អានតួអត្ថបទ
ថៃ

ថៃ៖​រដ្ឋាភិបាល​ព្យាយាម​និយាយ​ធានា​អ្នកវិនិយោគបរទេស​ដែល​បារម្ភ​ពី​ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង

នៅ​ក្នុង​ប្រទេស​ថៃ តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​ក្នុង​ឆ្នាំ ២០១៤ មក មាន​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​វេចបង្វេច​ចេញ​ពី​ទឹកដី​ថៃ​ទៅ​បោះទីតាំង​នៅ​ក្នុង​ប្រទេស​ផ្សេង។ មូលហេតុ​មក​ពី​ពួក​គេ​បារម្ភ​ពី​អស្ថិរភាព​នយោបាយ​នៃ​ជម្លោះ​រវាង​ពួក​អាវលឿង និង​ពួក​អាវក្រហម។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្តុ​បាន​ព្យាយាម​និយាយ​ធានា​ដល់​ក្រុម​អ្នកវិនិយោគ​បរទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ សីហា​ថា បរិយាកាស​វិនិយោគ​ទូទៅ​ក្នុង​ប្រទេស​ថៃ​ចាប់​ផ្តើម​ល្អ​ឡើង​វិញ​ហើយ។

លោក​ Somkid Jatusripitak រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ
លោក​ Somkid Jatusripitak រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​យ៉ាង​ដូច​នេះ​ហាក់​ដូច​ជា​ខុស​ពី​អ្វី​ដែល​ការិយាល័យវិនិយោគ​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា ការវិនិយោគ​បរទេស​​បាន​​ធ្លាក់​ចុះ​យ៉ាង​គំហុក។ គិត​ត្រឹម​រយៈពេល ៦ខែ​ដើម​ឆ្នាំ ២០១៦ នេះ ទឹកប្រាក់​វិនិយោគបរទេស​មាន​ប្រមាណ​តែ ៣ ៤០០លានអឺរ៉ូ​ប៉ុណ្ណោះ ពោល​តិច​ជាង​ឆ្ងាយ​ណាស់​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៥ ដែល​មាន​ដល់​ទៅ ៦ ៤០០លានអឺរ៉ូ។ ជប៉ុន​ដែល​បន្ត​ជា​ប្រទេស​វិនិយោគ​លំដាប់​ទី១ នៅ​ថៃ ពិសេស​ក្នុង​វិស័យ​យានយន្ត​បាន​រើ​រោងចក្រ​ជា​ច្រើន​របស់​ខ្លួន​ចេញ​ពី​ទឹកដី​ថៃ​ទៅ​តាំង​នៅ​ក្នុង​ប្រទេស​ផ្សេង។

ទឹកប្រាក់​វិនិយោគ​របស់​ជប៉ុន​នៅ​ថៃ​ដែល​មាន​ដល់​ទៅ ២ ៤០០លានអឺរ៉ូ​ក្នុង​រយៈពេល ៦ខែ​ដើម​ឆ្នាំ ២០១៥ បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​មក​នៅ​ត្រឹមតែ ៧២០លានអឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​រយៈពេល ៦ខែ​ដើម​ឆ្នាំ ២០១៦ នេះ។ ចំណែក​ទឹកប្រាក់​វិនិយោគ​របស់​សហភាព​អឺរ៉ុប​នៅ​ថៃ​ក៏​បាន​ធ្លាក់​ចុះ​ពី ៨៨០លានអឺរ៉ូ​ក្នុង​រយៈពេល ៦ខែ​ដើម​ឆ្នាំ ២០១៥ មក​នៅ​តិច​ជាង ២៣០លានអឺរ៉ូ​ក្នុង​រយៈពេល ៦ខែ​ដើម​ឆ្នាំ ២០១៦ នេះ។ ដោយឡែក​ជាមួយ​ប្រទេស​ចិន គឺ​បាន​ដើរ​ផ្ទុយ​ពី​អ្នក​ផ្សេង​ដោយ​មាន​ការ​កើន​ពី ១៤០លាន​អឺរ៉ូ​ទៅ ៦៤០លានអឺរ៉ូ។

និយាយ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ត្រីមាស​ឆ្នាំ ២០១៦ គឺ​មាន​ប្រមាណ​តែ ៣,៥% ពោល​តិច​ជាង​បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ ម្យ៉ាងទៀត ក្រុម​អ្នកវិភាគ​ក៏​បាន​ចាត់​ទុក​អត្រា​កំណើន​សេដ្ឋកិច្ច ៣,៥% ដែល​ថៃ​ទទួល​បាន​ថា ជា​កំណើន​សេដ្ឋកិច្ច​ដែល​នៅ​ផុយស្រួយ។ មាន​កត្តា​សំខាន់​ចំនួន ២ ដែល​បញ្ជាក់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ថៃ​ផុយស្រួយ ទី១ នយោបាយសេដ្ឋកិច្ច​គ្មាន​ប្រសិទ្ធិភាព​របស់​របបសឹក និង​ទី២ គឺ​អស្ថិរភាពនយោបាយ​ផ្ទៃក្នុង​ដែល​កំពុង​បន្ត​មាន នោះ​បើ​ទោះ​ជា​របបសឹក​ទើប​បាន​អនុម័ត​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី និង​សន្យា​រៀបចំ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៧ ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ