អានតួអត្ថបទ
ស៊ុយអែត

Sipri៖​អឺរ៉ុប និង​រុស្ស៊ី​ទទួល​បាន​ផលចំណេញ​ច្រើន​ពី​ការ​លក់​គ្រឿងសព្វាវុធ​ក្នុង​ឆ្នាំ ២០១៥

នៅ​ថ្ងៃ​ចន្ទ ទី៥ វិច្ឆិកា​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​ហៅ​កាត់​ថា Sipri បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៥ ស្តីពី​ការ​ជួញដូរ​គ្រឿង​សព្វាវុធ​ក្នុង​លោក។ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​អាវុធ​អឺរ៉ុប និង​រុស្ស៊ី​ជា​អ្នក​ដែល​បាន​ទទួល​ផលចំណេញ​ច្រើន​ពី​ការ​លក់​អាវុធ​ក្នុង​ឆ្នាំ ២០១៥។ ទោះ​ជា​យ៉ាង​នេះ​ក្តី ឧស្សាហកម្ម​អាវុធ​អាមេរិកាំង​នៅ​តែ​បន្ត​គ្របដណ្តប់​លើ​ទីផ្សារ​អាវុធ​ក្នុង​លោក។

Logo SIPRI
Logo SIPRI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​រុស្ស៊ី ឧស្សាហកម្ម​គ្រឿងសព្វាវុធ​មាន​សុខភាព​ល្អ និង​បាន​ស្គាល់​កំណើន​ខ្លាំង​ក៏​ដោយសារ​តែ​មាន​តម្រូវការ​ខ្ពស់​ពី​ក្រសួង​ការពារជាតិ ពិសេស​តម្រូវការ​គ្រឿងអាវុធ​បន្ថែម ឬ​ធ្វើ​ការ​ផ្លាស់ប្តូរ​គ្រឿងសព្វាវុធ​ចាស់ៗ​ចេញ។ ក្រៅ​ពី​កំណើន​តម្រូវការ​ក្នុង​ស្រុក ឧស្សាហកម្ម​អាវុធ​រុស្ស៊ី​ក៏​បាន​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​ផ្សេង ពិសេស​ឥណ្ឌា ចិន ឬ​មួយ​ក៏​ប្រទេស​វៀតណាម​ជា​ដើម។ នៅ​ក្នុង​ចំណោម​ឧស្សាហកម្ម​អាវុធ​រុស្ស៊ី​ទាំង​អស់ មាន​ឧស្សាហកម្ម​ចំនួន ១៣ បាន​ស្គាល់​កំណើន​លក់​អាវុធ​ខ្ពស់​ក្នុង​ឆ្នាំ ២០១៥ ពោល​កើន ៦,២% ធៀប​នឹង​ឆ្នាំ ២០១៤។ យ៉ាង​ណា​ក៏​ដោយ កំណើន​នេះ​នៅ​ទាប​ឆ្ងាយ​ណាស់​បើ​ធៀប​នៅ​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៤ ដែល​មាន​ដល់​ទៅ ៤៨,៤%។

សម្រាប់​ឆ្នាំ ២០១៥ Sipri បាន​ចាត់​ចំណាត់ថ្នាក់​ឧស្សាហកម្ម​អាវុធ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក​ចំនួន ១០០ឧស្សាហកម្ម ក្នុង​នោះ ឧស្សាហកម្ម​អាវុធ​អាមេរិកាំង​ដូច​យ៉ាង Lockheed Martin ដែល​មាន​ប្រាក់ទុន​ជាង ៣៦ ៤០០លានដុល្លារ និង Boeing ដែល​មាន​ប្រាក់ទុន​ចំនួន ២៨ ០០០លានដុល្លារ​នៅ​បន្ត​ស្ថិត​ចំណាត់ថ្នាក់​ទី១ ដដែល និង​បន្ត​ដោយ​ឧស្សាហកម្ម​អាវុធ​អង់គ្លេស BEA Systems ដែល​មាន​ប្រាក់ទុន​ជាង ២៥ ៥០០លានដុល្លារ។ យោង​តាម Sipri ប្រាក់​បាន​មក​ពី​ការ​លក់​អាវុធ​សរុប​ក្នុង​ឆ្នាំ ២០១៥ មាន​ជាង ៣៧០ ៧០០លានដុល្លារ ពោល​មាន​ការ​ធ្លាក់​ចុះ​តិចតួច​ជាប់ៗ​គ្នា​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ ក្នុង​នោះ ឧស្សាហកម្ម​អាវុធ​អាមេរិកាំង​ស្រូប​យក​តែ​ឯង​ចំនួន ៥៦,៦%។

រីឯ​ទីផ្សារ​នៅ​សេសសល់​ត្រូវ​បាន​ធ្លាក់​លើ​អឺរ៉ុប​ដែល​មាន ២៥,៨% និង​រុស្ស៊ី​ដែល​មាន ៨,១%។ ចិន​ក៏​ជា​ប្រទេស​ផលិត​អាវុធ និង​ទិញ​អាវុធ​ពី​បរទេស​ដែរ តែ Sipri មិន​បាន​លើក​យក​មក​និយាយ​ទេ ព្រោះ​គ្មាន​ទិន្នន័យ​ច្បាស់លាស់។ ដោយឡែក ឧស្សាហកម្ម​អាវុធ​បារាំង​ត្រូវ​បាន Sipri បញ្ជាក់​ថា ទទួល​បាន​កិច្ចសន្យា​ទិញ​អាវុធ​ដ៏​ច្រើន​សម្បើម​ពី​ប្រទេស​អេហ្ស៊ីប និង​កាតា​ក្នុង​ឆ្នាំ ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ