អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របបសឹក​ថៃ លើកពេល​បោះឆ្នោតសភា ទៅ​ឆ្នាំ ២០១៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧបនាយករដ្ឋមន្រ្តី​ថៃ លោក​វីសានុ គ្រា ង៉ាម បាន​អះអាង​ប្រាប់​អ្នកកាសែត នៅថ្ងៃ​ពុធ​ម្សិលមិញ​ថា ការបោះឆ្នោត​សភា​នឹង​ត្រូវ​លើក​ពេល​ទៅ​ធ្វើ នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៨។ ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត នៅ​ឆ្នាំ ២០១៤ របបសឹក​បាន​លើក​ពេល ម្តងហើយ ម្តងទៀត ការបោះឆ្នោត​សភា ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ថៃ ត្រលប់​មក​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល ក្រោយ​ការគ្រប់គ្រង​របស់​របបយោធា ជាង ៤​ឆ្នាំ។ 

លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់ អូចា
លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់ អូចា © REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

ឧបនាយករដ្ឋមន្រ្តី​ថៃ នៅថ្ងៃ​ម្សិលមិញ បាន​ប្រកាស​លើកពេល​ការបោះឆ្នោត​ជាតិ ទៅ​ឆ្នាំក្រោយ ឆ្នាំ ២០១៨។ ឧបនាយករដ្ឋមន្រ្តី លោក​លោក​វីសានុ គ្រា ង៉ាម​ដែល​ជា​អ្នកប្រកាស​ដំណឹងនេះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យរដ្ឋាភិបាល​ត្រូវ​លើក​ពេល​បោះឆ្នោត ទៅ​ឆ្នាំ​ក្រោយ​នោះទេ។

 
រដ្ឋាភិបាល និង​ប្រជាជន​ថៃ កំពុង​កាន់ទុក្ខ រយៈពេល ១ឆ្នាំ សម្រាប់​ព្រះចៅ​ភូមិបុល ដែល​បាន​ចូល​ទីវង្គត នៅ​ខែ​តុលា ឆ្នាំ ២០១៦។ រដ្ឋាភិបាល​ថៃ កំពុង​ជាប់​រវល់​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​សព ដែល​នឹង​អាច​ប្រព្រឹត្ត​ទៅ នៅ​ខែ​តុលា​ឆ្នាំនេះ ពោល​គឺ​មួយឆ្នាំ ក្រោយ​ការចូល​ទីវង្គត​របស់​ស្តេចថៃ។ ចំណែក​ព្រះរាជ​ពិធី​ឡើង​គ្រងរាជ្យ​សម្បត្តិ ជា​ផ្លូវការ របស់​ ព្រះមហាក្សត្រ​ថ្មី​របស់​ថៃ គឺ​ព្រះបាទ មហាវជ្ជរ៉ាឡុងកន នឹង​ត្រូវ​ធ្វើ​នៅក្រោយ​ពិធី​បុណ្យ​សព ទៅទៀត។ ដូច្នេះ ការបោះឆ្នោត​ទំនងជា​នឹង​មិនអាច​រៀបចំធ្វើ នៅក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជាប់​រវល់ មាន​ព្រះរាជពិធី​សំខាន់​ពីរ​ខាងលើ​នេះ​ទេ។ គណបក្ស​នយោបាយ ដូចជា​គណបក្ស​ភឿថៃ និង​គណបក្ស​ប្រជាធិបតេយ្យ​របស់​អតីត​នាយករដ្ឋមន្រ្តី អាភីស៊ីត វីចាជីវ៉ា បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្ត​របស់​ថៃ ថា គេ​នឹង​មិន​ជំទាស់ នឹង​ការសម្រេច​របស់​របបសឹកទេ បើសិន​ហេតុផល​មាន​ជាប់ទាក់ទង​នឹងព្រះរាជ​ពិធី​ខាងលើ។
 

ព្រះបាទ​មហាវជ្ជរ៉ាឡុងកន នៅពេល​ព្រះអង្គ​ទទួល​ធ្វើ​ជា​ព្រះមហាក្សត្រ​នៅថ្ងៃទី ១​ធ្នូ ២០១៦
ព្រះបាទ​មហាវជ្ជរ៉ាឡុងកន នៅពេល​ព្រះអង្គ​ទទួល​ធ្វើ​ជា​ព្រះមហាក្សត្រ​នៅថ្ងៃទី ១​ធ្នូ ២០១៦ Thailand Royal Household Bureau/Handout via REUTERS.

ហេតុផល​មួយទៀត ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​លើកពេល​បោះឆ្នោត នោះ​គឺ​ច្បាប់​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី ដែល​កំពុង​នៅ​ជាប់គាំង នៅឡើយ នៅ​ព្រះរាជវាំង។ សូមបញ្ជាក់ថា គេ​អាច​រៀបចំ​ការបោះឆ្នោត​បាន លុះណា​តែ​រដ្ឋធម្មនុញ្ញ​ត្រូវ​ឡាយ​ព្រះហស្តឡេខា ចុងក្រោយ​ដោយ​ព្រះមហាក្សត្រ។ ប៉ុន្តែ រហូត មកដល់​ពេលនេះ រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី ដែល ត្រូវ​បាន​សរសេរ​ឡើង ដោ​យ​របបសឹក និង​ដែល​បាន​គាំទ្រ​រួចហើយ ដោយ​ការបោះឆ្នោត​ប្រជាមតិ កាលពី​ខែ​សីហា​ឆ្នាំ មុន នៅ​មិនទាន់​បាន​ទទួល​ព្រះហស្តលេខា​របស់​ព្រះបាទ​មហាវិជ្ជរ៉ាឡុងកន​នៅឡើយទេ។

នៅ​ថ្ងៃទី ១០ ខែ​មករា ពោល​គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយយ​រដ្ឋាភិបាល បញ្ជាក់​ធានា​អះអាង ការរៀបចំ​ការបោះឆ្នោត នៅ​ឆ្នាំ ២០១៧ លោក​ប្រាយុទ្ធ ចាន់អូចា បាន​និយាយថា ព្រះមហាក្សត្រ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិភាក្សា កែប្រែ ឡើងវិញ ចំណុចមួយ​ចំនួន ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​មាន​ជាប់​ទាក់ទង​នឹងអំណាច​របស់​ព្រះមហាក្សត្រ។

សូម​រំលឹកថា ចាប់តាំង​ពី​ការលុបបំបាត់​អំណាច​ផ្តាច់ការ​របស់​ព្រះមហាក្សត្រថៃ នៅ​ឆ្នាំ ១៩៣២ ព្រះមហាក្សត្រ​ថៃ មាន​អំណាច​អាស្រ័យ​លើ​រដ្ឋធម្មនុញ្ញ​តែប៉ុណ្ណោះ។ ប៉ុន្តែ ទោះ​ជា​គ្មាន​អំណាច​ផ្តាច់មុខ​ដូចមុន ព្រះរាជវាំង​ថៃ ដែល មាន​ទ្រព្យសម្បត្តិ​មហាសាល មាន​ឥទ្ធិពល​ខ្លាំង​លើ​យោធា។ អន្តរាគមន៍ ចេញមុខ របស់​ព្រះមហាក្សត្រ ក្នុង​ការសម្រេច​ចិត្ត​នយោបាយ​បែបនេះ គឺ​ជារឿង​កម្រមួយ ទោះបី​ជា​គេ​ដឹងថា ព្រះរាជវាំង ជាទូទៅ ជា​អ្នកនៅពីក្រោយ​ការសម្រេចចិត្ត​ធំៗ នៅ​ប្រទេស​ថៃ​ក៏​ដោយ។
 
មន្រ្តី​ជាន់ខ្ពស់​របស់​របបសឹក ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត ថា គឺមាត្រា ទី ៥ ទី ១៧ និង​ទី ១៨២ ដែល​ព្រះបាទ​វជ្ជរ៉ាឡុងកន​ទាមទារ​ឲ្យ​កែតម្រូវ ព្រោះ​មាត្រា​ទាំង​នោះ មាន​ចែង​ប៉ះពាល់​ដល់​អំណាច​របស់​ព្រះមហាក្សត្រ ព្រះបាទ​មហាវជ្ជរ៉ាឡុងកន​ផ្ទាល់។ មាត្រា​ទី ៥ និង​ទី ១៧ មាន​និយាយ​ពី​និតិវិធី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ នៅក្នុង​ពេល​ប្រទេស​ត្រូវ​ជាប់គាំង​ដោយ​វិបត្តិ​នយោបាយ។ ជាពិសេស គឺ​នៅពេល​រដ្ឋាភិបាល​ត្រូវ​ជ្រើសរើស​អ្នកតំណាង​ព្រះរាជវាំង នៅពេល​ព្រះមហាក្សត្រ ទ្រង់អវត្តមាន។ ចំណែក​មាត្រា ទី ១៨២ ដែល​ព្រះមហាក្សត្រ​ចង់​ឲ្យ​កែប្រែ​ឡើងវិញ មាន​និយាយ​ថា ​រាល់​ច្បាប់ ហើយ​និង​ក្រឹត្យព្រះរាជវាំង​ដែល​ទាក់ទង​នឹង​ប្រទេសជាតិ ត្រូវ​តែ​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល។

តើវា​ច្បាស់​ទេ ដែល​ការបោះឆ្នោត​ជាតិ​ថៃ នឹង​អាច​រៀបចំ​នៅ​ឆ្នាំ ២០១៨មែន?
ឧបនាយករដ្ឋមន្រ្តី​ថៃ នៅ​ថ្ងៃ​ពុធម្សិលមិញ បាន​និយាយ​បើកទូលាយ​ពី​ថ្ងៃ​ខែ​ពិតប្រាកដ ដែល​គេ​ត្រូវ​រៀបចំ ការបោះឆ្នោត​សភា​ថៃ។ នៅ​ដើម​ឆ្នាំ​២០១៧ របបសឹក​បាន​និយាយ​ផ្ទុយ​ពី​សភា ដោយ​ថា នឹង​រៀបចំ​ការបោះឆ្នោត ឲ្យ​ខាងតែ​បាន នៅ​ឆ្នាំ ២០១៧ ទៅតាម​ការគ្រោងទុក តាម​ការសន្យា​របស់ខ្លួន។ ប៉ុន្តែ នៅ​មួយខែ​ក្រោយ របបសឹក​បាន​ប្រកាស​លើកពេល​ទៅវិញ។ ចាប់តាំង​ពី​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត នេះ​ជា​លើកទី ៣ ដែល​របបសឹក​បាន​ប្រកាស​លើកពេល​បោះឆ្នោត​សភាថៃ។

នៅ​ក្រោយ​រដ្ឋប្រហារ របបសឹក​បាន​ប្រកាសសន្យា​រៀបចំ​ការបោះឆ្នោត នៅ​ឆ្នាំ ២០១៥ ដើម្បី​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល ចេញ​មកពីការបោះឆ្នោត។ ប៉ុន្តែ នៅ​ពេល​ឆ្នាំ ២០១៥ មកដល់ របបសឹក​ថា គេ​ត្រូវ​លើកពេលបោះឆ្នោត ទៅ​ឆ្នាំ ២០១៦ ព្រោះថា រដ្ឋធម្មនុញ្ញ​ថ្មី ដែល​មាន​ចែង​ពីការបោះឆ្នោត នៅ​មិនទាន់​ធ្វើ​ចប់​រួចរាល់។ នៅ​ឆ្នាំ ២០១៦ ឆ្នាំ បបសឹក​ប្រកាស​លើកពេល​ម្តងទៀត ទៅ ឆ្នាំ ២០១៧ ក្នុង​ហេតុផល​ថា ត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ជាមុន​សិន មុន​នឹង​បញ្ជូន​រដ្ឋធម្មនុញ្ញ​ថ្មី ទៅ​ឲ្យ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ចុងក្រោយ។

លទ្ធិប្រជាធិបតេយ្យ​មិនងាយ​នឹង​ត្រលប់​មក​ប្រទេស​ថៃវិញ
របបសឹក​កាន់អំណាច ៤​ឆ្នាំ យ៉ាង​ពេញមុខ នៅ​ប្រទេស​ថៃ។ តាម​អ្នកជំនាញ​នយោបាយ​ថៃ របបសឹក​កំពុង​យក​ពេល ដើម្បី តាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី មួយ ដែល​បើទោះបី​ជា​មាន​ការបោះឆ្នោត​សភា ជ្រើសរើស​រដ្ឋាភិបាលក្តី ក្រុមយោធា​នៅ​តែ​មាន​អំណាច ដឹកនាំ​ប្រទេស​ដដែល។

អ្នកនយោបាយ មិនថា មក​ពី​គណបក្ស​ប្រឆាំង ឬ​អ្នកគាំទ្រ​ព្រះរាជវាំង បាន​ចោទ​របបសឹក ថា កំពុង​ចងក្រង​រដ្ឋធម្មនុញ្ញ​ដែល​ផ្តល់​អំណាច​ច្រើន​ដល់​ក្រុមយោធា។ ជាក់ស្តែង ច្បាប់​មួយ​នៅក្នុង​រដ្ឋ ធម្មនុញ្ញ​បាន​ចែង​ថា យោធា​មាន​សិទ្ធិ​បោះឆ្នោត ជ្រើសរើស​សមាជិក​ទាំងអស់ របស់​ព្រឹទ្ធសភា។ លើសពីនោះ កៅអីចំនួន​៦​របស់​ព្រឹទ្ធសភា​នឹង​ត្រូវ​រក្សា​ទុក​ជាពិសេស សម្រាប់​មេបញ្ជាការ​យោធា​ថៃ។ ទៅតាម​រដ្ឋធម្មនុញ្ញ​ថ្មី នៅ​ពេល​ប្រទេស​ជាប់គាំង​នយោបាយ ពោល​គឺ​នៅពេលគណបក្ស​នៅ​សភា មិន​ចុះសម្រុង គ្នា លើ​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី ព្រឹទ្ធសភា​នឹង​មាន​សិទ្ធិ​ពី​លើ​រដ្ឋសភា និង​ជាអ្នកជ្រើសរើស បុគ្គល​ម្នាក់ ដែល​មិន​ចេញ​មក​ពី​ការបោះឆ្នោត ឲ្យ​កាន់ តំណែង ជានាយក​រដ្ឋមន្រ្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ