កូវ៉ែតនិងហ្វីលីពីនចុះកិច្ចព្រមព្រៀងមួយដើម្បីរៀបចំច្បាប់គ្រប់គ្រងការងារតាមផ្ទះ
នៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសកូវ៉ែតនិងហ្វីលីពីន ទើបបានចុះកិច្ចព្រមព្រៀងមួយដើម្បីរៀបចំច្បាប់គ្រប់គ្រងការងារតាមផ្ទះ បន្ទាប់ពីមានវិបត្តិការទូតរវាងប្រទេសទាំង២រួចមករហូតដល់ការហាមឃាត់ពលករហ្វីលីពីនមិនអោយទៅធ្វើការនៅប្រទេសកូវ៉ែតទៀតផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៦
នៅក្នុងសន្និសីទសាព័ត៌មានជាមួយនឹងសមភាគីហ្វីលីពីននៅថ្ងៃសុក្រម្សិលមិញ លោករដ្ឋមន្ត្រីការបរទេសកូវ៉ែតបានជូនដំណឹងថា កូវ៉ែតនិងហ្វីលីពីនទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីរៀបចំច្បាប់គ្រប់គ្រងការងារនៅតាមផ្ទះ។
គូររំលឹកថា កាលពីខែកុម្ផៈមុននេះ ប្រធានាធិបតីហ្វីលីពីន បានធ្វើការហាមជាបណ្តោះអាស្ននមិនអោយពលរដ្ឋហ្វីលីពីនចេញទៅធ្វើការនៅកូវ៉ែតទៀតឡើយ បន្ទាប់ពីមានអំពើឃាតកម្មលើនារីអ្នកបម្រើតាមផ្ទះជនជាតិហ្វីលីពីនមួយរូបរួចមក ដែលសាកសពជនរងគ្រោះ ត្រូវបានគេរកឃើញនៅក្នុងទូរកក។
បន្ទាប់ពីរឿងអាស្រូវឃាតកម្មនេះមក វិបត្តិរវាងហ្វីលីពីននិងកូវ៉ែត កាន់តែធ្លាក់ចុះដុនដាបនៅខែមេសាមុន នៅខណៈដែលកូវ៉ែត បានបញ្ជារឲ្យបណ្តេញឯកអគ្គរដ្ឋទូតហ្វីលីពីនចេញពីប្រទេសខ្លួនដោយបានកោះហៅឯកអគ្គរាដទូតកូវ៉ែតប្រចាំនៅហ្វីលីពីន វិលត្រឡប់មកក្នុងស្រុកវិញជាបន្ទាន់។ ការកោះហៅមេទូតកូវ៉ែត អោយចូលក្នុងស្រុកវិញយ៉ាងរហ័សបំផុតនេះ ជាប្រតិកម្មប្រឆាំងមួយ បន្ទាប់ពីមានការផ្សព្វផ្សាយខ្សែអាត់វីដេអូមួយដែលបង្ហាញពីក្រុមមន្ត្រីការទូតហ្វីលីពីននៅកូវ៉ែត កំពុងរៀបចំជម្លៀសអ្នកបម្រើជនជាតិហ្វីលីពីនចេញពីក្រុមគ្រួសារកូវ៉ែតណាដែលគេសង្ស័យថា បានវាយធ្វើបាបលើអ្នកបម្រើជនជាតិហ្វីលីពីន។
ហើយនៅចុងខែមេសាមុននេះទៀត ប្រធានាធិបតីហ្វីលីពីន ក៏បានហាមជាស្ថាពរពលរដ្ឋខ្លួន មិនអោយចេញទៅបម្រើការនៅកូវ៉ែតដែរ។
ក៏ប៉ុន្តែទើបតែនៅថ្ងៃព្រហស្បតិ៍មុននេះ អ្នកទទួលខុសត្រូវនៃគណប្រតិភូហ្វីលីពីនមួយរូបដែលស្ថិតនៅកូវ៉ែត បានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា វិបត្តិរវាងកូវ៉ែតនិងហ្វីលីពីន បានផុតរលត់ហើយ។ ហើយកូវ៉េតនិងហ្វីលីពីន ក្នុងពេលនេះ កំពុងតែរិះរកវិធីយ៉ាងណាដើម្បីពង្រីកទំនាក់ទំនងរវាងកូវ៉ែតនិងហ្វីលីពីនថែមទៀត និងក៏កំពុងតែចរចាគ្នានៅលើកិច្ចព្រមព្រៀងមូយដើម្បីនឹងអនុញ្ញាតដល់ការលើកបម្រាមវិញពាក់ព័ន្ធនឹងការងារពលករបម្រើតាមផ្ទះ។
កិច្ចព្រមព្រៀងនោះ អនុញាតនូវសិទ្ធិមួយចំនួនដល់ពលករហ្វីលីពីន ដូចជា ពីអំណេះតទៅ ពលករហ្វីលីពីន អាចរក្សាទុកទូរស័ព្ធដៃជាប់នឹងខ្លួនបាន មានពេលឈប់សម្រាកពីការងារ មួយថ្ងៃក្នុងមួយសប្តាហ៍និងអាចស្វែងរកជំនួយពីអាជ្ញាធរហ្វីលីពីនបើសិនជាការចាំបាច់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ