Sipri៖មជ្ឈិមបូព៌ា និងអាស៊ីជាតំបន់ដែលទិញអាវុធច្រើនជាងគេនារយៈពេល ៥ឆ្នាំកន្លងទៅ
វិទ្យាសា្ថន Sipri ដែលមានទីស្នាក់ការក្នុងទីក្រុងស្តុកខុម ប្រទេសស៊ុយអែតបានផ្សព្វផ្សាយរបាយការណ៍ស្តីពីការជួញដូរគ្រឿងសព្វាវុធក្នុងលោក។ របាយការណ៍ចេញផ្សាយនាថ្ងៃចន្ទ ទី១២ មីនាឲ្យដឹងថា ការលក់អាវុធទៅឲ្យតំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីបានកើនឡើងខ្ពស់នារយៈពេល ៥ឆ្នាំកន្លងទៅ។ តម្រូវការអាវុធក៏ដោយសារតែតំបន់ទាំងពីរនេះកំពុងបន្តគ្របដណ្តប់ដោយជម្លោះប្រដាប់អាវុធ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៤
របាយការណ៍របស់វិទ្យាស្ថាន Sipri បានកត់សម្គាល់ឃើញជារួមថា បើគិតជាលក្ខណៈសកល ការលក់អាវុធដែលមានការកើនឡើងតាំងពីឆ្នាំ ២០០៣ បានកើនឡើងចំនួន ១០% ក្នុងចន្លោះឆ្នាំ ២០១៣ និង ២០១៧។ តែគ្រឿងសព្វាវុធដែល Sipri បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួន គឺទាក់ទងតែគ្រឿងសព្វាវុធសំខាន់ៗដូចយ៉ាងយន្តហោះចម្បាំង ប្រព័ន្ធការពារផ្លូវអាកាស រថក្រោះ គ្រាប់មីស៊ីល នាវាចម្បាំង ឬមួយក៏ផ្កាយរណបយោធា។ ចំណែកប្រទេសដែលលក់អាវុធច្រើនជាងគេ គឺអាមេរិកដោយបានស្រូបយកតែម្នាក់ឯងដល់ទៅ ៣៤% នៃទីផ្សារអាវុធក្នុងលោក។
តាម Sipri អាស៊ី អូសេអានីជាតំបន់នាំអាវុធចូលច្រើនជាងគេដល់ទៅ ៤២% នៅពីមុខតំបន់មជ្ឈិមបូព៌ាដែលមាន ៣២% តែគឺតំបន់មួយនេះដែលការនាំអាវុធចូលមានការកើនឡើងលឿន។ អារ៉ាប៊ីសាអូឌីតជាប្រទេសទិញអាវុធលំដាប់ទី២ ក្នុងលោកជាមួយនឹងកំណើន ២២៥% បន្ទាប់ពីប្រទេសឥណ្ឌា ហើយគឺអាមេរិកដែលបានលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតច្រើនជាងគេ បន្តដោយប្រទេសអង់គ្លេស។ ជាក់ស្តែងនាថ្ងៃសុក្រ ទី៩ មីនាកន្លងទៅ ទីក្រុងឡុងដ៏បានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងឲ្យអារ៉ាប៊ីសាអូឌីតក្នុងទឹកប្រាក់ច្រើនពាន់លានដុល្លារ។
នៅតំបន់អាស៊ី ឥណ្ឌាជាប្រទេសទី១ ទិញអាវុធពីគេ ព្រោះនៅមិនទាន់មានរោងចក្រផលិតអាវុធដោយខ្លួនឯងទេ ពោលខុសពីប្រទេសចិន។ រុស្ស៊ីជាប្រទេសដែលលក់អាវុធច្រើនជាងគេឲ្យឥណ្ឌាក្នុងអត្រាដល់ទៅ ៦២%។ តម្រូវការខ្ពស់របស់ឥណ្ឌាក៏ដោយសារតែប្រទេសអាស៊ីមួយនេះកំពុងបន្តមានភាពតានតឹងជាមួយប្រទេសប៉ាគីស្ថាន និងចិន។ ចិនខ្លួនឯងក៏ជាប្រទេសលក់អាវុធដែលការនាំចេញបានកើនចំនួន ៣៨% ពិសេសលក់ទៅឲ្យប្រទេសភូមា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ