អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​ថា ​លោក​ដូណាល់ ត្រាំ ​មក​អាស៊ី ​ដើម្បី “​បបួល​គេ​ឲ្យ​ធ្វើ​សង្រ្គាម”

លោកប្រធានាធិបតីដូណាល់ ត្រាំ កំពុងតែបិទបញ្ចប់ដំណើរទេស្សនកិច្ច ពេញមួយសប្តាហ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃអាទិត្យទី១២ វិច្ឆិកា នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នៅឯកូរ៉េខាងត្បូង លោកដូណាល់ បាននិយាយផ្ញើរសារគំរាមធ្ងន់ៗ ទៅកូរ៉េខាងជើង។ ស្រាប់តែកាលពីថ្ងៃសៅរ៍  កូរ៉េខាងជើង បានប្រកាសថា ដំណើរទស្សនកិច្ចរបស់លោកត្រាំ ​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ គឺជាដើម្បីដើរកកូរកកាយបង្កើតសង្រ្គាម តែប៉ុណ្ណោះ។

លោកដូណាល់ ត្រាំ ​ថត​ជាមួយ​នាយ​បញ្ជាការ​កងទ័ព​អាមេរិក​​ប្រចាំ​នៅ​ Pyeongtaek​ កូរ៉េ​ខាងត្បូង​។ ថ្ងៃទី ​៧​ វិច្ឆិកា​ ២០១៧
លោកដូណាល់ ត្រាំ ​ថត​ជាមួយ​នាយ​បញ្ជាការ​កងទ័ព​អាមេរិក​​ប្រចាំ​នៅ​ Pyeongtaek​ កូរ៉េ​ខាងត្បូង​។ ថ្ងៃទី ​៧​ វិច្ឆិកា​ ២០១៧ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

តា​មរយៈប្រព័ន្ធឃោសនាព័ត៌មាន​តែមួយគត់របស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាស កាលពីថ្ងៃសៅរ៍ ទី១១ វិច្ឆិកាថា លោកប្រធានាធិបតីអាមេរិក កំពុងតែដើរកកូរកកាយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីបបួលគេឲ្យ ឲ្យធ្វើសង្រ្គាម ជាមួយកូរ៉េខាងជើង។ អ្នកនាំពាក្យរូបនេះបន្តថា សម្តីគំរាមរបស់ប្រធានាធិបតីអាមេរិក ទាំងប៉ុន្មាន មិនអាចធ្វើឲ្យកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងចុះថយបានទេ គឺមានតែរឹតតែខ្លាំងឡើង ព្រោះកូរ៉េខាងជើង បានប្តេជ្ញាចិត្តរួចហើយ ថាត្រូវតែអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឲ្យខ្លាំងក្លា ទុកជាការការពារខ្លួន។

សូមបញ្ជាក់ថា ការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងជើងនេះ គឺធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយពេលដែលលោកដូណាល់ ត្រាំ បានទៅដល់ទីក្រុងសេអ៊ូល។ នៅទីនោះ លោកត្រាំ បានថ្លែងសន្ទរកថា នៅចំពោះមុខសភាកូរ៉េខាងត្បូង ដោយបានគំរាមថា របបគីម ជុងអ៊ុន កុំចង់មើលស្រាលសមត្ថភាព និងការតាំងចិត្តរបស់អាមេរិកឲ្យសោះ។

ជុំវិញវិបត្តិកូរ៉េខាងជើងនេះ​ លោកដូណាល់ ត្រាំ ដែលបានធ្វើទស្សនកិច្ចជុំ​វិញតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងសប្តាហ៍កន្លងទៅនេះ  បានអូសទាញចិន ឲ្យចូលរួម ដាក់សំពាធ ឲ្យកានតែធ្ងន់ ទៅលើកូរ៉េខាងជើង។ ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពចំណូលសឹងតែទាំងស្រុង របស់កូរ៉េខាងជើង។ ទស្សនកិច្ចរបស់លោកត្រាំ  នៅចិន នៅជប៉ុន និងនៅកូរ៉េខាងត្បូង ជាប់ៗគ្នាមកនេះ គឺផ្តោតសំខាន់ទៅលើគ្រោះថា្នក់នុយក្លេអ៊ែររបស់កូរ៉េខាជើងនេះតែម្តង។

ហើយកាលពីថ្ងៃសុក្រ ទី ១០ វិច្ឆិកា នៅចំពោះមុខអង្គជំនួបកំពូល នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក  លោកដូណាល់ ត្រាំ បានថ្លែងថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើង កំពុងក្អេងក្អាងឆ្កួតលីលា ដែលអាចបង្កគ្រោះថ្នាក់ ដល់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។ ដូច្នេះ ប្រទេសទាំងអស់ ក្នុងតំបន់នេះ មិនអាចនៅស្ងៀម បណ្តោយឲ្យខ្លួនរងផលលំបាក ដោយសារកូរ៉េខាងជើងបានទេ។

ដោយឡែក កាលពីថ្ងៃសៅរ៍ទី ១១​វិច្ឆិកា កងទ័ពកូរ៉េខាងត្បូួង និងកងទ័ពអាមេរិក បានបើកសមយុទ្ធយោធាជាមួយគ្នា ក្នុងទ្រង់ទ្រាយធំ ដោយបានប្រើនាវាផ្ទុកយន្តហោះដ៏ទំនើបរបស់អាមេរិក ចំនួន៣គ្រឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ