អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គ្រាប់មីស៊ីលបាលីស្ទិក​កូរ៉េខាងជើង​ហោះ​រំលង​ប្រទេស​ជប៉ុន មុន​នឹង​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាងជើង​បាន​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយ​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​ជា​ថ្មី​នៅ​ថ្ងៃ​អង្គារ ទី២៩ សីហា។ គ្រាប់មីស៊ីល​បាន​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់​ពី​ហោះ​បាន​ចម្ងាយ ២ ៧០០គីឡូម៉ែត្រ និង​ហោះ​រំលង​ទឹកដី​ជប៉ុន។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស និង​ចាត់​ទុក​ទង្វើ​របស់​ព្យុងយ៉ាង​ថា ជា​ការ​គំរាម​ពិតប្រាកដ និង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជប៉ុន។ ចំណែក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ​ជា​បន្ទាន់​ក្នុង​ថ្ងៃ​នេះ​តាម​សំណើ​របស់​ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង។ រីឯ​ចិន​យល់​ឃើញ​ថា វិបត្តិ​នៅ​ឧបទ្វីបកូរ៉េ​បាន​ដើរ​មក​ដល់​ចំណុច​របត់​មួយ។

គ្រាប់មីស៊ីលបាលីស្ទិក​កូរ៉េខាងជើង​ហោះ​រំលង​ប្រទេស​ជប៉ុន មុន​នឹង​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក
គ្រាប់មីស៊ីលបាលីស្ទិក​កូរ៉េខាងជើង​ហោះ​រំលង​ប្រទេស​ជប៉ុន មុន​នឹង​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ថា ការ​ដែល​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីលបាលីស្ទិក​សំដៅ​ជប៉ុន​ពេល​នេះ​ជា​ទង្វើ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ។ នា​ដើម​ខែ​សីហា​ថ្មីៗ​នេះ ភាព​តានតឹង​បាន​ឡើង​ដល់​កំពូល​រវាង​កូរ៉េខាងជើង និង​អាមេរិក​ស្ទើរ​តែ​ផ្ទុះ​សង្រ្គាម​ទៀត​ផង តែ​ហាក់​បាន​ធ្លាក់​ចុះ​វិញ​ក្រោយ​ពី​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ប្រកាស​ពី​ការ​សម្រាក​មួយ​រយៈ។ តែ​ក្នុង​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅ ក្រុង​ព្យុងយ៉ាង​បាន​ផ្តើម​សកម្មភាព​ជា​ថ្មី​ដោយ​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​ខ្លី​ចំនួន ៣គ្រាប់​សំដៅ​សមុទ្រ​ជប៉ុន។

ចំណែក​គ្រាប់មីស៊ីល​ដែល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​ជា​ថ្មី​ថ្ងៃ​នេះ គឺ​ជា​ប្រភេទ​គ្រាប់មីស៊ីលបាលីស្ទិក​ដែល​ហោះ​បាន​ចម្ងាយ ២ ៧០០គីឡូម៉ែត្រ រំលង​ទឹកដី​ជប៉ុន​ទៅ​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ស្ថិត​ចម្ងាយ​ប្រមាណ​ជា ១ ១៨០គីឡូម៉ែត្រ​ប៉ែក​ខាង​កើត​កោះ​ជប៉ុន​ហុកកៃដូ។ គួរ​រម្លឹក​ជូន​ថា នេះ​ជា​លើក​ទី៣ ហើយ​ដែល​មាន​គ្រាប់មីស៊ីល​បាលីស្ទិក​កូរ៉េខាងជើង​ហោះ​រំលង​ទឹកដី​ជប៉ុន បន្ទាប់​ពី​ហោះ​រំលង​លើក​ទី១ ក្នុង​ឆ្នាំ ១៩៩៨ និង​លើក​ទី២ ក្នុង​ឆ្នាំ ២០០៩។ អ្វី​ជា​ការ​កត់សម្គាល់ គ្រាប់មីស៊ីល​បាញ់​លើកទី១ និង​លើកទី២ ត្រូវ​បាន​របប​ក្រុង​ព្យុងយ៉ាង​ប្រកាស​ថា ជា​ការ​បាញ់​បញ្ជូន​ផ្កាយរណប។

យ៉ាង​ណា​ក៏​ដោយ គ្រាប់មីស៊ីល​បាលីស្ទិក​ដែល​កូរ៉េខាងជើង​បាន​បាញ់​រំលង​ជប៉ុន​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រកាស​អាសន្ន​មាន​ដំណើរ​ការ​ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រស់ក្នុង​តំបន់​ពាក់ព័ន្ធ​រត់ចូល​ទីជម្រក ហើយ​ចរាចរណ៍​រថភ្លើង​ក៏​ត្រូវ​បាន​ផ្អាក​ដំណើរការ​រយៈពេល ២០នាទី។

ហេតុផល​ដែល​កូរ៉េខាងជើង​បាញ់​គ្រាប់មីស៊ីលបាលីស្ទិក​ក្នុង​ថ្ងៃទី២៩ សីហា

មាន​ហេតុផល​ចំនួន ៣ ដែល​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក​ក្នុង​ថ្ងៃទី២៩ សីហា ទី១ ចំ​ពេល​ដែល​ទ័ព​អាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​រួម​គ្នា​រហូត​ដល់​ថ្ងៃទី៣១ សីហា​ទើប​ចប់។ សមយុទ្ធ​រួម​គ្នា​អាមេរិក និង​កូរ៉េខាងត្បូង គឺ​ជា​សមយុទ្ធ​ប្រចាំ​ឆ្នាំ ហើយ​វ៉ាស៊ីតោន និង​សេអ៊ូល​ចាត់​ទុក​ជា​ការ​ហ្វឹកហ្វឺន​ដើម្បី​ប្រឈម​ទប់​នឹង​ការ​វាយប្រហារ​ជា​យថាហេតុ​ពី​កូរ៉េខាងជើង។ តែ​ក្រោម​ភ្នែក ច្រមុះ​របស់​កូរ៉េខាងជើង សមយុទ្ធ​នេះ​ជា​ការ​រៀបចំ​ជើងព្រួល​ដើម្បី​វាយសម្រុក​ផ្តួលរំលំ​របប​ក្រុង​ព្យុងយ៉ាង​សព្វថ្ងៃ។

ហេតុផល​ទី២ ព្រោះ​ថ្ងៃទី២៨ សីហា ជា​ខួប​លើក​ទី៦៨ នៃ​ការ​បង្កើត​កម្លាំងទ័ព​ជើងទឹក​កូរ៉េខាងជើង និង​ហេតុផល​ទី៣ ព្រោះ​ថ្ងៃទី២៨ សីហា លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ​លើ​វិស័យ​កងទ័ព​កូរ៉េខាងត្បូង​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០២០។ តាម​លោក​ចៃអ៊ីន បើ​កូរ៉េខាងជើង​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​គ្រាប់មីស៊ីល និង​អាវុធនុយក្លេអ៊ែរ កូរ៉េខាងត្បូង​ក៏​ត្រូវ​មាន​មធ្យោបាយ​ដើម្បី​ទប់ទល់​វិញ​ដែរ។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​ជប៉ុន​ដែល​មាន​បំពាក់​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​មិន​បាញ់​កម្ទេច​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង​ទៅ?។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​ចេញ​មុខ​ពន្យល់​បក​ស្រាយ​យ៉ាង​ខ្លី​ថា គ្រាប់មីស៊ីលបាលីស្ទិក​កូរ៉េខាងជើង​ដែល​បាន​ហោះ​រំលង​ប៉ែក​ខាង​ជើង​កោះ​ហុកកែដូ​នោះ គឺ​មាន​រយៈពេល​ខ្លី ពោល​តែ ២នាទី​ប៉ុណ្ណោះ និង​មិន​បាន​បង្ក​ហានិភ័យ​អាច​ធ្លាក់​លើ​ទឹកដី​ជប៉ុន​ឡើយ។

ក្រុមប្រឹក្សាសន្តិសុខ​កោះប្រជុំ​បន្ទាន់ និង​អាច​ដាក់ទ័ណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង

ក៏​ដូច​ជា​សព្វ​មួយ​ដង ប្រតិកម្ម​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។ ចំណែក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ក្នុង​ថ្ងៃ​អង្គារ ទី២៩ សីហា​នេះ​តាម​សំណើ​របស់​កូរ៉េខាងត្បូង អាមេរិក និង​ជប៉ុន។ តើ​សហគមន៍​អន្តរជាតិ​អាច​ធ្វើ​អ្វី​បាន​ទៀត​ចំពោះ​កូរ៉េខាងជើង? នេះ​ពិត​ជា​សំណួរ​មួយ​ដែល​គេ​ពិបាក​ផ្តល់​ចម្លើយ​ជាក់ច្បាស់​ណា​មួយ។ លើក​ណា​ក៏​ដូច​ជា​លើក​ណា​ដែរ​ឲ្យ​តែ​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល​ម្តងៗ ប្រតិកម្ម​ផ្តន្ទាទោស រួម​ទាំង​ទ័ណ្ឌកម្ម​លើ​កូរ៉េខាងជើង​មាន​ច្រើន​រាប់​មិន​អស់ តែ​របប​ក្រុង​ព្យុងយ៉ាង​មិន​ដែល​ខ្វាយខ្វាល់​ឈឺ​ក្បាល និង​យក​ត្រចៀក​ស្តាប់​ឡើយ។

រឿង​កូរ៉េខាងជើង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ជា​រឿង​មួយ តែ​រឿង​ដែល​សហគមន៍​អន្តរជាតិ​តប់ប្រមល់​ចិត្ត​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​ដែល​រុស្ស៊ី និង​ចិន​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បន្ត​មាន​សមានចិត្ត​ចំពោះ​កូរ៉េខាងជើង​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ នៅ​ដើម​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមប្រឹក្សាសន្តិសុខ​បាន​ដាក់​ទ័ណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង​មិន​ឲ្យ​នាំ​ចេញ​ធ្យូងថ្ម ហើយ​តាម​ប្រភព​ទូត​ជា​ច្រើន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ថ្ងៃ​នេះ ក្រុមប្រឹក្សាសន្តិសុខ​អាច​ដាក់​នឹង​ទ័ណ្ឌកម្ម​ថ្មី​ដោយ​ហាម​មិន​ឲ្យ​លក់​ប្រេង​ទៅ​ឲ្យ​កូរ៉េខាងជើង។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ការ​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ទ័ណ្ឌកម្ម​ជា​រឿង​មួយ រីឯ​ការ​អនុវត្តន៍​ទ័ណ្ឌកម្ម​ជា​រឿង​មួយ​ផ្សេង​ទៀត។ ចូរ​កុំ​ភ្លេច​ថា ទោះ​បី​ជា​មាន​ទ័ណ្ឌកម្ម​ក្នុង​កម្រិត​ណា និង​ក្នុង​ផ្នែក​អ្វី​ក៏​ដោយ ក៏​ព្យុងយ៉ាង​នៅ​តែ​អាច​រកស៊ី​បាន​ដោយ​ប្រើ​វិធីសាស្រ្ត​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ពង្វាង​ទ័ណ្ឌកម្ម​អន្តរជាតិ​ដោយ​មាន​ការ​ស៊ុមគ្រលំ​រកស៊ី​ពី​ក្រុមប្រទេស​នៅ​អាស៊ី ក្នុង​នោះ​ក៏​មាន​ចិន​ម្នាក់​ដែរ។

មែនទែន​ទៅ គ្មាន​បញ្ហា​ណា​មួយ​ដែល​គ្មាន​ដំណោះស្រាយ​នោះ​ទេ គ្រាន់​តែ​ថា មាន​កត្តា​ច្រើន​ណាស់​ដែល​បាន​ធ្វើ​ឲ្យ​សំណុំរឿង​មួយ​នេះ​ជាប់​គាំង​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ។ អាមេរិក ចិន ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ពិត​ជា​មាន​ឆន្ទៈ​ចង់​បញ្ចប់​បញ្ហា តែ​គេ​ត្រូវ​ដឹង​ថា មាន​ប្រទេស​មហា​អំណាច​ខ្លះ​បែរ​ជា​កំពុង​បន្ត​ចិញ្ចឹម​បញ្ហា​មួយ​នេះ​ដើម្បី​ទទួល​បាន​ប្រយោជន៍ និង​ការ​ប្រជែង​កម្លាំង​គ្នា​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ