អានតួអត្ថបទ
អាមេរិក-អ៊ីស្រាអែល

អ៊ីស្រាអែលបដិសេធ​មិន​​ផ្តល់​ទិដ្ឋាការ​ដល់​អង្គការ​​Human Rights Watch

អ៊ីស្រាអែល​បដិសេធ ឈប់​ផ្តល់​ទិដ្ឋាការ​ការងារ​ដល់​មន្រ្តីជាតិ​បរទេស​របស់​អង្គការ​ Human Rights Watch។ នៅក្នុង​សេចក្តីថ្លែងការណ៍ របស់ខ្លួន នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅទីក្រុង​ញូវយ៉ក បាន​ចាត់ទុក​ចំណាត់ការ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែលថា ជារឿង​គួរ​ឲ្យ​រន្ធត់មួយ។ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស ចំនួន ១៧​បាន​រួមគ្នា​ប្រតិកម្ម​ថ្កោលទោស​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល។

រូប​គម្រប​របាយការណ៍​របស់​អង្គការ​Human rights watch ដែល​សរសេរ​រិះគន់​នយោបាយ​ពង្រីក​សំណង់​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​ក្នុង​ទឹកដី​ប៉ាឡេស្ទីន
រូប​គម្រប​របាយការណ៍​របស់​អង្គការ​Human rights watch ដែល​សរសេរ​រិះគន់​នយោបាយ​ពង្រីក​សំណង់​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​ក្នុង​ទឹកដី​ប៉ាឡេស្ទីន
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ Human Rights Watch បានលើកឡើង​ថា អាជ្ញាធរ​អ៊ីស្រាអែល​បាន​បដិសេធ មិន​ផ្តល់​ទិដ្ឋាការ​ការងារ​ដល់​លោក​Omar Shakir ជាតិ​អាមេរិកាំង ដែល​ត្រូវ​ទៅធ្វើការ​ជា​អ្នកតំណាង​របស់​អង្គការ​នៅក្នុង​ទឹកដី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តាម​អង្គការ​ Human Rights Watch ភាគី​អ៊ីស្រាអែល​បាន​លើក​ហេតុផល​មកបញ្ជាក់​ការបដិសេធ​របស់ខ្លួន​ដោយ​ថា អង្គការ​​ Human Rights Watch​មិនមែន​ជា​អង្គការ​ដែល​ធ្វើការ​ពិតប្រាកដ​ទៅលើ​សិទ្ធិមនុស្ស។

 
ក្រសួងការបរទេស​អ៊ីស្រាអែល​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​នៅថ្ងៃ​សុក្រ​ម្សិលមិញ។ ​Emmanuel Nahshon អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អ៊ីស្រាអែល​បាន​ចោទប្រកាន់​អង្គការ Human Rights Watch​ថា លំអៀង និង​ចាំតែ​រិះគន់​ប្រឆាំង​អ៊ីស្រាអែល។ “រឿងអ្វី​ដែល​យើង​ត្រូវ​ផ្តល់​ទិដ្ឋាការ អនុញ្ញាត​ឲ្យ​អ្នក​ដែល​ចាំតែ​វាយប្រហារ​យើង មកធ្វើការ​ក្នុង​ទឹកដី​អ៊ីស្រាអែល​នោះ។”អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​បាន​អះអាង​យ៉ាងដូច្នេះ មុន​នឹង​បញ្ជាក់​ថា យ៉ាងណាក៏ដោយ រដ្ឋាភិបាល​មិនបាន​បិទ ហាម អង្គការ​អាមេរិកាំង​ឲ្យ​ឈប់​ធ្វើការ​ក្នុង​ទឹកដី​អ៊ីស្រាអែល​នោះដែរ។

តាម​លោក​Emmanuel Nahshon ចំណាត់ការ​របស់​រដ្ឋាភិបាល​នឹង​អនុវត្ត​តែ​ទៅលើ​បុគ្គលិក​បរទេស ប៉ុណ្ណោះ ចំណែក​បុគ្គលិក​ដែល​មាន​សញ្ជាតិ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នៅតែ​អាច​ធ្វើ សរសេរ​របាយការណ៍ របស់​ខ្លួន​បាន​ដូចមុន។

“យើងធ្វើការ​នៅក្នុង​ប្រទេស​ជាង ៩០។ មាន​រដ្ឋាភិបាល​ជាច្រើន​ដែល​មិនពេញចិត្ត​នឹង​របាយការណ៍ និង​ការរកឃើញ​របស់​យើង ប៉ុន្តែ គេ​មិន​ដែល​បិទខ្ទប់​មាត់​អ្នករាយការណ៍​នោះទេ។” នេះ​ជា​ប្រសាសន៍​លោក​Omar Shakir ដែលត្រូវ​អ៊ីស្រាអែល​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យទៅ​ធ្វើការ​នៅ​អ៊ីស្រាអែល។

លោក​ Omar Shakir ទទួល​ស្គាល់​ថា លោកធ្លាប់​គាំទ្រ​ប៉ាឡេស្ទីន​មុន​នឹង​ត្រូវ​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន អ្នកតំណាង​របស់​អង្គការ Human Rights Watch​នៅ​អ៊ីស្រាអែល។ នេះ​អាច​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​អ៊ីស្រាអែល​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ។ ប៉ុន្តែ តាម​លោក​Omar Shakir ផ្ទាល់ គឺ​របាយការណ៍​រិះគន់​ខ្លាំង​ទៅលើ​នយោបាយ​ពង្រីក​សំណង់​អាណានិគមកិច្ច​របស់​រដ្ឋាភិបាលអ៊ីស្រាអែល ​ស្តាំនិយមជ្រុល ដែល​ជា​ដើមហេតុ​ដុតរោល​អ៊ីស្រាអែល​ឲ្យ​ខឹង​សម្បារ ហើយ​និង​បដិសេធ លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​របស់​អង្គការ​ Human Rights Watch។

សូមរំលឹកថា នៅ​ឆ្នាំមុន អង្គការ​ Human Rights Watch​បាន​ចេញផ្សាយ​របាយការណ៍​មួយ ដែល​និយាយ​លំអិត​ពីសកម្មភាព​ធ្វើជំនួញ របស់​ក្រុមហ៊ុនបរទេស ហើយ​និង​អ៊ីស្រាអែល នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​រំលោភ​ចូលកាន់កាប់​ដោយ​ខុសច្បាប់។ សម្រាប់​អង្គការ​ Human Rights Watch ជំនួញ សាងសង់​របស់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន បាន​ចូលរួម​ចំណែក​លួច​ដី ហើយ​និង​ប្រភព​ធនធាន​របស់​ប្រជាជន​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ