អង់គ្លេសកោះហៅទូតចិន ក្រោយសង្គ្រាមពាក្យសំដីជុំវិញវិបត្តិហុងកុង
ភាពតានតឹងការទូតរវាងអង់គ្លេសនិងចិន ជុំវិញវិបត្តិហុងកុង បានកើនឡើងជាលំដាប់ និងឈានដល់ដំណាក់ការ អង់គ្លេសកោះហៅទូតចិនឱ្យមកបំភ្លឺ។ អង់គ្លេសអតីតប្រទេសធ្លាប់ធ្វើអាណានិគមន៍លើហុងកុង បានផ្តល់ការគាំទ្ររបស់ខ្លួនដល់បាតុករហុងកុង។ ឯចិនវិញ បានអំពាវនាវឱ្យគ្រប់គ្នាបញ្ចៀសរាល់គ្រប់កាយវិការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហុងកុង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៧
កោះហៅដោយក្រសួងការបរទេសអង់គ្លេស ឯកអគ្គរដ្ឋទូតចិន ត្រូវបំភ្លឺជុំវិញ ពាក្យសំដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលថាអង់គ្លេស កំពុងលង់ខ្លួនក្នុងអតីតកាល ជាប្រទេសអាណានិគម តែតាមពិតទៅនោះអង់គ្លេសលែងមានសិទ្ធិអំណាចអ្វីលើដែនដីពាក់កណ្តាយស្វយ័តនេះទៀតហើយ។ សម្រាប់អង់គ្លេស ពាក្យសំដីបែបនេះ ជាពាក្យមិនពិត និងមិនអាចទទួលយកបានឡើយ។
ឯឯកអគ្គរដ្ឋទូតចិន លោក Liu Xiaming ផ្ទាល់ នៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃពុធម្សិលមិញ ក៏បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លាដែរ ដោយប្រើពាក្យធ្ងន់ៗថា ទំនាក់ទំនងចិន-អង់គ្លេស កំពុងរងគ្រោះក៏ព្រោះតែទង្វើរបស់រដ្ឋាភិបាលអង់គ្លេស ដូច្នេះអង់គ្លេសគួរតែបញ្ឈប់រាល់គ្រប់សកម្មភាពជ្រៀតជ្រែកថ្មី ដែលអាចបំផ្លាញដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ប៉េកាំងបានផ្ទុះកំហឹង យ៉ាងខ្លាំងដូច្នេះ ក្រោយពីអង់គ្លេសបានបញ្ចេញប្រតិកម្ម ច្បាស់ៗគាំទ្របាតុករនៅហុងកុង។ ក្រោយហេតុការណ៍បាតុកម្មដ៏ហិង្សា ក្នុងថ្ងៃខួបលើកទី ២២នៃការផ្ទេរទឹកដីហុងកុងទៅឱ្យចិនគ្រប់គ្រងវិញ នាយករដ្ឋមន្ត្រីអង់គ្លេសបានសម្តែងការរន្ធត់ចំពោះសកម្មភាពបង្ក្រាប របស់ប៉ូលិស និងបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ប្រាប់អាជ្ញាធរចិន ចំពោះស្ថានភាពនៅហុងកុងនេះ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស បានថែមគំរាមចិនតែម្តង ថា ទំនាក់ទំនងចិន-អង់គ្លេសនឹងអាចរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនមិនគោរពកិច្ចព្រមព្រៀង រវាងឡុងដ៍និងប៉េកាំង កាលពី ឆ្នាំ១៩៨៤ ស្តីពីការប្រគល់ទឹកដីហុងកុងទៅឱ្យចិន ដោយឈរលើគោលការណ៍ ប្រទេសមួយប្រព័ន្ធពីរ។ គោលការណ៍ដែលធានារក្សាស្វ័យភាព និងសេរីភាពដល់ហុងកុង រហូតដល់ឆ្នាំ២០៤៧៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ