អ៊ុងសាន ស៊ូជី ស្វាគមការទទួលស្គាល់របស់កងទ័ព ក្នុងការសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា១០នាក់
ប្រមុខដឹកនាំរបស់ភូមា លោកស្រីអ៊ុងសាន ស៊ូជី នៅល្ងាចថ្ងៃសុក្រទី១២មករា បានចាត់ទុក ការសារភាពរបស់កងទ័ពភូមា ថា ជាចំណុចវិជ្ជមាន និងជាការបោះជំហានទៅមុខ នៅក្នុងការគោរពអនុវត្តច្បាប់របស់ប្រទេស។ នៅថ្ងៃពុធ កងទ័ពភូមា បានទទួលស្គាល់ ជាលើកទី១ ថា ទាហានរបស់ភូមា បានចូលរួម ជាមួយអ្នកភូមិ ក្នុងការសម្លាប់ ប្រហារជីវិត ជនជាតិរ៉ូហ៊ីងយ៉ា ១០នាក់ កាលពីខែសីហាកន្លងទៅ នៅរដ្ឋរ៉ាឃីន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤៣
បន្ទាប់ពីបដិសេធ ទាត់ចោល ការចោទប្រកាន់ អស់រាប់ខែ កងទ័ពភូមា នៅថ្ងៃពុធសប្តាហ៍នេះ បានសារភាពពីការចូលរួម ពាក់ព័ន្ធរបស់កងទ័ព នៅក្នុងការសម្លាប់រង្គាលលើជនជាតិរ៉ូហ៊ីងយ៉ា។
នៅថ្ងៃពុធ នៅលើទំព័រហ្វេសប៊ុករបស់ការិយាល័យ របស់ប្រមុខកងទ័ពភូមា គេបានសរសេរថា នៅក្នុងការស៊ើបអង្កេតផ្ទៃក្នុង គេរកឃើញថា កងកម្លាំងភូមាចំនួន៤នាក់ បានរួមដៃគ្នាជាមួយ អ្នកភូមិ ក្នុងការចាប់សួរចម្លើយ និងសម្លាប់ភេរវជនរ៉ូហ៊ីងយ៉ា ចំនួន ១០នាក់ មុននឹងកប់សាកសពរបស់ពួកគេនៅក្នុងរណ្តៅរួម។ ចាប់តាំងពីមានអំពើហិង្សា រហូតឈានទៅដល់ការរត់ភៀសខ្លួនរបស់ជនជាតិរ៉ូហ៊ីងយ៉ា ពីរដ្ឋរ៉ាឃីន នេះជាលើកទី១ ដែលកងទ័ពភូមា បានទទួលស្គាល់ថា មានការប្រហារជីវិតក្រៅផ្លូវតុលាការ ទៅលើជនជាតិរ៉ូហ៊ីងយ៉ា។ ជាលើកទី១ មិនធ្លាប់មានផងដែរ ដែលកងទ័ពភូមាទទួលស្គាល់ថា ពិតជារណ្តៅសាកសពរួម នៅក្នុងរដ្ឋរ៉ាឃីន។
នៅល្ងាចថ្ងៃសុក្រ ពីរថ្ងៃក្រោយ ការបង្ហោះសារហ្វេសប៊ុករបស់កងទ័ព ប្រមុខដឹកនាំភូមា លោកស្រី អ៊ុងសាន ស៊ូជីបានចាត់ទុក ការសារភាពមិនធ្លាប់មានរបស់កងទ័ព ថា ជាចំណុចវិជ្ជមាន។ “ នៅទីបំផុត ការទទួលខុសត្រូវរបស់ប្រទេសភូមា គឺធ្វើឲ្យមានការអនុវត្តច្បាប់នៅក្នុងប្រទេស” នេះ ជាសំដីរបស់លោកស្រីអ៊ុងសាន ស៊ូជី ដកស្រង់ដោយកាសែតភូមា នៅថ្ងៃសៅរ៍នេះ។
ចាប់តាំងពី មានផ្ទុះអំពើហិង្សា នៅរដ្ឋរ៉ាឃីន កងទ័ពភូមាតែងបដិសេធជានិច្ច ថា គ្មានបានរំលោភអំណាច ប្រព្រឹត្តអំពើហិង្សាទៅលើជនភាគតិច រ៉ូហ៊ីងយ៉ានោះទេ។ យោធាភូមាគ្រាន់តែលើកនិយាយពីការសម្លាប់ភេរវជន៤០០នាក់ ដែលជាក្រុមឧទ្ទាម ដែលបានបើកការវាយប្រហារទៅលើប៉ូលិសភូមា។ អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកបានចោទប្រកាន់កងទ័ពភូមា ថា បានបើកប្រតិបត្តិការ សម្លាប់បោសសម្អាត ជាតិពិន្ធុ។ ក្រុមអង្គការការពារសិទ្ធិមនុស្សវិញ បានរិះគន់ខ្លាំងៗ លោកស្រីអ៊ុងសាន ស៊ូជី ជ័យលាភីណូបែលសន្តិភាព ថា បានបរាជ័យ មិនហ៊ានចេញមុខ ថ្កោលទោសសកម្មភាពសម្លាប់មនុស្សរបស់ក្រុមកងទ័ពភូមា នៅរដ្ឋរ៉ាឃីន។
សូមអាន៖វិបត្តិរ៉ូហ៊ីងយ៉ា ៖ ហេតុអ្វី លោកស្រី អ៊ុងសានស៊ូជី មិនជំទាស់ទង្វើរបស់ពួកយោធា ?
សម្រាប់អង្គការការពារសិទ្ធិមនុស្ស ក្នុងស្រុក និងអន្តរជាតិ កងទ័ពភូមា បានទទួលស្គាល់ដោយចុងមាត់ ចុងក មែន ប៉ុន្តែ វាបានបញ្ជាក់ពីសញ្ញា វិវឌ្ឍមួយដ៏សំខាន់ នៅក្នុងប្រទេសភូមា ជាទី ដែល គ្មានទេ តម្លាភាព និងការទទួលស្គាល់កំហុសរបស់ក្រុមដឹកនាំយោធា។ ការសារភាពរបស់កងទ័ព បានបញ្ជាក់ពីទោសឧក្រិដ្ឋ របស់ទាហាន និងមេបញ្ជាការ ភូមា នៅក្នុងការសម្លាប់ទ្រង់ទ្រាយធំ។ សម្រាប់អ្នកតាមដានជាច្រើន ចម្លើយសារភាពរបស់កងទ័ព នៅក្នុងរឿងសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ា ទាំង១០នាក់ អាចមានជាប់ទាក់ទង នឹងការចាប់ខ្លួន អ្នកកាសែតពីររូបរបស់ទីភ្នាក់ងារព័ត៌មានReuters ដែលត្រូវបានតុលាការចោទប្រកាន់ ពីបទរំលោភការសម្ងាត់របស់រដ្ឋាភិបាល។ តាមកាសែតក្នុងស្រុកភូមា អ្នកកាសែត របស់Reutersធ្លាប់បានចុះទៅអង្កេតលើការសម្លាប់រង្គាល និងរណ្តៅសាកសព នៅរដ្ឋរ៉ាឃីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ