អានតួអត្ថបទ
ឥណ្ឌូណេស៊ី

AirAsia៖​បំណែក​ខ្លួន​យន្តហោះ ​និង ​សាកសព​បន្ថែម​ទៀត ត្រូវ​បាន​គេ​រក​ឃើញ

ការ​រុករក​បំណែក​យន្តហោះAirAsia នៅ​ក្នុង​លំហរ​សមុទ្រ​ហ្សាវ៉ា កំពុង​តែ​បន្ត ទៅមុខ ថ្វីត្បិត​តែ​ មាន​អាកាសធាតុ ខ្មៅ​អួរអាប់ ខ្យល់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ តាម​ព័ត៌មាន​ចុង​ក្រោយ ដោយ​យោង​ទៅ​លើ​ ទិន្នន័យ​របស់​ម៉ាស៊ីន​ថត​សំឡេង បាត​សមុទ្រ គឺ​គេ​អាច​កំណត់​ ពី​ទីតាំង​បំណែក​ខ្លួន​យន្តហោះ នៅ​បាត​សមុទ្រ ​បាន​ហើយ។ អាជ្ញាធរ ក៏​បាន​ស្រង់​ យក​សាកសព​មនុស្ស​ មួយ​ចំនួន បន្ថែម​ទៀត​ដែរ។

ក្រុម​អ្នក​ការងារ កំពុង​នាំគ្នា​ជញ្ជូន បំណែក​យន្តហោះ Air Asia ឡើង​មក​លើ​គោក  នៅ​ថ្ងៃ ទី ៣០ ធ្នូ ២០១៤
ក្រុម​អ្នក​ការងារ កំពុង​នាំគ្នា​ជញ្ជូន បំណែក​យន្តហោះ Air Asia ឡើង​មក​លើ​គោក នៅ​ថ្ងៃ ទី ៣០ ធ្នូ ២០១៤ REUTERS/Antara Foto/Kenarel
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ ៣១ ធ្នូ​ ជា​ថ្ងៃ​បុណ្យ ឆ្លង​ឆ្នាំ​សកល ឈាន​ចូល​ឆ្នាំ ២០១៥។ ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ ជន​រង​គ្រោះ ដោយ​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ AirAsia វិញ គឺ​ពួក​គេ គ្មាន​ចិត្ត​ឯណា ទៅ​សប្បាយ​ទេ។ ពួកគេ​ទាំងអស់​ បាន​ជួប​ជុំ​គ្នា រងចាំ​ស្តាប់ ដំណឹង​ពី​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ ស្តី​ពី​លទ្ធផល នៃ​ការ​រុករក យន្តហោះ និង​ជន​រងគ្រោះ​ នៅ​ក្នុង​សមុទ្រ។ ម្នាក់ៗ​ នៅ​តែ​មាន​កូន​ចិត្ត​ សង្ឃឹម​ថា​ ប្រហែល​ជា​មាន​អ្នក​នៅ​រស់​រាន មាន​ជីវិត។

 
ទោះ​បី​ជា​យ៉ាងណា សេចក្តី​សង្ឃឹម វា​កាន់តែ​ថយ​តិច​ទៅៗ ព្រោះ​នៅ​រសៀស​ថ្ងៃ ពុធ ទី​៣១ ធ្នូ​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ប្រកាស​ថា ​ខ្លួន​ទើប​បាន​ទទួល​ទិន្និន័យ​ របស់​ម៉ាស៊ីន​ថត​សំឡេង​បាត​សមុទ្រ ដែល​គេ​ហៅ​ថា​សូណារ(SONAR)។ ទិន្ន័យ​នេះ បាន​បង្ហាញ ​ពី​ទី​តាំង​ដែល​បំណែក​ខ្លួន​យន្តហោះ បាន​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ។

កាសែត ញូយ៉កថែម ក៏​បាន​ចុះផ្សាយ​ផង​ដែរ​ថា ក្រុម​អ្នក​រុករក ដែល​បាន​ធ្វើ​ការ​ហោះហើរ​ ពី​លើ​ផ្ទៃ​សមុទ្រ បាន​សង្កេត​ឃើញ​ មាន​ស្រមោល​ខ្មៅ​ដ៏​ធំ ដែល​ទំនង​អាច​ជា​ខ្លួន​យន្តហោះ ដែល​ធ្លាក់​ចូល​ទៅ​បាត​សមុទ្រ ដែល​ទី​តាំង​នេះ វា​ស្រប​ទៅនឹង​ ទិន្ន័យ​របស់​ម៉ាស៊ីន​ថត​បាត​សមុទ្រ​ដែរ។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ បាន​ជួប​ការ​លំបាក ដោយសារ​តែ​ខ្យល់ និង​រលក​ធំៗ​ពេក​ ដែល​ធ្វើ​ឲ្យ​អ្នក​មុជទឹក​ទៅ​បាត​សមុទ្រ មិន​ទាន់​អាច​ធ្វើ​ប្រតិបត្តិការ​បាន។

អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ប្រកាស​ទៀតថា ក្រុម​អ្នក​ស្រាវជ្រាវ ទើប​បាន​ស្រង់​សាកសព​មនុស្ស​ ៤នាក់​បន្ថែម​ទៀត។ សូម​បញ្ជាក់​ផង​ដែរ ថា​កាល​ពី​ម្សិលមិញ ក្រុម​អ្នក​រុករក​បាន​ស្រង់​សាកសព​ចំនួន​តែ​៣នាក់​ទេ។ អ្នក​នាំ​ពាក្យ ឥណ្ឌូណេស៊ី ​បាន​មាន​ការ​ភ័ន​ច្រឡំ ​ដោយ​បាន​ផ្តល់​ពត៌មាន មក​ឲ្យ​ក្រុម​ការងារ​របស់​វិទ្យុ​បារាំង​ថា​ មាន សាកសព​៤០​នាក់។ ដូច្នេះ យើង​ខ្ញុំ ​សូម​ធ្វើ​ការ​កែ​តម្រូវ។ រហូត​មក​ដល់​ពេល​នេះ សាកសាព​មនុស្ស ដែល​​គេ​ស្រង់​បាន​ មាន ៧នាក់​ហើយ។

ក្នុង​ចំណោម​សាកសព​ទាំង​អស់​នេះ មាន​ម្នាក់ ដែល​ជា​បុគ្គលិក បំរើ​ការ​លើ​យន្តហោះ ដោយ​មាន​ពាក់​ឯកសណ្ឋាន​ ជា​សំគាល់។ ដោយ​ឡែក មាន​សាកសព ម្នាក់​ទៀត ដែល​មាន​ពាក់​អាវ​ពោង​ ជាប់​នឹង​ខ្លួន។ ការ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ អាច​សន្និដ្ឋាន​បាន​ថា យន្តហោះ​បាន​សំយ៉ុង​ខ្លួន​ ធ្លាក់​ទៅ​ក្នុង​សមុទ្រ ហើយ​អ្នក​បើកបរ​ បាន​ប្រកាស​ឲ្យ​អ្នក​ដំណើរ​ទាំងអស់​ ត្រៀម​ខ្លួន ហើយ​យក​អាវពោង​មក​ពាក់។ អាជ្ញាធរ​បាន​សន្និដ្ឋាន​ទៀត​ថា យន្តហោះ​ អាច​បែក​ជា​ជំរៀក ក្រោយ​ពេល​ បោក​ផ្ទប់​ ទៅ​នឹង​ទឹក​សមុទ្រ។ ក្រៅតែ​ពី​សាកសព នៅ​មាន​បំណែក​ផ្សេងៗ​ទៀត​ របស់​យន្តហោះ ដូចជា​ទ្វារ​យន្តហោះ​ជា​ដើម ​ដែល​គេ​បាន​ស្រង់​ យក​មក​លើ​គោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ