APECបិទបញ្ចប់ជំនួបប្រចាំឆ្នាំដោយគ្មានលទ្ធផល
ជម្លោះពាក្យសម្តីរវាងអាមេរិកនិងចិន បានធ្វើឱ្យប្រមុខដឹកនាំ នៃក្រុមប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់APEC បែកបាក់គ្នា។ នៅក្នុងជំនួបកំពូលប្រចាំរបស់ខ្លួនឆ្នាំនេះ APEC មិនអាចចេញសេចក្តីថ្លែងការណ៍រួម ចុងក្រោយបានទេ។ គឺមានត្រឹមតែជាសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ ដែលជាប្រធានផ្លាស់វេន និងម្ចាស់ផ្ទះ ទៅកាន់អ្នកសារព័ត៌មានតែប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០០
នេះជាលើកទីមួយក្នុងប្រវត្តិAPEC ដែលមេដឹកនាំប្រទេសទាំង២១ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក មិនអាចព្រមព្រៀងគ្នា ចេញសេចក្តីថ្លែងការណ៍រួម ចុងក្រោយ ក្រោយការបិទបញ្ចប់ជំនួបកំពូលប្រចាំឆ្នាំរបស់ខ្លួន។
ថ្នាក់ដឹកនាំទាំងអស់ បានសម្រេចត្រឹមឱ្យប្រធានផ្លាស់វេនAPEC ប៉ាពូអាស៊ីនូវែលហ្គីណេ ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ យ៉ាងខ្លីបំផុតមួយ ក្នុងនាមសមាជិកទាំងអស់ ជំនួសសេចក្តីថ្លែងការណ៍រួមជាប្រពៃណី។ នាយករដ្ឋមន្ត្រីកាណាដា ក៏បានទទួលស្គាល់ថា មានទស្សនៈវិស័យខ្វែងគ្នាខ្លាំងណាស់ ជាពិសេសទៅលើបញ្ហាពាណិជ្ជកម្មតែម្តង។
ចិននិងអាមេរិក ដែលសុទ្ធសឹងជាសមាជិកAPEC និងដែលកំពុងមានសង្គ្រាមពាណិជ្ជកម្មនឹងគ្នា បានបន្តជម្លោះពាក្យសម្តីវាយប្រហារគ្នា តាមរយៈសុន្ទរកថា តាំងពីមុនបើកជំនួបជាផ្លូវការ។ ប្រធានាធិបតីចិន ដែលលេចមុខខ្លាំង បរិហារនយោបាយជាតិនិយមរបស់អាមេរិក និងលើកតម្កើងគម្រោងវិនិយោគផ្លូវមួយខ្សែក្រវ៉ាត់មួយ។ ឯលោកអនុប្រធានាធិបតីអាមេរិក អំពាវនាវហៅប្រទេសក្នុងតំបន់ឱ្យងាកមកខាងអាមេរិក និង កុំលង់នយោបាយការទូតជះលុយរបស់ចិន។
ប៉ាពូអាស៊ីនូវែលហ្គីណេ ដែលជាម្ចាស់ផ្ទះរៀបចំជំនួប បានក្លាយជាសមរភូមិប្រយុទ្ធដណ្តើមឥទ្ធិពលគ្នា។ ចិនបានបង្ហាញស្នាដៃតាមរយៈការផ្តល់ហិរញ្ញវត្ថុស្ថាបនាផ្លូវថ្នល់ សម្ពោធឱ្យប្រើប្រាស់មុនថ្ងៃបើកជំនួប។ ឯអាមេរិកប្រកាសរៀបចំគម្រោងជាមួយអូស្ត្រាលី ជប៉ុននិងនូវែលហ្សេឡង់ ផ្តល់អគ្គីសនីឱ្យពលរដ្ឋប៉ាពូអាស៊ី ៧០%មានភ្លើងប្រើប្រាស់។
ការប្រកួតប្រជែងនេះបានបំផុសក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមកលើក្រុមប្រទេសAPEC។ មេដឹកនាំក្រុមហ៊ុនសហគ្រាសអន្តរជាតិគ្រាក់ៗ មិនស្តីជាសាធារណៈទេ តែបានលើកអំពីក្តីព្រួយបារម្ភរបស់គេថាហេតុអ្វីពិភពលោកដើរមកដល់ចំណុចនេះ។ របៀបវារៈជាជំនួបកំពូលក៏ប្រែមកត្រឹមជាជំនួបប្រជុំធម្មតា ដោយហេតុរដ្ឋធានទីរបស់ប៉ាពូអាស៊ី ល្បីខាងមានអសន្តិសុខ អារកមនុស្ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ