អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​គំរាម​កម្ទេច​កូរ៉េខាងជើង​ តែ​ចិន និង​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​អត់ធ្មត់ និង​ស្នើ​ឲ្យ​បន្ត​កិច្ចចរចា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ វិច្ឆិកា​នេះ ប្រតិកម្ម​បាន​និង​កំពុង​ធ្លាក់​មក​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការ​បាញ់គ្រាប់មីស៊ីល​បាលីស្ទិក​ជា​ថ្មី​លើក​ទី៩ ពី​សំណាក់​កូរ៉េខាងជើង​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី២៨ វិច្ឆិកា។ ប្រតិកម្ម​ថ្កោលទោស​លើ​ទង្វើ​របស់​ក្រុង​ព្យុងយ៉ាង​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ មាន​ទាំង​ពី​ប្រទេស​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​ផង​ដែរ ពិសេស​ចិន និង​រុស្ស៊ី។ ទន្ទឹម​គ្នា​នេះ និង​ដូច​ដែល​បាន​គ្រោង​ទុក ក្រុមប្រឹក្សា​សន្តិសុខ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​យប់​ថ្ងៃ​ពុធ ទី២៩ វិច្ឆិកា តែ​មិន​អនុម័ត​ទ័ណ្ឌកម្ម​ថ្មី​ទេ។ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ខ្លាំងៗ​ថា នៅ​ក្នុង​ករណី​ផ្ទុះ​សង្រ្គាម អាមេរិក​នឹង​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយ​ជា​ផេះ។ ទន្ទឹម​គ្នា​នេះ អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​ចិន និង​រុស្ស៊ី​ផ្តាច់​ទំនាក់ទំនង​ទាំង​អស់​ជាមួយ​របប​ក្រុង​ព្យុងយ៉ាង។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ ថ្ងៃទី២៩ វិច្ឆិកា ២០១៧
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ ថ្ងៃទី២៩ វិច្ឆិកា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

អាច​មាន​ហេតុផល​ចំនួន​ពីរ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​មិន​បាន​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ទី១ មក​ពី​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មិន​អាច​រក​កុងសង់ស៊ុស​បាន​ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​ចិន និង​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​កូរ៉េខាងជើង និង​ទី២ គឺ​មក​ពី​ទ័ណ្ឌកម្ម​ដែល​បាន​អនុម័ត​កន្លង​មក​ហាក់​មិន​អាច​កាច់​បំបាក់​ធ្មុង​មនុស្ស​ខ្លំាង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន។ ចូរ​កុំ​ភ្លេច​ថា មាន​ទ័ណ្ឌកម្ម​ខ្លាំង ខ្សោយ​ចំនួន ៨ ដែល​ក្រុម​ប្រឹក្សាសន្តិសុខ​បាន​អនុម័ត​នា​ពេល​កន្លង​មក។ តែ​គេ​សង្កេត​ឃើញ​ថា ទ័ណ្ឌកម្ម​ទាំង​អស់​នោះ​ហាក់​គ្មាន​ប្រសិទ្ធិភាព ឬ​គ្មាន​ឥទ្ធិពល​អ្វី​លើ​កូរ៉េខាងជើង​ដែល​ចេះ​តែ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ឥតស្រាកស្រាន​តាម​រយៈ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​ការ​បាញ់​គ្រាប់មីស៊ីល។

នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នា​ថ្ងៃ​ពុធ ទី២៩ វិច្ឆិកា ភាគី​អាមេរិក​ដឹកនាំ​ដោយ​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ប្រើ​សម្តី​គំរាមខ្លាំងៗ​ដាក់​កូរ៉េខាងជើង​ដោយ​គំរាម​កម្ទេច​កូរ៉េខាង​ឲ្យ​ក្លាយ​ជា​ផេះ បើ​សង្រ្គាម​បាន​ផ្ទុះ​ឡើង។ សម្តី​របស់​លោកស្រី Haley របៀប​នេះ​មិន​បាន​ធ្វើ​ឲ្យ​ភាគី​រុស្ស៊ី​តំណាង​ដោយ​លោក Vassily Nebenzia អង្គុយ​ស្តាប់​ដោយ​មិន​តប​អ្វី​នោះ​ទេ។ លោក Vassily បាន​បញ្ជាក់​ថា រុស្ស៊ី​ទទួល​ស្គាល់​ពី​ការ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​របស់​កូរ៉េខាងជើង តែ​រុស្ស៊ី​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​នូវ​ដំណោះស្រាយ​ផ្លូវ​យោធា​ដើម្បី​បញ្ចប់​វិបត្តិ។ ចំណែក​ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Sebastiano Cardi ដែល​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សាសន្តិសុខ​បាន​អះអាង​ថា ទ័ណ្ឌកម្ម​ពិត​ជា​មាន​ប្រយោជន៍ តែ​លោក​ទទួល​ស្គាល់​ថា គេ​អាច​ធ្វើ​បាន​ប្រសើរ​ជាង​នេះ។

ចិន និង​រស្ស៊ី​បដិសេធ​មិន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង

ជា​ថ្មី​ម្តង​ទៀត អាមេរិក​បាន​អំពាវនាវ​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក ពិសេស​ចិន និង​រុស្ស៊ី​ឲ្យ​ផ្តាច់​ទំនាក់ទំនង​ទាំង​ស្រុង និង​នៅ​លើ​គ្រប់​វិស័យ​ទាំង​អស់​ជាមួយ​កូរ៉េខាងជើង។ ទីក្រុង​វ៉ាស៊ីតោន​បាន​យល់​ឃើញ​ថា មាន​តែ​វិធានការ​មួយ​នេះ​ទេ​ទើប​គេ​អាច​ទប់​មហិច្ឆតា​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​បាន រួច​ឈាន​ទៅ​រំលាយ​ចោល​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។ តែ​ជា​ថ្មី​ម្តង​ទៀត សំណើ​របស់​អាមេរិក​របៀប​នេះ​ត្រូវ​បាន​ទាត់​ចោល​ដោយ​ចិន និង​រុស្ស៊ី។ រុស្ស៊ី​តាម​រយៈ​ប្រមុខ​ការទូត​លោក Sergueï Lavrov បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ វិច្ឆិកា​ថា មូស្គូ​មិន​អាច​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​ជាមួយ​ក្រុង​ព្យុងយ៉ាង​បាន​ជា​ដាច់​ខាត។

លោក Lavrov បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា មាន​តែ​វិធានការ​នយោបាយ និង​ការ​ចរចា​ទេ​ទើប​គេ​អាច​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​នេះ​បាន និង​បាន​និយាយ​ត្រង់​ដាក់​ភាគី​អាមេរិក​ថា ការ​ដែល​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​បន្ត​ធ្វើ​មិនដឹង មិន​ឮ​លើ​ដំណោះស្រាយ​មួយ​នេះ ហើយ​បន្ត​គំរាម​ផ្លូវសង្រ្គាម គឺ​ជា​កំហុស​មួយ​ធំ​ណាស់។ និយាយ​ពី​ផលប្រយោជន៍​ដែល​ចិន និង​រុស្ស៊ី​មាន​ជាមួយ​កូរ៉េខាងជើង​បាន​ផ្តោត​ខ្លាំង​លើ​សេដ្ឋកិច្ច ការ​លក់​ប្រេង​ឲ្យ​កូរ៉េខាងជើង​ជា​ថ្នូរ​នឹង​ការ​ទិញ​រ៉ែធ្យូងថ្ម និង​លោហៈធាតុ​ពី​កូរ៉េខាងជើង។

តាម​ការ​ប៉ាន់​ប្រមាណ​មើល​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស្តីពី​ថាមពល​អាមេរិក កូរ៉េខាងជើង​បាន​ប្រើប្រាស់​ប្រេង​អស់ ១៥ ០០០បារីល​នា​ឆ្នាំ ២០១៦ ពិសេស​សម្រាប់​ដំណើរ​ការ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហើយ​ប្រេង​ទាំង​នោះ ភាគច្រើន​ទិញ​ពី​ចិន។ តួលេខ​ផ្តល់​ដោយ​រដ្ឋបាល​អាមេរិក​ឲ្យ​ដឹង​ថា ក្នុង​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៦ ក្រុមហ៊ុន​ចិន​បាន​ទិញ​រ៉ែធ្យូងថ្ម​ពី​កូរ៉េខាងជើង​ក្នុង​ទឹកប្រាក់ ៥០០លានដុល្លារ។

សម្រាប់​កូរ៉េខាងត្បូង នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ជា​អាយុជីវិត

រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ដែល​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ អត់ធ្មត់ និង​ស្នើ​ឲ្យ​បន្ត​កិច្ចចរចា​តាម​ផ្លូវ​សន្តិវិធី ពិសេស​ពី​ចិន និង​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង។ រី​ឯ​នៅ​ម្ខាង​ទៀត គឺ​អាមេរិក​ដែល​បាន​បន្ត​ប្រើ​សម្តី​ដៀមដាម និង​សម្លុត​គំរាម​ប្រើ​កម្លាំងបាយ។ ជា​ថ្មី​ម្តង​ទៀត​នា​ថ្ងៃ​ពុធ ទី២៩ វិច្ឆិកា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ហ៊ាន​ទាំង​ចាត់​ទុក​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ថា ជា​កូនឆ្កែ​ដែល​រំខាន។ ទន្ទឹម​នឹង​ការ​គំរាមកំហែង​ប្រើ​កម្លាំង​បាយ​ដើម្បី​ដោះស្រាយ​បញ្ហា អាមេរិក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​នា​ថ្ងៃ​ពុធ ទី២៩ វិច្ឆិកា​តាម​រយៈ​ប្រមុខ​ការទូត​លោក Rex Tillerson ដែល​ថា ជម្រើស​តាម​ផ្លូវទូត​នៅ​តែ​មាន​នៅ​លើ​តុ​ជានិច្ច។

ការ​អះអាង​របស់​លោក Tillerson ដូច​នេះ​ក៏​ជា​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ទូទៅ រួម​ទាំង​ប្រទេស​មិត្ត​កូរ៉េខាងជើង និង​កូរ៉េខាងជើង​ខ្លួន​ឯង​ដែរ។ អ្វី​ដែល​របប​ក្រុង​ព្យុងយ៉ាង​ចង់​បាន​ខ្លាំង​ជាង​គេ​នោះ គឺ​ការ​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ជាមួយ​ភាគី​អាមេរិក។ តែ​បញ្ហា​នៅ​ត្រង់​ថា អាមេរិក និង​កូរ៉េខាងជើង​បាន​បន្ត​ដាក់​លក្ខខណ្ឌ និង​បន្ត​រក្សា​ជំហរ​រៀងៗ​ខ្លួន​ដោយ​គ្មាន​ភាគី​ណា​មួយ​សុខចិត្ត​ធ្វើ​សម្បទាន​ទេ។ អាមេរិក​ចេះ​តែ​បន្ត​ដាក់​គំនាប​លើ​ចិន តែ​អាមេរិក​ហាក់​ភ្លេច​ថា គ្មាន​ថ្ងៃ​ដែល​ចិន​លះបង់​កូរ៉េខាងជើង​បាន​ឡើយ។ ពិតណាស់ ចិន​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​ពី​កូរ៉េខាងជើង​ជា​រឿង​មួយ តែ​រឿង​មួយ​ទៀត​នោះ ចិន​ក៏​មិន​ចង់​ឃើញ​ការ​ដួលរលំ​នៃ​របប​ក្រុង​ព្យុងយ៉ាង​ដែល​ចិន​មិន​អាច​គ្រប់គ្រង​បាន​ដែរ។

ក្រុម​អ្នកវិភាគ​បាន​យល់​ឃើញ​ថា ប្រឈម​មុខ​នឹង​ឥទ្ធិពល កម្លាំង​នុយក្លេអ៊ែរ​កាន់​តែ​ខ្លាំង និង​កាន់​តែ​មាន​ប្រសិទ្ធិភាព​របស់​កូរ៉េខាងជើង​ពេល​នេះ វា​ល្មម​ដល់​ពេល​ដែល​អាមេរិក​ត្រូវ​ធ្វើ​សម្បទាន​មុន​គេ​ដោយ​ទុក​មួយ​អន្លើ​នូវ​ការ​ទាមទារ​របស់​ខ្លួន។ ក្រុម​អ្នកវិភាគ​បាន​អះអាង​ត្រង់ៗ​ថា កិច្ចសន្ទនា​មួយ​ទល់​មួយ​រវាង​កូរ៉េខាង និង​អាមេរិក​នៅ​តែ​មាន និង​នៅ​តែ​អាច​ធ្វើ​បាន តែ​ជា​ដំបូង​អាមេរិក​ត្រូវ​ដឹង​ថា គ្មាន​ថ្ងៃ​ដែល​កូរ៉េខាងជើង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ដោយ​ងាយៗ​ទេ ព្រោះ​សម្រាប់​លោក​គីម ជុងអ៊ុន នេះ​ជា​អាវុធ​ដើម្បី​អាយុ​ជីវិត​នៃ​របប​របស់​ខ្លួន និង​ក៏​ដើម្បី​មាន​ប្រៀប​នៅ​ក្នុង​ការ​ចរចា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ