អានតួអត្ថបទ
ចិន-អាល្លឺម៉ង់

ទស្សនៈកិច្ច​លោកស្រី​អង់ហ្គេឡា​ មែគែល ​នៅចិន

លោកស្រី​អធិការបតី​អាល្លឺម៉ង់​ អង់ហ្គេឡា មែគែល ​កំពុង​តែ​បំពេញ​ទស្សនកិច្ច​ រយៈពេល​២​ថ្ងៃ ​នៅ​រដ្ឋធានី​ប៉េកាំង​​ប្រទេស​ចិន ​ដែល​ទិសដៅ​នៃ​ទស្សនកិច្ច​នេះ ​ គឺ​ដើម្បី​បើក​ទីផ្សារ​សេដ្ឋកិច្ច ​រវាង​ចិន​ និង​អាល្លឺម៉ង់ ​ឲ្យ​កាន់តែ​ទូលំ​ទូលាយ។ គ្រាន់តែ​ទៅ​ដល់​ភ្លាម ​កិច្ច​សន្យា​ទិញ​យន្តហោះ ​Airbus ​ក្នុង​ទឹក​ប្រាក់ ​១៥,៥​​ ពាន់​លាន​អឺរ៉ូ ​ត្រូវ​បាន​ប្រកាស​ជា​ឱឡាឬក។

ទង់ជាតិ អាល្លឺម៉ង់ បក់រវិច នៅ​ទីលាន​ធាន អានមិន រដ្ឋធានី​ប៉េកាំង រងចាំ​ទទួល​លោក​ស្រី​ អង់ហ្គេឡា មែគែល
ទង់ជាតិ អាល្លឺម៉ង់ បក់រវិច នៅ​ទីលាន​ធាន អានមិន រដ្ឋធានី​ប៉េកាំង រងចាំ​ទទួល​លោក​ស្រី​ អង់ហ្គេឡា មែគែល Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីលោក​ប្រធានាធិបតី​ចិន ​ស៊ី ជិនពីង ​បាន​ធ្វើ​ទស្សនកិច្ច​យ៉ាង​គគ្រឹក​គគ្រេង ​នៅ​ប្រទេស​អង់គ្លេស​ កាល​ពី​ពេល​ថ្មីៗ​នេះ ​ឥឡូវ​ដល់​វេន​លោក​ស្រី ​អង់ហ្គេឡា មែគែល ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​វិញ​ម្តង​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ រយៈ​ពេល​ ២ថ្ងៃ ​ ដែល​លោកស្រី​ធ្វើ​ឡើង​ ក្នុង​គោលដៅ ​រឹត​ចំណង​សេដ្ឋកិច្ច​ រវាង​ចិន​ និង​អាល្លឺម៉ង់​​ ក៏​ដូច​ជា​សហភាព​អឺរ៉ុប​ទាំងមូល។ ហើយ​នៅ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ​ លោក​ប្រធានាធិតី​បារាំង ​ ក៏​នឹង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​ចិន​ដែរ។

 
កិច្ចសន្យា​ធំៗ ​ដែល​ចិន​បាន​ចុះ​ហត្ថលេខា ​នា​ពេល​នេះ ​គឺ ​កិច្ចសន្យា​ទិញ​យន្តហោះ ​Airbus​ ធន​មធ្យម​ប្រភេទ​A320​ ចំនួន​១០០​គ្រឿង ​និង​យន្តហោះ​ធនធំ​ប្រភេទ ​A330​ ចំនួន​៣០​គ្រឿង​ ដែល​គិត​ជា​ទឹក​ប្រាក់​សរុប ​ប្រមាណ​ជា​១៥,៥​ពាន់​លាន​អឺរ៉ូ។ សូម​បញ្ជាក់​ថា ​ក្រុមហ៊ុន​ Airbus ​ជា​ក្រុមហ៊ុន​ចម្រុះ​ រវាង​បារាំង ​អាល្លឺម៉ង់ ​និង​អង់គ្លេស។ ក្រុមហ៊ុន​នេះ ​ កំពុង​តែ​ប្រជែង​ទីផ្សារ​នៅ​ចិន​ ជាមួយ​នឹង​ក្រុមហ៊ុន Boeing ​របស់​អាមេរិក។

ក្រៅ​ពី​កិច្ចសន្យា​ទិញ​យន្តហោះ ​Airbus​ ដែល​បាន​ចុះ​ ក្នុង​ពេល​ទស្សនកិច្ច​ របស់​លោក​ស្រី​មែគែល​ នា​ពេល​នេះ ​ គឺ​នៅ​មាន​កិច្ចសន្យា​ពីរ​ទៀត ​ទីមួយ​កិច្ចសន្យា​រវាង ​ក្រុមហ៊ុន Nokia​ របស់​ហ្វាំងឡង់​ ជាមួយ​នឹង​ក្រុមហ៊ុន​ China Mobile​ និង​ទីពីរ​ កិច្ចសន្យា​របស់​ក្រុមហ៊ុន​ផលិត​រថយន្តអាល្លឺម៉ង់​ ​Volkswagen ​និង​ធនាគារ ​ICBC​ របស់​ចិន​ផងដែរ។

ជា​ការពិត ​ថ្វីត្បិត​តែ​ឆ្នាំនេះ​ សេដ្ឋកិច្ច​ចិន​ បាន​ទទួល​កំណើន​ទាប​តិច ​មិន​ធ្លាប់​មាន​ ខុស​ពី​ឆ្នាំ​មុនៗ​ ក៏​ប៉ុន្តែ​ចិន​នៅតែ​ ជា​ទីផ្សារ​ដ៏​សំខាន់​ សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។ លោកស្រី​អង់ហ្គេឡា ​មែគែល​បាន​បញ្ជាក់​ថា ​លោកស្រី​មាន​ទំនុកចិត្ត​លើ​សេដ្ឋកិច្ច​របស់​ចិន ​ដែល​ត្រូវ​តែ​ហ៊ាន​ពុះពារ​នូវ​របត់​ថ្មី ​ដើម្បី​ឈរជើង​ឲ្យ​រឹង​មាំ។ លោក​ លី កឺឈាំង ​នាយករដ្ឋមន្ត្រី​ចិន ​ធ្លាប់​បាន​ថ្លែង​ថា ​ ចិន​ត្រូវការ​អភិវឌ្ឍន៍​តម្លើង​កម្រិត​ឧស្សាហកម្ម​របស់​ខ្លួន។ ដូច្នេះ​វា​ ជា​ការ​ចាំបាច់ ​ដែល​ចិន​ត្រូវការ ​បទ​ពិសោធន៍ ​បច្ចេកវិទ្យា​ជាន់​ខ្ពស់ ​ ដ៏​ទំនើប​ របស់​អាល្លឺម៉ង់។

សូម​បញ្ជាក់ថា ​កន្លង​មក​ សេដ្ឋកិច្ច​ចិន ​ គឺ​ជា​សេដ្ឋកិច្ច​បែប​ផលិត​ដើម្បីតែ​នាំ​ចេញ ​ ហើយ​ពេល​នេះ ​កំពុង​ជួប​បញ្ហា ​ដោយសារ​ការ​នាំចេញ​ ត្រូវ​ធ្លាក់​ចុះ។ មួយ​វិញ​ទៀត ​ វិស័យ​នាំ​ចេញ​របស់​ចិន​ គឺ​ជា​ការ​នាំចេញ​នូវ​ផលិតផល​សាមញ្ញា​ធម្មតា ​គុណភាព​មធ្យម ​និង​តម្លៃ​ថោក។ របត់​ថ្មី​នៃ​សេដ្ឋកិច្ច​ចិន​ នា​ពេល​នេះ ​ គឺ​កំពុង​តែ​បត់​ក្បាល​ ទៅ​បំពេញ​ឲ្យដល់ ​ការ​ប្រើប្រាស់​ក្នុង​ស្រុក ​ ព្រម​ទាំង​លើក​កំពស់​កម្រិត​បច្ចេកវិទ្យា​នៃ​ការ​ផលិត​ ដើម្បី​នាំចេញ​ផលិតផល​គុណភាព​ខ្ពស់​ លក់​បាន​ថ្លៃ។ ជាមួយ​នឹង​ ចំនួន​ប្រជាជន​ ដ៏​ច្រើន​របស់​ចិន ​ព្រម​ទាំង​កម្រិត​ជីវភាព ​កាន់​តែ​ធូរធា​ របស់​ប្រជាជន​ចិន ​អឺរ៉ុប​ ក៏​ដូច​ជា​សហរដ្ឋអាមេរិក​​ សម្លឹង​ឃើញ​ទីផ្សារ​ចិន​ ប្រៀប​ដូច​ជា​ឃ្មុំ​ពេញ​ក្បាល​ទឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ