អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការ​ទម្លាក់​គ្រាប់​បែក​បរមាណូអាមេរិក​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា ​​ប្រធានបទដ៏​​រសើបនិង​មិន​ចេះ​ចប់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​ក្រោយ​ លោក បារ៉ាក់ អូបាម៉ា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច ជា​ប្រវត្តិសាស្ត្រ និង​ជា​លើក​ទី​មួយ​សម្រាប់​ប្រធានាធិបតី​អាមេរិក នៅ ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ប្រទេស​ជប៉ុន គិត​ចាប់​​សង្គ្រាម​លោក​លើក​ទី​ពីរ​បិទ​បញ្ចប់​ទៅ។ គម្រោង​ទស្សនកិច្ច​នេះ​បាន​បំផុស​ឱ្យ​មាន​ការ​តស៊ូ​មតិ​យ៉ាង​ខ្លាំង ជា​ថ្មី​ឡើង​វិញ លើសេចក្តី​សម្រេច​ចិត្តទម្លាក់​គ្រាប់​បែក​បរមាណូលើ​ប្រទេស​ជប៉ុន ​​របស់​ប្រធានាធិបតី​អាមេរិក​សម័យ​នោះ​ ដែល​អះអាង​ ជា​ជម្រើសដ៏​ចាំបាច់​ ដើម្បី​​បញ្ចប់​សោកនាដកម្ម ?! នេះ​ជា​ប្រធានបទ​ដ៏រសើបមួយ​អាមេរិក និង​ទំនង​ជា​បន្ត​អន្ទោល​តាម​ប្រាណ​សហរដ្ឋ​យូរ​ទៀត។

ប្រធានាធិបតី​អាមេរិក​ Barack Obama នឹង​ទៅ​ហ៊ីរ៉ូស្ហ៊ីម៉ា នៅ​ថ្ងៃទី ២៧ ឧសភា
ប្រធានាធិបតី​អាមេរិក​ Barack Obama នឹង​ទៅ​ហ៊ីរ៉ូស្ហ៊ីម៉ា នៅ​ថ្ងៃទី ២៧ ឧសភា REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​១៩៤៥ ថ្ងៃ​ទី ២៥​មេសា ១៣​ថ្ងៃក្រោយ​មរណភាព​របស់​លោក ហ្វ្រង់ក្លាំង​ រ៉ូស្វែល អាមេរិក​មាន​ប្រធានាធិបតី​​ឈ្មោះ​ថា ហារី ទ្រូម៉ាន់ Harry Truman។ ក្នុង​នាម​ជា​អគ្គមេបញ្ជាការកងទ័ព​​ថ្មី លោកបាន​ទទួល​ដឹង​ព័ត៌មានដ៏​សម្ងាត់​មួយ ដែល​បាន​ប្រែក្រឡាស់​ប្រវត្តិសាស្ត្រ។ ​“​នៅ​បួន​ខែ​ទៀត អាមេរិក​ទំនង​ជា​នឹង​មាន​អាវុធ​ប្រល័យលោក​ដ៏​សាហាវ​បំផុត​មួយ ក្នុង​ប្រវត្តិ​មនុស្សជាតិ នោះ​គឺ​គ្រាប់​បែក​ដែល​អាច​កម្ទេច​ក្រុង​មួយ​ទាំងមូល​តែ​ម្តង!”។ នេះ​ជា​កំណត់​ហេតុ​ដ៏​ខ្លី​និង​សម្ងាត់ ដែល​អ្នក​ទទួល​បន្ទុក​សង្គ្រាម ប្រគល់​ជូន​ប្រធានាធិបតី។

ព័ត៌មាន​សម្ងាត់​ស្តីពី​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ ឬ​គម្រោង​​ម៉ាណាតាន់ ដែល​សូម្បី​កាលនៅ​ជា​អនុប្រធានាធិបតី​​ក៏​​​មិន​ត្រូវ​ឱ្យ​ដឹងដែរ។ បួន​ខែ​ក្រោយ នៅ​ថ្ងៃ​ទី ៦ និង​៩ សីហា គ្រាប់​បែប​បរមាណូ​ពីរ​​ត្រូវ​បាន​យក​ទៅ​ទម្លាក់​លើ​ក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាវ៉ាហ្សាគី សម្លាប់​មនុស្ស​អស់​ជាង ២១៤០០០​នាក់ និង​បាន​រុញ​ច្រាន​ឱ្យ​ជប៉ុន​ចុះ​ចាញ់​សង្គ្រាម។ ប៉ុន្តែ​ដំណើរ​ដើមហេតុ​ដែល​ជំរុញ​ឱ្យ​ប្រធានាធិបតីអាមេរិក​ ទ្រូម៉ាន់ ​ចេញ​បញ្ជា​ឱ្យ​ទម្លាក់​គ្រាប់​បែក​ នៅ​តែ​ជា​ប្រធានបទ​តស៊ូ​មតិ​យ៉ាង​ពុះ​កញ្ជ្រោល​និង​រសើប​បំផុត​ជា​និច្ច ! ហេតុ​អ្វី ?

 
នៅ​សហរដ្ឋ​អាមេរិក មាន​សំឡេង​ព្រួយ​បារម្ភ​ខ្លះ ​បាន​លាន់​ឡើង ខ្លាច​ក្រែង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា នៅ​សប្តាហ៍​ក្រោយ​ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា ជា​ទម្រង់​មួយ​នៃ​ការ​ “សុំទោស”។ ក្រុម​នេះ ​បាន​អំពាវនាវ​ឱ្យ​លោក​ប្រធានាធិបតី​កុំ​ធ្វើ​ឱ្យ​ជ្រុល និង​យល់​ថាលោក​អូបាម៉ា​គួរ​តែ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រលឹង​អតីត​ប្រធានាធិបតី​ដែល​បាន​បញ្ចេញ​ស្នាដៃ​បិទ​បញ្ចប់​សង្គ្រាម​លោក​ដ៏​គួរ​ឱ្យខ្លាច​រអា។

សម្រាប់​អ្នក​គាំទ្រ​ អាមេរិក​ពេល​នោះ​គ្មាន​ជម្រើស​ច្រើន​ទេ ! នៅ​ដើម​ខែ​វស្សា​ឆ្នាំ​១៩៤៥ ​ពេល​​អ៊ីត្លែចាញ់​ សង្គ្រាម​នៅ​អឺរ៉ុប​ចប់ តំបន់​ប៉ាស៊ីហ្វិក​វឹកវរ​អន្តរាយយ៉ាង​ខ្លាំង ទោះ​បាត់​បង់​ជីវិតទាហាន​ច្រើន​ និង​បរាជ័យ​ជា​បន្តបន្ទាប់​ច្រើន​ឡើងៗ​ក្តី តែ​គ្មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ថា​ជប៉ុន​ព្រម​ចុះ​ចាញ់​​ឡើយ ... ​ដើម្បីទប់ទល់​ការ​រុករាន​ឈ្លានពាន​​របស់​ទ័ព​ថ្មើរ​ជើង​ជប៉ុន គឺ​មាន​តែ​ប្រើ​គ្រាប់​បែក​បរមាណូ បើ​ពុំ​នោះ​ទេ​អាមេរិក​ត្រូវធ្វើ​​​ប្រតិបត្តិការ​មួយ​ដែល​មាន​កម្លាំង​ទាហាន​យ៉ាង​តិច​១​លាន​នាក់ អ្នក​រងគ្រោះ​ប្រមាណ​២៥ម៉ឺន​នាក់ និង​មាន​រយៈពេល​ យ៉ាងហោច​​មួយ​ឆ្នាំ។

គិត​ត្រឹម​ណេះ ជម្រើស​របស់​ប្រធានាធិបតី​ទ្រូម៉ាន់ ជា​សេចក្តី​សម្រេច​ចិត្ត​ចាំបាច់ ! តែ​ក៏​មានសំឡេង​​​ឧត្តមសេនីយ៍​ម្នាក់ប្រឆាំង។ ឧត្តមសេនីយ៍​នោះ​ ​ក្រោយ​មក​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី ៣៤ និង​បាន​សរសេរ​​រំលឹក​អំពី​ភាព​សង្ស័យ​លើ​ជម្រើស​ទម្លាក់​គ្រាប់​បែក​លើ​ជប៉ុន។

ប៉ុន្តែ​គ្មាន​ឯកសារ​ឬ​កត្តា​ជាក់​ស្តែង​ណា​មួយ បញ្ជាក់​ថា​លោក​ ទ្រូម៉ាន់ ចង់​សម្រេច​លទ្ធផល នៃ​គម្រោង​​​ការងារ​សម្ងាត់​រាប់​សិប​ឆ្នាំ តម្លៃ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​​របស់​ប្រធានាធិបតីរៀម​ច្បង​មុន និងចង់​បង្ហាញ​មហិទ្ធិរិទ្ធិ​នៃ​​​គ្រាប់​បែក​បរមាណូ​ ព្រម​ទាំង​​ការ​ប្រកួត​ប្រជែង​នុយក្លេអ៊ែរដែល​​អាច​បន្ត​ដុះដាល​​រាប់​ទសវត្សរ៍​ក្រោយ​មក​ទៀត​យ៉ាង​ដូច្នេះទេ។

សម័យ​នោះ ថ្នាក់​ដឹកនាំ​អាមេរិក ដែលបាន​​ជជែក​ពិភាក្សា​គ្នា ប្រកប​ដោយ​ជំនក់​ចិត្ត​ផង​ពេល​ខ្លះ គឺ​លើតែ​​ចំណោទ​មួយ​ចំនួន​ដូច តើ​គេ​ត្រូវ​ប្រើ​គ្រាប់​បែក​នុយក្លេអ៊ែរ នៅ​ទីណា ? ពេល​ណា ? និង​យ៉ាង​ដូចម្តេច ? លើ​អាល្លឺម៉ង់ ឬ​លើ​ជប៉ុន ? ដោយ​ត្រូវ​ដៅ​លើ​ចំណុច​​​មួយ​ណា ? ហើយ​ត្រូវ​ព្រមាន​ប្រាប់​ជា​មុន​ឬ​ ​អត់ ?

ក្រោយ​ការ​ចុះ​ចាញ់​របស់​ជប៉ុន លោក​ប្រធានាធិបតី​អាមេរិក ទ្រូម៉ាន់ បានត្រលប់​មក​បក​ស្រាយ​​អំពី​គម្រោង​អភិវឌ្ឍន៍​គ្រាប់​បែក​នុយក្លេអ៊ែរ​នេះ​យ៉ាង​​វែង​អន្លាយ ប៉ុន្តែ​និយាយ​តិច​បំផុត​អំពី​ផលវិបាក និង​ជន​រងគ្រោះ​ស៊ីវិល។ ក្រោយ​មក​ពី​រ​បី​ថ្ងៃទៀត លោក​បាននិយាយ​អំពី​ក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ដោយ​​ចាត់​ទុក​​ថា​ជា​មូលដ្ឋាន​ទ័ព​​មួយ។ សំដី​មួយ​ឃ្លា​​នេះ​បានបំផុស​​ឱ្យ​មាន​សំណួរ​ជា​ច្រើន​ថា តើ​អតីត​ប្រធានាធិបតី​អាមេរិក​មាន​ដឹង​ខ្លួន​​​អំពី​មហន្តរាយ​ដែល​បង្ក​ឡើង​គ្រាប់​បែក​ប្រល័យ​លោក​មួយ​នេះ​ឬអត់។

សម្រាប់​ពេល​បច្ចុប្បន្ន​នេះ សេតវិមាន​ បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ប្រធានាធិបតី​ អូបាម៉ា នឹង​មិន​ចូ​​លរួម​ចំណែក​​បញ្ចេញមតិ​យោបល់​អ្វី​ជាមួយ​អ្នក​​ប្រវត្តិសាស្ត្រមួយ​​ទេ លោក​ប្រាថ្នា​តែ​ម្យ៉ាង​គឺ​ផ្តល់​ទស្សនៈ​វិស័យ​អាមេរិក​សម្រាប់​ទៅ​អនាគត។ ឆ្លើយ​នឹង​សំណួរ​ថា តើ​​លោក​អូបាម៉ា ត្រូវ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដូច​ទ្រូម៉ាន់​ដែរ​ឬយ៉ាង​ណា បើស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាក់​ស្តែង​​ឆ្នាំ​១៩៤៥ ? វាពិត​ពិបាកថា​ណាស់ ព្រោះ​យើង​មិន​មែនលោក​ទ្រូម៉ាន់ និងមិន​នៅ​ក្នុង​ស្ថានការណ៍​ជាក់​ស្តែង។ ប៉ុន្តែ​​លោកអូបាម៉ា ​យល់​ថា ប្រធានាធិបតី​ទ្រូម៉ាន់ បាន​ធ្វើ​ការ​សម្រេចចិត្ត​ប្រកប​ដោយ​ហេតុផល។ ហេតុផល​ដែល​ផ្អែក​លើ​សន្តិសុខ​សហរដ្ឋ​អាមេរិក និង​ភាព​ចាំបាច់​ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​ដ៏​ឃោរឃៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ