អានតួអត្ថបទ

ចិន​បន្ត​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក តែ​ការពារ​ជានិច្ច​ប្រយោជន៍​ជាតិ

ឧបនាយករដ្ឋមន្ត្រីចិន​លោក លីវ ហេ Liu He បាន​ប្រាស្រ័យ​​តាម​ទូរស័ព្ទ​ជាមួយ​នឹង​​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោក Steven Mnuchin ដោយ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បន្ត​ជជែក​ទាក់ទង​គ្នា​ស្តី​អំពី​បញ្ហា​​​ពាណិជ្ជកម្ម​ទៀត ប៉ុន្តែ​លោក លីវហេ បាន​ឆ្លៀត​ព្រមាន​ថា ចិន​ត្រៀម​លក្ខណៈ​ជា​ស្រេច​នឹង​ការ​ពារផលប្រយោជន៍​ជាតិ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ពាំពាក្យ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​ផ្លូវការ​ចិន​ថ្មី។

លោក Liu He ឧបនាយករដ្ឋមន្ត្រី​ចិន​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច
លោក Liu He ឧបនាយករដ្ឋមន្ត្រី​ចិន​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

កិច្ច​ពិភាក្សា​តាម​ទូរស័ព្ទ​ ដែលបង្ហើប​ឱ្យ​ដឹង​ដោយ​សារព័ត៌មាន​ចិន​ថ្មី Xinhua ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ភាព​តាន​តឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន បាន​ប៉ោង​ឡើង​យ៉ាង​ខ្លាំង ដោយ​សារ​តែ​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​ប្រកាស​យក​ពន្ធ​លើ​ផលិតផលនាំ​ចូល​មក​ពី​ចិន ក្នុង​ទំហំ​អាច​ឡើង​ដល់​៦០ពាន់​លាន​ដុល្លារ។ ជា​ការ​យក​ពន្ធ​ដៅ​លើ​វិស័យ​មួយ​ចំនួន​ដែល​វ៉ាស៊ីនតោន​យល់​ថា​ចិន​បាន​លួច​បច្ចេកវិទ្យា​និង​កម្មសិទ្ធិ​បញ្ញា​អាមេរិក។

ជាទីប្រឹក្សា​សេដ្ឋកិច្ច​ដ៏​​​ជំនិត​របស់​ប្រធានាធិបតី​ចិន​ស៊ីជីនពីង បាន​ទទួល​ការ​សិក្សានិង​បំពាក់បំប៉ន​នៅសាកលវិទ្យាល័យ​Harvard អាមេរិក ​លោក លីវ ហេ ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​ត្រួតពិនិត្យ​វិស័យ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច បាន​គូស​បញ្ជាក់​ ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា វិធានការ​ពាណិជ្ជកម្ម​អាមេរិក​ប្រឆាំង​នឹង​ចិន ជា​ការ​រំលោភ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ និងគ្មាន​ចំណេញ​​ប្រយោជន៍​ដល់​អាមេរិក ឬ​ដល់​ចិន និង​ពិភពលោក​ទាំង​មូល​ទេ ! វ៉ាស៊ីនតោន និង​ប៉េកាំង គួរ​តែ​ដឹង​ថា​ត្រូវ​ប្រកាន់​ខ្លួន​របៀប​ណា ក្នុង​ការ​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​មានស្ថិរភាព​ល្អ។

ប៉ុន្តែ​ចិន​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ហើយ ! ហើយ​ចិនក៏​មាន​កម្លាំង​ខ្លាំងគ្រប់គ្រាន់​​​នឹង​ការ​ពារ​ប្រយោជន៍​ជាតិ​ខ្លួនដែរ ! ​នេះ​ជា​ការ​ពាក្យ​ព្រមាន​របស់​លោក លីវ ហេ ដោយ​ចំ​ៗ​ទៅ​កាន់​ភាគី​អាមេរិក។

កាលពី​ថ្ងៃសុក្រ​ម្សិលមិញ ចិន​បាន​​​អំពាវនាវ​ឱ្យ​វ៉ាស៊ីនតោន បញ្ចៀស​មហន្តរាយ​ ! និង ​​អះអាង​ថា​ប៉េកាំងមិន​ខ្លាច​នឹង​​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ព្រមទាំង​បាន​គំរាម​ដាក់​ទណ្ឌកម្ម​​ប្រឆាំង​តប​នឹងសហរដ្ឋ​អាមេរិក​ ក្នុង​តម្លៃ​ប្រមាណ​៣ពាន់​លាន​ដុល្លារ។ បញ្ជី​ឈ្មោះ​ផលិតផល​អាមេរិកនាំ​ចូល​មក​ចិន តាំង​ពី​​ផ្លែឈើ​ស្រល់ រហូតដល់​សាច់​ជ្រូក ដែល​​ជាប់​ពន្ធដល់​ទៅ​​២៥% ក៏​ត្រូវ​បាន​បង្ហាញ ប៉ុន្តែ​លោក លីវ ហេ បាន​បញ្ជាក់​ថា​មិន​រួសរាន់​ធ្វើ​សង្គ្រាម​ជាមួយ​អាមេរិក​ទេ ! លោក​បាន​យល់​ព្រម​ចំហ​ទ្វារ និង​សុខ​ចិត្ត​ចូល​ចរចា​ពាណិជ្ជកម្ម​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ជាមួយ​វ៉ាស៊ីនតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ