១៩៥ប្រទេស អនុម័តរបាយការណ៍ដ៏រន្ធត់របស់GIEC ស្តីពីអាកាសធាតុ
គ្រប់គ្នាស្តាប់ឮសារអំនាវនាវរបស់អ្នកវិទ្យាសាស្ត្រហើយ ! នៅថ្ងៃសៅរ៍នេះ ទោះបីជាអារ៉ាប៊ីសាអូឌីតប្រឆាំងរារាំងខ្លាំងយ៉ាងណាក៏ដោយ ក៏តំណាងរដ្ឋាភិបាលចំនួន១៩៥ប្រទេសនៅលើពិភពលោក បានអនុម័តលើរបាយការណ៍ចុងក្រោយរបស់ ក្រុមអ្នកជំនាញអាកាសធាតុអន្តររដ្ឋាភិបាលហៅកាត់ជាភាសាបារាំងថា GIEC។ ជារបាយការណ៍ដែលបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការឡើងកម្តៅអាកាសធាតុលើសពី១,៥អង្សា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៨
កិច្ចប្រជុំដោយបិទទ្វារ ដែលចាប់ផ្តើមតាំងពីដើមសប្តាហ៍ ត្រូវបន្ថែមពេលមួយថ្ងៃ និងជាច្រើនម៉ោងទៀត ដើម្បីដោះស្រាយអំពីបញ្ហាប្រឆាំងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការរៀបរាប់របស់អ្នកចូលរួមប្រជុំជាច្រើន។
ជាប្រទេសនាំចេញប្រេងលំដាប់លេខមួយពិភពលោក អារ៉ាប៊ីសាអូឌីត បានប្រឆាំងយ៉ាងដាច់អហង្ការ ជំពូកមួយដែលរំលឹកអំពីភាពមិនគ្រប់គ្រាន់នៃការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដើម្បីកំរិតការឡើងកម្តៅអាកាសធាតុត្រឹម១,៥អង្សា ដែលបានសន្យានៅកិច្ចព្រមព្រៀងក្រុងប៉ារីស។ ប៉ុន្តែបើតាមប្រភពមិនបញ្ចេញឈ្មោះ ដោយអង្គប្រជុំសម្រេចព្រមព្រៀងគ្នាទាំងស្រុង ដាក់បញ្ជាក់នៅក្រោមទំព័រថា “ប្រឆាំងដោយអារ៉ាប៊ីសាអូឌីត” ទើបតំណាងក្រុងរីយ៉ាដ សុខចិត្តសម្របខ្លួនតាមគេឯង កុំឱ្យជាប់ឈ្មោះក្នុងក្រដាស។
ជំហរជំទាស់របស់អារ៉ាប៊ីសាអូឌីត មិនមែនជាការភ្ញាក់ផ្អើលឡើយ ! ពេញមួយសប្តាហ៍កន្លងមកនេះ ប្រតិភូអារ៉ាប៊ីសាអូឌីត បានសម្តែងការប្រឆាំងនឹងរបាយការណ៍ ទាំងទម្រង់និងខ្លឹមសារ។ ក្រុងរីយ៉ាដ ក៏ធ្លាប់ប្រកាន់ជំហរខ្ទប់ស្កាត់សកម្មភាពរបស់អង្គការសហប្រជាជាតិក្នុងការប្រឆាំងនឹងការឡើងកម្តៅអាកាសធាតុ ពីមុនមក មិនថាជារបាយការណ៍របស់GIEC ឬការចរចារកកិច្ចព្រមព្រៀងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទេ។ កាលពីឆ្នាំ២០១៥ ថ្វីបើអារ៉ាប៊ីសាអូឌីតព្រមអនុម័តលើជាកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស កំរិតមិនឱ្យភពផែនដីឡើងកម្តៅលើសពី២អង្សា ឬកាន់តែល្អត្រឹម១,៥អង្សាមែន តែប្រទេសនេះបានប្រឆាំងរួចសេ្រចទៅហើយនឹងការបន្ថែមពាក្យ១,៥អង្សា។
ក្រៅអំពីជំហរប្រឆាំងរបស់រីយ៉ាដ កិច្ចប្រជុំត្រូវការពេលវេលាបន្ថែម ដោយអ្នកវិទ្យាសាស្ត្របានចំណាយពេលពន្យល់រាល់គ្រប់សំណួរ និងការតវ៉ាទាំងឡាយ យ៉ាងលម្អិត។ នៅទីបំផុត របាយការណ៍ត្រូវបានអនុម័ត ដោយកុងសង់ស៊ុស និង ដោយស្ទើរតែគ្មានការកែសម្រួលអត្ថបទដើម។
របាយការណ៍កម្រាស់៤០០ទំព័រ ដោយឈរលើមូលដ្ឋានសិក្សាចំនួន៦ពាន់ ឆ្លុះដែលបញ្ចាំងឱ្យឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរខុសគ្នាខ្លាំងរវាងការឡើងកម្តៅអាកាសធាតុ ១,៥អង្សា និង២អង្សានេះ នឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃចន្ទទី ៨ តុលា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ