ប្រឆាំង​នឹង​ការចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​កាប៊ុល ជំទាស់​នឹង​ការ​តែងតាំង​ម៉ូឡា​ ម៉ានសួរ ដែល​ជា​អ្នក​មាន​ជំហរ​ចង់​ឲ្យ​តាលីបង់​ចរចា​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដើម្បី​បញ្ចប់​សង្រ្គាម។

ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​គិត​ថា សកម្មភាព​វាយប្រហារ​ភេរវកម្ម​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​បង្កឡើង​ដោយ​​​ក្រុម​ប្រឆាំង​នឹង​ម៉ូឡា ម៉ានសួរ ដើម្បី​​បង្កើត​បញ្ហា​អសន្តិសុខ​ ក្នុងគោលដៅ​រារាំង​គម្រោង​​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

ក៏ប៉ុន្តែ អ្នក​វិភាគ​មួយចំនួន​ទៀត​លើកឡើង​ថា គេ​ក៏​មិន​អាច​ច្រានចោល​ទាំងស្រុង​បានដែរ​នូវ​សម្មតិកម្ម​មួយ​ទៀត គឺ​ការ​វាយប្រហារភេរវកម្ម​នេះ​រៀបចំ​ធ្វើឡើង​ដោយ​ក្រុម​របស់​ម៉ូឡា ម៉ានសួរ​ខ្លួនឯងផ្ទាល់​ ក្នុងគោលដៅ​បង្ហាញ​ឲ្យ​គេឯង​ឃើញ​ថា ក្រុម​តាលីបង់​នៅតែ​មាន​កម្លាំង​ខ្លាំង បើទោះបី​ជា​គ្មាន​ម៉ូឡា​អូម៉ា ហើយ​ការ​បង្ហាញ​សាច់ដុំ​នេះ អាច​ជា​យុទ្ធសាស្រ្ត​មួយ នៅ​ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល។

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​វិញ​បាន​លើកឡើង​ថា រដ្ឋាភិបាល​​នៅតែ​ប្រកាន់​​ជំហរ​ចង់​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​តាលីបង់​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្រ្គាម​ ក៏ប៉ុន្តែ រដ្ឋាភិបាលក៏​នឹង​មិន​ទុក​បណ្តោយ​ឲ្យ​មាន​ការ​វាយប្រហារ​ភេរវកម្ម​បែបនេះ ដោយ​គ្មាន​ការ​តបត​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ