អានតួអត្ថបទ
ហុងកុង

បណ្តាញព័ត៌មានរដ្ឋចិន ចោទប្រកាន់ចលនាបាតុកម្មនៅហុងកុង ថាបង្កអស្ថិរភាពសេដ្ឋកិច្ច និងសង្គម

២ថ្ងៃបន្ទាប់ ពីចលនាបាតុកម្មនៅហុងកុង បានផ្ទុះឡើងកាន់តែខ្លាំង រហូតឈានទៅដល់ ការចូលទៅលុកលុយ ដល់ខាងក្នុងអាគារសភាហុងកុង កាលពីថ្ងៃចន្ទកន្លងទៅនោះ នៅថ្ងៃពុធទី៣កក្កដានេះ បណ្តាញព័ត៌មានរដ្ឋចិន បានសរសេរចុះផ្សាយ ដោយបានចោទថ្កោលទោស ចលនាបាតុកម្មរបស់ប្រជាជនហុងកុងនេះ ថាជាសកម្មភាពបង្កអស្ថិរភាពដល់សង្គម និងសេដ្ឋកិច្ចហុងកុង។ ការសរសេរថ្កោលទោសនេះ អាចមានន័យថា រដ្ឋអំណាចចិនប៉េកាំង អាចនឹងចាត់វិធានការ បង្រ្កាបដោយកម្លាំង ទៅលើចលនាបាតុកម្មនៅហុងកុង។

ផ្សាយពាណិជ្ជកម្ម

 

កាសែតប្រជាជនចិន ដែលជាបណ្តាញព័ត៌មាននៃគណបក្សកុម្មុយនីស្តចិន បានសរសេរចុះផ្សាយ នៅ​ថ្ងៃ​ពុធ​ ទី៣កក្កដានេះថា ៖ រឿងរ៉ាវមិនយល់ស្របគ្នា ឬក៏វិវាទដែលមាននៅហុងកុង វាហាក់​ដូចជា​គ្មាន​អ្​វីធ្ងន់ធ្ងរខ្លាំងឡើយ។ ប៉ុន្តែ បើសិនជាចលនាតវ៉ានេះ ប្រែក្លាយទៅជាសកម្មភាពហិង្សា អាណាធិបតេយ្យ បង្កអសន្តិសុខ អស្ថិរភាព និងការបែកបាក់នយោបាយ នោះគឺវាជាផលអាក្រក់ខ្លាំងណាស់ ដល់សង្គម និងសេដ្ឋកិច្ចហុងកុង។

 

សារព័ត៌មានដែលជាឧបករណ៍ឃោសនារបស់រដ្ឋចិននេះ បានបន្តថា៖ ក្នុងនាមជាប្រទេសនីតរដ្ឋ អជ្ញាធរចិន មិនអាចឈរឱបដៃ ឲ្យក្រុមជនជ្រុលនិយមមួយក្តាប់តូច ធ្វើសកម្មភាពហិង្សានៅហុងកុង បានឡើយ។ ហុងកុង គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចហិរញ្ញវត្ថុដ៏សំខាន់ នៃពិភពលោក ហើយចលនា​បាតុកម្​មហិង្សាកន្លងមក បានធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់កិត្តិយសមុខមាត់ និងភាពជាទីទុកចិត្តរបស់ហុងកុង។

 

ដោយឡែក កាសែត China Daily ផ្សាយជាភាសាអង់គ្លេស បានចុះផ្សាយដោយបាន លើកឡើងពីការ​ចូល​រួម​អុជអាល ពីសំណាក់ប្រទេសមួយចំនួន ដូចជាសហរដ្ឋអាេមរិក និងអង់គ្លេស។ កាសែតចិនជាភាសាអង់គ្លេសនេះ សរសេរបរិហារដោយចំៗ ថាអង់គ្លេស និងសហរដ្ឋអាេមរិក មានចិត្ត​ជាផ្លែល្វា ខំអំពាវនាវកុំឲ្យមានអំហិង្សានៅហុងកុង តែដោយភ្លេចគិតថាគឺខ្លួនឯងទេ ដែលបាន​ចូល​រួម​ជំរុញ ឲ្យបាតុករផ្ទុះកំហឹង ធ្វើសកម្មភាពហិង្សា។

 

នៅថ្ងៃពុធនេះដែរ សារព័ត៌មានកងទ័ពបដិវដ្តន៍ចិន បានចុះផ្សាយរូបថតជាច្រើនសន្លឹក ដែលបង្កាញ​ពីការធ្វើសកម្មភាពហ្វឹកហាត់ សមត្រៀមកម្លាំង របស់កងទ័ពចិន ដែលប្រចាំការ​នៅហុងកុង។

 

គួរកត់សំគាល់ថា តាមធម្មតា វត្តមានរបស់កងទ័ពបដិវដ្តន៍ចិន ប្រចាំនៅហុងកុង គឺតែងតែមានភាព​ស្ងាត់ស្ងៀម មិនសូវបង្ហាញមុខទេ ដោយមិនចង់ឲ្យមានការទើសទាល់ ដល់ប្រជាជនហុងកុង។ លោក Ni Lexiong សាស្ត្រាចារ្យនៅវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ ក្រុងសៀងហៃ បានលើកឡើងថា ការចុះផ្សាយ​រូបភាពសមយុទ្ធយោធាទាំងនេះ គឺជាសារគំរាមពិតណាស់ ទៅដល់បាតុករហុងកុង ថាកងទ័ពចិន អាចនឹង​ចេញប្រតិបត្តិការប្រើកម្លាំងបង្ក្រាប។

 

តែយ៉ាងណា លោក James Char សាស្ត្រាចារ្យនៅសកលវិទ្យាល័យបច្ចេកទេស Nanyang នៅសិង្ហបុរី បានលើកឡើងថា អន្តរាគមន៍យោធាចិន នៅហុងកុង មិនអាចធ្វើទៅរួចនោះទេ ព្រោះចិនមិនអាច​លាក់បាំងការពិតបាន ដូចកាលពីឆ្នាំ១៩៨៩ នៅទីលានធានអានមិន បានឡើយ។ បើចិន​ហ៊ានធ្វើរឿង​បែបនេះ នៅហុងកុងមែន ពិភពលោកទាំងមូល នឹងធ្វើជាសាក្សី នៃអំពើព្រៃផ្សៃរបស់ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ