អានតួអត្ថបទ
ស្រីលង្កា-​​វិបត្តិ​​ក្ស័យ​ធន

ស្រីលង្កាជួល​ព្រលានយន្តហោះដែល​សង់ដោយខ្ចីលុយពី​ចិន ទៅឲ្យក្រុមហ៊ុន​ឥណ្ឌា​និងរុស្ស៊ី

រដ្ឋាភិបាល​ស្រីលង្កា ​ប្រកាសនៅ​ថ្ងៃសុក្រទី២៦មេសា ​ថា​បាន​ជួល​អាកាសយានដ្ឋានដែល​សាងសង់ពី​លុយ​កម្ចីចិន ទៅឲ្យ​សហក្រុមហ៊ុន​ឥណ្ឌា​និងរុស្ស៊ី។ ព្រលានយន្តហោះដែល​ខ្ចីលុយ​ចិនសាងសង់​នេះ មិនទាន់​ស្ថាបនាជួសជុល​​រួចនិង​មានដំណើរការស្រួល​បួល​​នៅឡើយទេ​​ ប៉ុន្តែ​រដ្ឋាភិបាល​ស្រីលង្កា ត្រូវ​​បង្ខំ​ចិត្ត​ជួល​ឲ្យ​ក្រុម​ហ៊ុន​បរទេស​ បន្ត​គម្រោង​សាងសង់​​បង្ហើយនិង​ចាត់ចែង​ដំណើរការ​ជើង​ហោះហើរ​ ព្រោះតែ​​ក្រុម​ហ៊ុនសាធារណៈ​របស់​​រដ្ឋាភិបាល​ស្រីលង្កា ជួប​​វិបត្តិ​​ក្ស័យ​ធន​។​ ​

ព្រលានយន្តហោះអន្តរជាតិ Mattala Rajapaksa ​សម្ពោធនៅ​ឆ្នាំ​២០១៣។
ព្រលានយន្តហោះអន្តរជាតិ Mattala Rajapaksa ​សម្ពោធនៅ​ឆ្នាំ​២០១៣។ AP - Sanka Gayashan
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលស្រីលង្កា បានអនុម័ត​​យល់ព្រម​ជួល​អាកាសយានដ្ឋានអន្តរជាតិដំរីស White Elephant ឬ Mattala Rajapaksa ​ក្នុង​រយៈពេល​ ៣០ ឆ្នាំ​ ទៅ​ឲ្យ​សហក្រុមហ៊ុន​បរទេស​​ពីរ។ នោះគឺក្រុមហ៊ុន​​ឥណ្ឌា​ Shaurya Aeronautics និង ក្រុមហ៊ុន​រុស្ស៊ី​ Airports of Regions។ នេះបើតាម​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ និងជា​អ្នក​នាំពាក្យ​រដ្ឋាភិបាលស្រីលង្កា ​ លោក Bandula Gunawardana ដែល​បាន​ប្រាប់​ទៅ​បណ្តាញ​សារព័ត៌មាន​ នៅថ្ងៃសុក្រ ទី​២៦ មេសា។ ដោយ​ពុំ​បានបញ្ជាក់​​លម្អិត​អំ​ពី​ចំនួន​តម្លៃទឹកប្រាក់នោះទេ អ្នក​នាំពាក្យ​រដ្ឋាភិបាលស្រីលង្កា គ្រាន់តែ​បង្ហើប​ឲ្យដឹង​ថា មាន​​ក្រុម​ហ៊ុន​ជំនាញ​អាកាសចរណ៍ ៤ បង្ហាញ​ចេតនា​ចង់​ចូលរួម​គ្រប់គ្រងដំណើរការ​ហោះហើរ​របស់​ព្រលាន​​យន្តហោះស្រីលង្កា​។ ព្រលាន​យន្តហោះ ដែល​ពេល​នេះ នៅមិនទាន់​មាន​ជើង​ហោះ​ហើរ​ទៀង​ទាត់​សោះ។​ ​

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​អាអែហ្វប៉េ កត់​សម្គាល់​ថា វិស័យ​អាកាសចរណ៍ស្រីលង្កា ពុំ​សូវ​លូត​លាស់​ខ្លាំងទេ។ ក្រុម​ហ៊ុន​អាកាសចរណ៍​ Air Arabia នៅ​ឆ្នាំ​២០១៣ បាន​ទៅ​រកស៊ី​តែប្រមាណ ៦ សប្តាហ៍ ក៏បាន​ដកថយ​ទៅវិញ។ ក្រុម​ហ៊ុន​យន្តហោះ​ជាតិ​ Srilanka Airlines ​​បញ្ចប់​ហោះហើរ ទៅព្រលាន Mattala Rajapaksa នៅ​ឆ្នាំ២០១៥ ។  ក្រុមហ៊ុន​ Flydubai ក៏​បាន​បញ្ចប់​សកម្មភាព​របស់ខ្លួនដែរ នៅឆ្នាំ២០១៨ ដោយ​គ្មាន​បញ្ជាក់​មូលហេតុ គឺ​គ្រាន់​តែ​ប្រកាស​​យ៉ាងខ្លី ថាមកពី​មិន​សម្បូរ​អ្នក​ដំណើរ​។​

អាកាសយានដ្ឋាន​អន្តរជាតិដំរីស ដែលជួល​ឲ្យ​ក្រុម​ឥណ្ឌានិងរុស្ស៊ី នៅពេលនេះ​ វា​មាន​ឈ្មោះ១ទៀត​ថាព្រលាន​យន្តហោះ​ Mattala Rajapaksa គឺ​ដាក់​ឈ្មោះ​តាមនាម​​​ប្រធានាធិបតី​ចាស់​​ Mahinda Rajapaksa ដែល​ ​បាន​សម្ពោធ​នៅឆ្នាំ២០១៣។ អតីតប្រមុខរដ្ឋ​រូបនេះ បាន​ខ្ចី​លុយ​ចិន​ច្រើន​សន្ធឹកសន្ទាប់ ដើម្បី​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធក្នុងប្រទេស​ និងសង់​​អាកាសយានដ្ឋាន​ដាក់​ឈ្មោះ​ខ្លួន​ឯង ​​នៅ​កន្លែង​ក្បែរ​ឧទ្យានជាតិ ឋិត​នៅ​​ប៉ែក​ខាង​ត្បូង​ប្រទេស ចំកន្លែង​ដំណើរសត្វព្រៃ​។ ​ពេល​យន្តហោះ​ចេញ​ដំណើរ​ម្តងៗ ទាហានសន្តិសុខ​​រាប់រយនាក់ ត្រូវ​​នាំគ្នា កៀង​ដេញ​សត្វ​ព្រៃ​ ដើម្បីឲ្យ​យន្តហោះ អាច​​ហោះហើរ​បាន​​​។

អតីតប្រធានាធិបតី Mahinda Rajapaksa ត្រូវ​គេ​រិះគន់​អំពីការ​ចាត់ចែង​កម្ចីរបស់​​ចិន ​មិន​បាន​ល្អ និង​បង្កឲ្យ​មាន​អំពើ​ពុករលួយ​ នៅក្រោម​រជ្ជកាល​ដឹកនាំ​របស់គាត់ ព្រមទាំង​បណ្តាល​ឲ្យ​ប្រទេស​ជាតិ​ជួប​វិបត្តិ​សេដ្ឋ​កិច្ច​ធ្ងន់ធ្ងរ​ ជះឥទ្ធិពល​រហូត​មកដល់​សព្វថ្ងៃ​។ នៅឆ្នាំ២០១៥ ប្រធានាធិបតី​រូបនេះបានធ្លាក់​ពីអំណាច។ ២ឆ្នាំបន្ទាប់ ដោយ​សារ​តែ​ជំពាក់​លុយបំណុល​​ចិន​វណ្ឌក រដ្ឋាភិបាល​ស្រីលង្ហា​បាន​បង្ខំ​ចិត្ត​​ជួល​កំពង់ផែ​ នៅក្រុង​ Hambantota ឲ្យក្រុមហ៊ុន​​ចិន​ China Merchants Port Holdings គ្រប់​គ្រង រយៈពេល ​៩៩ឆ្នាំ។​

ប្រធានាធិបតី​ស្រីលង្កា​បច្ចុប្បន្ន លោក Ranil Wickremesinghe បាន​កែទម្រង់​សេដ្ឋកិច្ច បង្កើន​ពន្ធ និង​បន្ថយ​ឧបត្ថម្ភធន​លើវិស័យ​ថាមពល។  នៅឆ្នាំទៅមិញ ស្រីលង្កា​បាន​ទទួល​គម្រោង​កម្ចី​សង្គ្រោះ​សេដ្ឋកិច្ច តម្លៃទឹកប្រាក់​ ២,៩ ពាន់​លាន​ដុល្លារ​ ពីអង្គការ​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI។ ដើម្បីរំដោះខ្លួន​ពីក្រុមហ៊ុនរដ្ឋ​ក្ស័យធន រដ្ឋាភិបាល​ស្រីលង្កា បាន​ជួល​និង​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់​គ្រងវិញ​។ ​ការ​ជួល​ព្រលាន​យន្តហោះ​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា​និងរុស្ស៊ី នៅពេល​នេះ ជាករណី​ជាក់ស្តែងស្រាប់​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ