អានតួអត្ថបទ
កូរ៉េខាងត្បូង-កូរ៉េខាងជើង-អង់គ្លេស

ឯកអគ្គរដ្ឋទូតរង​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​អង់គ្លេស​បាន​ផ្តាច់​ខ្លួន​ទៅ​ជ្រកកោណ​នៅ​កូរ៉េខាងត្បូង

បន្ទាប់​ពី​មាន​ការ​ទម្លាយ​ដោយ​បណ្តាញ​សារព័ត៌មាន​ជា​ច្រើន​មក រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​នា​ថ្ងៃ​ពុធ ទី១៧ សីហា​ថា ឯកអគ្គរដ្ឋទូតរង​កូរ៉េខាងជើង​ប្រចាំ​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​លោក Thae Yong-Ho និង​ក្រុមគ្រួសារ​ពិត​ជា​បាន​រត់​ទៅ​ជ្រកកោណ​នៅ​កូរ៉េខាងត្បូង​មែន។ ទង្វើ​ផ្តាច់ខ្លួន​របស់​មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង​ទៅ​ជ្រកកោណ​នៅ​កូរ៉េខាត្បូង​មិនមែន​ជា​លើកទី១ និង​ក៏​ប្រហែល​មិន​មែន​ជា​លើក​ចុង​ក្រោយ​ដែរ។

លោក Thae Yong-Ho ​ឯកអគ្គរដ្ឋទូតរង​កូរ៉េខាងជើង​ប្រចាំ​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស
លោក Thae Yong-Ho ​ឯកអគ្គរដ្ឋទូតរង​កូរ៉េខាងជើង​ប្រចាំ​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស Reuters
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​ដោយ​លោក Jeong Joon-Hee អ្នកនាំ​ពាក្យ​របស់​ក្រសួង​បង្រួបបង្រួម​កូរ៉េ​នៅ​កូរ៉េខាងត្បូង។ លោក Joon-Hee បាន​បញ្ជាក់​ថា​ពេល​នេះ លោក Thae Yong-Ho រួម​ទាំង​ភរិយា និង​កូនប្រុស​របស់​លោក​កំពុង​ស្ថិត​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ដោយ​សុវត្ថិភាព ព្រម​ទាំង​ទទួល​បាន​ការ​ការពារ​យ៉ាង​យក​ចិត្ត​ដាក់​ពី​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ផង។ ក៏​ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​រូប​នេះ​ដដែល​បាន​បដិសេធ​មិន​បញ្ជាក់​ទេ ពី​ទីកន្លែង​ដែល​ក្រុម​គ្រួសារ​លោក Ho កំពុង​ស្នាក់នៅ និង​ពី​ឈ្មោះ​ប្រទេស​ដែល​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​លោក Ho ឆ្លង​កាត់​មុន​នឹង​ទៅ​ដល់​ទឹកដី​កូរ៉េខាងត្បូង។ ការ​លាក់​ព័ត៌មាន​ទាំង​អស់​នេះ គឺ​ដើម្បី​បញ្ជៀស​ការ​សងសឹក​ពី​រដ្ឋាភិបាល​កូរ៉េខាងជើង។

ដោយឡែក លោក Hee បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​រត់​របស់​លោក Ho ដែល​ស្អប់ខ្ពើម​ការ​ដឹកនាំ​របស់​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​ការ​ចង់​បាន​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កូរ៉េខាងត្បូង រួម​ទាំង​ចង់​ផ្តល់​អនាគត​ល្អ​ឲ្យ​គ្រួសារ​ផង។ សូម​ជម្រាប​ជូន​ថា ការ​ផ្តាច់ខ្លួន​របស់​ពលរដ្ឋ​កូរ៉េខាងជើង​ទៅ​ជ្រកកោណ​នៅ​កូរ៉េខាងត្បូង​មិនមែន​ជា​រឿង​ថ្មី និង​ឧស្សាហ៍​កើត​មាន​ញឹកញាប់​ណាស់ តែ​ការ​ផ្តាច់​ខ្លួន​របស់​មន្រ្តីទូត​ជាន់ខ្ពស់​ដូច​ករណី​លោក Ho ជា​រឿង​ដែល​គេ​កម្រ​ឃើញ​មាន​ណាស់។

ជីវិត​ថ្មី​របស់​ពលរដ្ឋ​កូរ៉េខាងជើង​គ្រប់​រូប​ដែល​រត់​ទៅ​កូរ៉េខាងត្បូង​នឹង​ត្រូវ​ចាប់​ផ្តើម​ដោយ​កម្មវិធី​សួរ​ចម្លើយ​ពី​ភ្នាក់ងារ​សម្ងាត់​កូរ៉េខាងត្បូង​ដើម្បី​ចង់​ដឹង​ថា តើ​អ្នក​រត់​គេច​ខ្លួន​ទាំង​នោះ​ពិត​ជា​មនុស្ស​ចង់​ស្វែង​រក​សេរីភាព និង​អនាគត​ថ្មី​មែន ឬ​មួយ​ជា​គេញសម្ងាត់​បញ្ជូន​ដោយ​របប​កូរ៉េខាងជើង។ បន្ទាប់​មក​ក្នុង​រយៈពេល ៣ខែ ពួក​គេ​នឹង​ត្រូវ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បញ្ជូន​ឲ្យ​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​រដ្ឋ និង​ទទួល​ការ​រៀនសូត្រ​ពី​របៀបរបប​រស់នៅ​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង របៀប​ជិះ​រថភ្លើង​ក្រោមដី រៀន​ប្រើ​ទូរស័ព្ទដៃ ឬ​មួយ​ក៏​រៀន​ពី​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ