កូរ៉េខាងត្បូងប្រាប់គ្រប់ស្ថានទូតបរទេសពីការដែលកូរ៉េខាងជើងអាចចាប់ពលរដ្ឋកូរ៉េខាងត្បូងជាចំណាប់ខ្មាំង
កូរ៉េខាងត្បូងនៅថ្ងៃចន្ទ២ឧសភានេះ បានប្រាប់ដល់ស្ថានទូតទាំងអស់របស់ខ្លួននៅបរទេស ពីការដែលកូរ៉េខាងជើង អាចនឹងចាប់ពលរដ្ឋកូរ៉េខាងត្បូងធ្វើជាចំណាប់ខ្មាំង ដើម្បីជាការសងសឹក បន្ទាប់ពីពលរដ្ឋកូរ៉េខាងជើងមួយក្រុមបានរត់ចូលក្នុងទឹកដីកូរ៉េខាងត្បូងនាពេលថ្មីៗកន្លងទៅនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៤
ពលរដ្ឋកូរ៉េខាងជើងចំនួន១២នាក់ដែលធ្វើការនៅក្នុងភោជនីយដ្ឋានកូរ៉េខាងជើងមួយនៅប្រទេសចិនព្រមទាំងមេចាត់ការម្នាក់ផង បាននាំគ្នារត់ចេញពីប្រទេសចិននិងទៅដល់កូរ៉េខាងត្បូងតាំងពីដើមខែមេសា។ យោងតាមសេអ៊ូល” ប្រជាជនកូរ៉េខាងជើងទាំងអស់នោះ បានចូលមកដល់ទឹកដីកូរ៉េខាងត្បូងដោយស្ម័គ្រចិត្ត។ តែទីក្រុងព្យុងយ៉ាងវិញ បានអះអាងថា” ពលរដ្ឋកូរ៉េខាងជើងទាំងនោះ បានត្រូវចាញ់បោកក្រុមស៊ើបការកូរ៉េខាងត្បូងនិងបានត្រូវចាប់ខ្លួនយកទៅកូរ៉េខាងត្បូង។
នៅថ្ងៃនេះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការអន្តរៈកូរ៉េ បានអំពាវនាវដល់ពលរដ្ឋខ្លួនទាំងអស់នៅក្រៅប្រទេសឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ មិនតែប៉ុណ្ណោះ ទីក្រុងសេអ៊ូល មានការបារម្ភខ្លាំងពីការចាប់ជនជាតិកូរ៉េខាងត្បូងជាចំណាប់ខ្មាំងឬក៏អំពើភេរវកម្មដែលធ្វើឡើងដោយកូរ៉េខាងជើង។ក៏ប៉ុន្តែ កូរ៉េខាងត្បូងនៅតែខិតខំព្យាយាមជានិច្ច ថានឹងធានាឲ្យបាននូវសុវត្ថិភាពរបស់ពលរដ្ឋខ្លួននៅឯបរទេស។
ម្យ៉ាងទៀត យោងតាមកាសែតមួយផ្លូវការមួយរបស់កូរ៉េខាងត្បូង” ទីក្រុង Pyongyan មានគម្រោងការណ៍ចាប់ខ្លួនអាណិកជនជាតិកូរ៉េខាងត្បូង ដើម្បីសងសឹកវិញក្រោយពីពលរដ្ឋកូរ៉េខាងជើង១៣នាក់ បានរត់ចោលស្រុកដើម្បីចូលកូរ៉េខាងត្បូង។ កាសែតដដែលនេះ បានគូសបញ្ជាក់ទៀតថា “គោលដៅរបស់កូរ៉េខាងជើង គឺការចាប់ខ្លួនអាណិកជនកូរ៉េខាងត្បូងឲ្យបានចំនួន១២០នាក់ ដែលប្រកបមុខងារជាទាហាន មន្ត្រីរដ្ឋការនឹងអ្នកធ្វើការនៅបរទេសជាដើម។
គួររំលឹកថា ពលរដ្ឋកូរ៉េខាងជើងជិត៣ម៉ឺននាក់ បានរត់ចោលស្រុកដោយសារភាពក្រីក្រអត់ឃ្លានដើម្បីចូលទៅក្នុងកូរ៉េខាងត្បូងដែលជាស្រុកសម្បូណ៌សប្បាយរុងរឿង។ .ក៏ប៉ុន្តែការរត់ចុះចូលរបស់មនុស្សទាំងក្រុមដូចនេះ គឺជាការកម្រណាស់ ជាពិសេសពីសំណាក់បុគ្គលិកបំរើការនៅក្នុងភោជនីយដ្ឋាននានារបស់ព្យុងយ៉ាងនៅឯបរទេស។ ក្រុមគ្រួសារកូរ៉េខាងជើងដែលធ្វើការនៅឯបរទេស គឺសុទ្ធសឹងតែជាបុគ្គលដែលត្រូវបានរបបកុម្មុយនិស្តសំរិតសំរាំងនិងក៏ជាមនុស្សដែលរបបព្យុងយ៉ាងវិនិច្ឆ័យថាមានភាពស្មោះត្រង់ចំពោះខ្លួន។
គួររំលឹកថាការចាប់ពង្រត់មនុស្សគឺមិនមែនជាការចម្លែកទេសំរាប់កូរ៉េខាងជើង។ ដូចយ៉ាងនៅអំឡុងឆ្នាំ ១៩៧៨ ខ្មោចអតីតប្រធានាធិបតីកូរ៉េខាងជើង លោក គឹម ជុនអ៊ីល ក៏ធ្លាប់បញ្ជារឲ្យមានការចាប់ខ្លួនសម្មិទ្ធិករខ្សែភាពយន្តកូរ៉េខាងត្បូងដ៏ល្បីល្បាញម្នាក់ជាមួយនឹងភរិយានៅហុងកុងដើម្បីឲ្យប្តីប្រពន្ធនេះ ទៅថតកុននៅកូរ៉េខាងជើងវិញ។ គូស្វាមីនិងភរិយាជនជាតិកូរ៉េខាងត្បូងនេះ បានសម្រេចរត់រួចចេញពីកូរ៉េខាងជើងបាននៅឆ្នាំ១៩៩៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ