ចិន និងអាល្លឺម៉ង់ចាប់ដៃគ្នាប្រឆាំងនឹងនយោបាយការពារនិយម
នៅថ្ងៃសុក្រ ទី១៨ មករា ប្រទេសអាល្លឺម៉ង់ និងចិនបានប្រកាសឲ្យដឹងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នានៅក្នុងវិស័យហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង ៣ បានធ្វើឡើងនៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Olaf Scholz ក្នុងប្រទេសចិន។ ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិរួមគ្នា ទីក្រុងប៉េកាំង និងទីក្រុងប៊ែរឡាំងក៏ប្រកាសពីបំណងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងនយោបាយការពារនិយមផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៨
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម ចិន និងអាល្លឺម៉ង់បានបញ្ជាក់ជាថ្មីពីការពង្រឹងនយោបាយសម្របសម្រួលម៉ាក្រូសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យថវិកានិងវិស័យហិរញ្ញវត្ថុ។ ទន្ទឹមគ្នានេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ី និងប្រទេសមហាអំណាចសេដ្ឋកិច្ចអឺរ៉ុបក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិយុទ្ធសាស្រ្តរវាងគ្នាដែរ។ មានរូបភាពពីរដែលស្តែងចេញពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាល្លឺម៉ង់ពេលនេះ ទី១ គឺចំពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិកកំពុងមានភាពមិនប្រាកដប្រជាដោយសារទំនាស់ក្នុងរឿងពន្ធគយ និងរូបភាពទី២ ចិន និងអាល្លឺម៉ង់ចង់ឲ្យតម្លៃ និងផ្តល់សារៈសំខាន់លើទំនាក់ទំនងជាលក្ខណៈពហុភាគី។
គួររម្លឹកថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងបន្តតតាំងគ្នាក្នុងរឿងដំឡើងពន្ធលើទំនិញនាំចូលទៅវិញ ទៅមក។ បន្ទាប់ពីបានជួបសមភាគីចិន លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ Olaf Scholz បានថ្លែងបញ្ជាក់ពីសារៈសំខាន់នៃភាពរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិរវាងចិន និងអាល្លឺម៉ង់។ អ្វីដែលលោក Olaf Scholz ចង់បានបន្ថែមពីចិន គឺការបើកទីផ្សារបន្ថែមសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង និងវិស័យធនាគារ។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់មិនភ្លេចលើកឡើងពីភាពចាំបាច់ដែលការទទួលបានទីផ្សារនោះត្រូវធ្វើឡើងដោយស្មើភាព និងទទួលបានប្រយោជន៍ទៅវិញ ទៅមក។
ដោយឡែក ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He បានសម្គាល់ឃើញថា ការថមថយនៃកំណើនសេដ្ឋកិច្ចពិភពលោក និងកំណើនភាពមិនប្រាកដប្រជានៃទីផ្សារកំពុងបង្កើនភាពហានិភ័យ។ ក្រៅពីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នា ចិន និងអាល្លឺម៉ង់ក៏បានចាប់ដៃគ្នាដើម្បីប្រឆាំងនឹងនយោបាយការពារនិយមដែរ។ ទោះបីជាភាគីទាំងពីរមិនបានចង្អុលចំប្រទេសណាមួយក៏ដោយក៏គេដឹងថា គ្មានប្រទេសណាក្រៅពីអាមេរិកដែលលោកដូណាល់ ត្រាំបានគិតប្រយោជន៍អាមេរិកជាធំទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ