អានតួអត្ថបទ
អាមេរិក-ជប៉ុ​ន

លោកអូបាម៉ា​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា

មន្រ្តី​អ្នក​នាំពាក្យ​សេតវិមាន​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​អង្គារ​ថា ​លោក​អូបាម៉ា នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​មួយ​ ទៅកាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ប្រទេស​ជប៉ុន នៅ​ចុងខែឧសភា​ខាងមុខ​​នេះ។ លោក​អូបាម៉ា​នឹង​ក្លាយ​ទៅជា​ប្រធានាធិបតី​អាមេរិក​លើកដំបូង​បង្អស់ ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​​ដែល​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ កាល​ពី​ចុង​សង្រ្គាម​លោក​លើកទី២។

ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ដែល​រង​ការ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិក កាល​ពី​ចុងសង្រ្គាម​លោកលើកទី២
ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ដែល​រង​ការ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិក កាល​ពី​ចុងសង្រ្គាម​លោកលើកទី២ Reuters
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា​ទៅកាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា គឺ​ជា​​ផ្នែក​មួយ​នៃ​ដំណើរទស្សនកិច្ច​​របស់​លោក​នៅ​ក្នុង​តំបន់​អាស៊ី ក្នុង​ចន្លោះ ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី២៨​ខែ​ឧសភា ដោយ​លោក​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម និង​ទៅ​ចូលរួម​ក្នុង​ជំនួបកំពូល​ក្រុម​ប្រទេស G7 នៅ​ក្នុង​ប្រទេស​ជប៉ុន។

យោងតាម​មន្រ្តី​អ្នក​នាំពាក្យ​សេតវិមាន លោក​អូបាម៉ា អមដំណើរ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ នឹង​ធ្វើ​ដំណើរទៅកាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា នៅថ្ងៃ​ទី​២៧​ឧសភា “ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​លោក​ក្នុង​ការ​បន្ត​​នូវ​ចក្ខុវិស័យ ដែល​ចង់ឃើញ​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ”។ ចក្ខុវិស័យ​ដែល​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ នៅ​ក្នុង​សុន្ទរកថា នៅ​ទីក្រុងប្រាក សាធារណរដ្ឋ​ឆែក កាល​ពី​ឆ្នាំ​២០០៩ ហើយ​ដែល​នាំ​ឲ្យ​លោក​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព។

ទោះជាយ៉ាងណា លោក​អូបាម៉ា​នឹង​មិន​ធ្វើការ​សុំទោស ឬ​ក៏​បង្ហាញ​នូវ​ការ​សោកស្តាយ​ណាមួយ ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​នេះ​ទេ។ នេះ​បើយោងតាម​ការ​ឲ្យដឹង​របស់​ទីប្រឹក្សា​រង​ខាងផ្នែក​សន្តិសុខ​ជាតិ​នៃ​សេតវិមាន។

គួរបញ្ជាក់ថា តាំង​ពី​ដើម​រៀងមក សហរដ្ឋ​អាមេរិក​តែងតែ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​ជំហរ​មួយ​ថា ការ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី គឺ​ជា​រឿងចាំបាច់ ដើម្បី​បញ្ចប់​សង្រ្គាម​លោក​លើកទី២។ ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២​មក គេ​ក៏​មិនដែល​ឃើញ​មាន​ប្រធានាធិបតី​អាមេរិក​ណាមួយ ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ដែល​រង​ការ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​នេះ​ដែរ។

គេ​នៅចាំបាន​ថា លោក​ជីមី ការទ័រ ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​នេះ​ម្តង កាលពីឆ្នាំ​១៩៨៤ ក៏ប៉ុន្តែ នៅ​ពេលនោះ លោក​បាន​ចាកចេញ​ពី​តំណែង​ប្រធានាធិបតី​អាមេរិក​រួចទៅហើយ។ ដូច្នេះ លោក​អូបាម៉ា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​លើកដំបូង​បង្អស់​ ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២ ដែល​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា នៅ​ក្នុង​ពេល​កំពុង​កាន់​តំណែង។

ពី​ទីក្រុង​តូក្យូ លោក​ស្ហ៊ីនហ្សូ អាបេ បាន​ប្រកាស​ស្វាគមន៍ សេចក្តីសម្រេច​របស់​លោក​អូបាម៉ា ដោយ​បាន​បញ្ជាក់ថា ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ទៅកាន់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​នេះ​មាន​អត្ថន័យ​សំខាន់​ខ្លាំងណាស់ ហើយ​វាគឺ​ជា​ឱកាសមួយ សម្រាប់​ជប៉ុន ក៏ដូចជា​សម្រាប់​អាមេរិក ក្នុងការ​រំឭក​​​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ទាំងអស់ ដែលបាត់បង់​ជីវិត​​នៅ​ក្នុង​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ