អ.ស.ប រងការរិះគន់ នៅក្រោយហ្វីលីពីនជ្រើសរើសឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស
អង្គការសហប្រជាជាតិ បានរងការរិះគន់ ខ្លាំងៗពីក្រុមអង្គការការពារសិទ្ធិមនុស្ស នៅ អឺរ៉ុប និងនៅអាមេរិកខាងជើង នៅក្រោយការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមួយចំនួនមកពីប្រទេសដែលមានការរំលោភសិទ្ធិមនុស្ស។ ហ្វីលីពីន អេរីត្រេ បារ៉ែន ជាដើម ដែលរងការចោទប្រកាន់ថា ជាប្រទេសដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ត្រូវបានអង្គសន្និបាតរបស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រម្សិលមិញ បោះឆ្នោត ជ្រើសតាំងឲ្យធ្វើជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៤
មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រម្សិលមិញ បានបោះឆ្នោត ជ្រើសរើសប្រទេសសមាជិកថ្មីសម្រាប់អាសនៈ មួយភាគបី នៃអាសនៈសរុប ៤៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ភ្លាមៗ នៅក្រោយការបោះឆ្នោតដែលមានសំលេង គាំទ្រ ភាគច្រើន ពីមហាសន្និបាត ស្ថាប័នអន្តរជាតិមួយនេះ បានរងការរិះគន់ វាយប្រហារពីអង្គការនិងសកម្មជនការពារសិទ្ធិមនុស្ស ទាំងនៅអឺរ៉ុប និងនៅអាមេរិកខាងជើង។ រិះគន់ព្រោះថា នៅក្នុងចំណោមប្រទេសសមាជិកចំនួន១៨ ដែលត្រូវបានជ្រើសរើសសម្រាប់អាណត្តិបីឆ្នាំ (ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានប្រទេសចំនួន៦ ដូចជាហ្វីលីពីន បារ៉ែន បង់ក្លាដែស សូមាលី កាមឺរូន អេរីត្រេ ដែលកំពុងរងការចោទប្រកាន់ថា កំពុងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃសុក្រ ក្រុមអង្គការនៅអឺរ៉ុប អាមេរិក និងកាណាដា បានវាយតម្លៃថា បើសិនគេមើលទៅលើស្ថានភាពសិទ្ធិមនុស្ស ប្រទេសទាំង៦ខាងលើ មិនសក្តិសមនឹងទទួលបានអាសនៈ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះទេ។ លោកLouis Charbonneau អ្នកតំណាងរបស់អង្គការHuman Rights Watch នៅអង្គការសហប្រជាជាតិ បានចាត់ទុកការបោះឆ្នោតរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ថា កាសើចចំអក ដល់អត្ថន័យនៃការបោះឆ្នោត និងជារឿងគួរឲ្យអស់សំណើច ដោយសារតែគ្មានការប្រកួតប្រជែង។
ជាលើកទី១ ក្នុងប្រវត្តិសាស្រ្តបោះឆ្នោត របស់ខ្លួន ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានអនុញ្ញាត ឲ្យតំបន់នីមួយៗ ក្នុងចំណោមតំបន់ទាំង៥ នៅក្នុងពិភពលោក ជ្រើសរើសប្រទេស ក្នុងតំបន់របស់ខ្លួន ទៅតាមកូតា ដែលត្រូវការ សម្រាប់អាសនៈ មួយភាគបីរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ អ្វីដែលចំលែក លើកនេះ គឺ ក្រុមប្រទេសនៅក្នុងតំបន់នីមួយ បានយល់ព្រមព្រៀងគ្នាជាមុន ដាក់បេក្ខជន ឲ្យគ្រប់ទៅតាមកូតាចង់បាន គឺ ចំនួន១៨អាសនៈ ពោលគឺគ្មានការប្រកួតប្រជែង រវាងប្រទេស ដូចមុនៗនោះទេ។
នៅក្រោយការបោះឆ្នោតសម្រេចរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី នីកគី ហាឡេ បាននិយាយថា ការបោះឆ្នោតនៅថ្ងៃសុក្រម្សិលមិញ បានសបញ្ជាក់កាន់តែច្បាស់ពីមូលហេតុដែលធ្វើឲ្យអាមេរិកដកខ្លួនចេញ ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសប្រជាជាតិ។ កាលពីខែមិថុនា ឆ្នាំនេះ អាមេរិកបានប្រកាសដកខ្លួន ចេញពីស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលអាមេរិកចោទប្រកាន់ថា ជាស្ថាប័នពុតត្បុត និងលំអៀង។ ការចោទប្រកាន់របស់ភាគីអាមេរិក កើតឡើង នៅក្រោយការរិះគន់ អ៊ីស្រាអែល សម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងរឿងរំលោភសិទ្ធិមនុស្សទៅលើប្រជាជនប៉ាឡេស្ទីន។
សម្រាប់អ្នកតំណាងអាមេរិក ប្រទេសមានការរំលោភសិទ្ធិមនុស្សត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ការខ្វះខាតបទដ្ឋាន នឹងបន្តធ្វើឲ្យខូចមុខមាត់ កេរ្តិ៍របស់អង្គការសហប្រជាជាតិ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ