អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូរ៉េខាងជើង

អាមេរិក​បាញ់​សាកល្បង ដោយ​ជោគជ័យ មីស៊ីល​ប្រឆាំង​មីស៊ីល

អាមេរិក និង​កូរ៉េខាងជើង កំពុង​បញ្ចេញ​សាច់ដុំ គំរាម​ដាក់​គ្នា​ទៅវិញ ទៅមក។ នៅ​មួយ​ថ្ងៃ​ក្រោយ កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប អាមេរិក នៅថ្ងៃ​អាទិត្យ​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​ហោះ​លើ​ឧបទ្វីប​កូរ៉េ និង​បាន​បាញ់​សាកល្បង​ប្រព័ន្ធ​ខែល​មីស៊ីល​THAAD។ ប្រភេទ​មីស៊ីល​តែមួយ​ដែល​អាមេរិក​តាំង​ពង្រាយ​នៅកូរ៉េខាងត្បូង។

ប្រព័ន្ធ​ខែល​មីស៊ីល THAADនៅ​មូលដ្ឋានទ័ព នៅ​​រដ្ឋ​អាឡាស្កា បាញ់សាកល្បង ​មីស៊ីល សម្រាប់​ស្ទាក់​ចាប់​មីស៊ីល
ប្រព័ន្ធ​ខែល​មីស៊ីល THAADនៅ​មូលដ្ឋានទ័ព នៅ​​រដ្ឋ​អាឡាស្កា បាញ់សាកល្បង ​មីស៊ីល សម្រាប់​ស្ទាក់​ចាប់​មីស៊ីល Leah Garton/Missile Defense Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ភាពតានតឹង​មាន​កាន់តែ​ខ្លាំងឡើង នៅ​ឧបទ្វីប​កូរ៉េ។ នៅ​ក្រោយ កូរ៉េខាងជើង​បាន​ប្រកាស​ថា ​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ មីស៊ីល​បាលីស្ទីក​អន្តរទ្វីប និង​ថា មីស៊ីល​របស់​កូរ៉េខាងជើង អាច​ទៅ​ដល់​គ្រប់កន្លែង ក្នុង​ទឹកដី​អាមេរិក កងទ័ព​អាមេរិក នៅថ្ងៃ​អាទិត្យ បានសាកល្បង​ប្រើ​ដោយ​ជោគជ័យ ប្រព័ន្ធ មីស៊ីល THAAD។

 

តាម​សេចក្តី​ថ្លែងការណ៍​របស់​កងទ័ព​អាមេរិក នៅក្នុង​ការធ្វើតេស្ត បាញ់​សាកល្បង នៅ​លើ​មហាសមុទ្រ ប៉ាស៊ីហ្វិក នៅថ្ងៃ​អាទិត្យ មីស៊ីល ប្រឆាំង​មីស៊ីល ដែល​បាញ់​ចេញ​ពី​ប្រព័ន្ធ​ខែល​មីស៊ីល THAAD នៅ​រដ្ឋ​អាឡាស្កា បាន​ទៅ​បាញ់​ទម្លាក់​មីស៊ីល ចម្ងាយ​មធ្យម ដែល​បាញ់​ចេញ​ពី​យន្តហោះ ដឹក​គ្រាប់។ ទីភ្នាក់ងារ​ការពារ មីស៊ីល​របស់​អាមេរិក បាន​និយាយ​នៅ​ថ្ងៃអាទិត្យ ថា មីស៊ីល​របស់​ខែល​មីស៊ីល​ THAAD ​របស់​អាមេរិក​ទទួល​បាន​ជោគជ័យ ក្នុង​ការសាកល្បង ចាប់​បំផ្លាញ​មីស៊ីល ចំនួន ១៥លើក​រហូតមក។

 

ការបាញ់​សាកល្បង​ប្រព័ន្ធ​ខែលមីស៊ីល​ THAAD​ចេញ​ពី​រដ្ឋ​អាឡាស្កា ជា​គម្រោង​ដែល​កងទ័ព អាមេរិក​រៀបចំ​តាំង​ពីយូរហើយ ប៉ុន្តែ វាធ្វើឡើង​នៅពេលនេះ នៅ​ជួនចំពេល​ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង ដោយ​ជោគជ័យ មីស៊ីល​បាលីស្ទីក អន្តរទ្វីប កាលពី​យប់​ថ្ងៃ​សុក្រ។ ប្រព័ន្ធ​ខែល​មីស៊ីល​ THAAD ដែល​អាមេរិក​តាំង​ពង្រាយ​នៅ​កូរ៉េខាងត្បូង ត្រូវ​បាន​កសាង​ឡើង​សម្រាប់​ប្រឆាំង​មីស៊ីល​ចម្ងាយ​មធ្យម ប៉ុន្តែ គ្មាន​សមត្ថភាព ចាប់ និង​បាញ់បំផ្លាញ មីស៊ីល​បាលីស្ទីក អន្តរទ្វីប ដែល​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នៅ ថ្ងៃ​សុក្រ​នោះទេ។ ដើម្បី ចាប់ស្ទាក់ មីស៊ីល​បាលីស្ទីក​ចម្ងាយឆ្ងាយ កងទ័ព​អាមេរិក ត្រូវ​សង្ឃឹម​លើ​ប្រព័ន្ធ​ខែលមីស៊ីល មួយទៀត ឈ្មោះ GMD ដែល​អាមេរិក​មាន​តាំង​នៅ​អាឡាស្កា និង​នៅ​រដ្ឋ​កាលីហ្វនី។

 

ជាការឆ្លើយតប​ទៅ​នឹង​ការផ្គើន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក អន្តរទ្វីប​របស់​កូរ៉េខាងជើង អាមេរិក ​នៅ​ថ្ងៃ​អាទិត្យ​ដដែល បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B១ ទៅហោះ​ឆ្វែល​លើ​ឧបទ្វីប​កូរ៉េ។ នៅ​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សរសេរ​នៅក្នុង​សារ​Twitter ថា លោក​ខកចិត្ត នឹង​ចិន និង​ថា លោក​នឹង​មិនអនុញ្ញាតិ​ឲ្យ​ចិន នៅ​ស្ងៀម មិនធ្វើសោះ នៅក្នុង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដូចមុន​ទៀតហើយ។

 

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​សារ​Twitter របស់​លោក​ដូណាល់ ត្រាំ កូរ៉េខាងជើង តាមរយៈ​ក្រសួង​ការបរទេស បាន​អះអាង​ថា ការបាញ់​សាកល្បង​មីស៊ីល អន្តរទ្វីប នៅថ្ងៃ​សុក្រ កន្លងទៅ គឺ​ជា​ការព្រមាន​ដ៏​ធ្ងន់ធ្ងរ​របស់​កូរ៉េខាងជើង ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​មាន​គំនិត ចង់​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ទីក្រុង​ព្យុងយ៉ាង។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ ដកស្រង់​ដោយ​ទីភ្នាក់ងារ KCNA របប​កុម្មុយនិស្ត​កូរ៉េខាងជើង​បាន​បញ្ជាក់​ថា ខ្លួន​នឹង​វាយតប វិញ នៅក្នុង​ករណី​មាន​ការញុះញង់ ប្រើ​កម្លាំង​យោធា​ណាមួយ ពី​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ