អានតួអត្ថបទ
អូស្ត្រាលី

បន្ទាប់ពី​កម្ពុជា អូស្តា្រលី​កំពុង​ពិចារណា​រក​ប្រទេស​ផ្សេងទៀត ដើម្បី​ទទួល​ជនភៀសខ្លួន

រដ្ឋមន្រ្តី​អន្តោប្រវេសន៍​អូស្ត្រាលី នៅថ្ងៃ​អង្គារ​នេះ បាន​និយាយ​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​អូស្ត្រាលី ថា រដ្ឋាភិបាល​កំពុង​ស្វែងរក​ប្រទេស​ដទៃទៀត ដើម្បី​ទទួល​ជនភៀសខ្លួន បន្ទាប់ពី​មានតែ​ជនភៀសខ្លួន ៤នាក់ បានសុខចិត្ត ទៅ​រស់នៅ​ប្រទេស​កម្ពុជា។ ទៅតាម​កិច្ចព្រមព្រៀង ដ៏ចម្រូងចម្រាស កម្ពុជា​យល់ព្រម​ទទួល​ជនភៀសខ្លួន ពី​អូស្ត្រាលី ជាថ្នូរ​នឹង​ប្រាក់ជំនួយ​រាប់លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍន៍​រយៈពេល ៤ឆ្នាំ នៅ​កម្ពុជា។ 

ជនអន្តោប្រវេសន៍​ដែល​អូស្ត្រាលី​ចាប់ បញ្ជូន​មក​ទឹកដី ឥណ្ឌូណេស៊ី វិញ កាលពី​ថ្ងៃទី ២​មិថុនា ២០១៥
ជនអន្តោប្រវេសន៍​ដែល​អូស្ត្រាលី​ចាប់ បញ្ជូន​មក​ទឹកដី ឥណ្ឌូណេស៊ី វិញ កាលពី​ថ្ងៃទី ២​មិថុនា ២០១៥ AFP PHOTO / Gamaliel AMALO
ផ្សាយពាណិជ្ជកម្ម

នៅ​វិទ្យុ​អូស្ត្រាលីABC រដ្ឋមន្រ្តី​អន្តោប្រវេសន៍ អូស្ត្រាលី Peter Dutton បាននិយាយ ថា អូស្ត្រាលី​បាន និង​កំពុង​ធ្វើការ​លើ​ជម្រើស​ផ្សេង ជាមួយ​ប្រទេស​ដៃគូ​ដទៃទៀត ក្នុង​រឿង​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី។ អូស្ត្រាលី ចង់ជួយ​ជនភៀសខ្លួន ឲ្យ​ទៅ​កសាង ជីវិត នៅកន្លែង​ផ្សេង ប្រសិន​បើ​គេ​មិនចង់ ត្រលប់​ទៅ​រស់នៅក្នុង​ដែនដី​កំណើត របស់ពួកគេ។ នេះ​បើតាម​ការអះអាងរ​របស់​លោក​រដ្ឋមន្រ្តី​អន្តោប្រវេសន៍​អូស្ត្រាលី Peter Dutton ។ យ៉ាងណាក៏ដោយ លោក​ Peter Dutton មិនបាន​បញ្ជាក់​ឈ្មោះ​ប្រទេស ដែល​អូស្ត្រាលី កំពុង​ចរចា ឲ្យ​ទទួល​ជនភៀសខ្លួន បន្ទាប់ពី​កម្ពុជា​នោះទេ។

 
កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៤ កន្លងទៅ អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ កម្ពុជា ដែល​យល់ព្រម​ទទួល​ជនភៀសខ្លួន ដែល​អូស្ត្រាលី​មិនចង់​បាន ជាថ្នូរ​នឹង​ទឹកប្រាក់​ជំនួយ​ប្រមាណ ៤លាន​ដុល្លារ។ កិច្ចព្រមព្រៀង​កម្ពុជា អូស្ត្រាលី​បាន​រង​ការរិះគន់ យ៉ាងខ្លាំង​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ។ រហូត​មកដល់​ពេលនេះ មាន​តែ​ជនភៀសខ្លួន​៤​នាក់​ប៉ុណ្ណោះ ដែល​រស់នៅ សំចត​លើ​កោះ ណូរុ ក្បែរ​អូស្ត្រាលី ដែល​បាន​ស្ម័គ្រចិត្ត ទៅ​រស់នៅ​កម្ពុជា។

តាម​រដ្ឋមន្រ្តី​អន្តោប្រវេសន៍ អូស្ត្រាលី កម្ពុជា​ជា​ជម្រើស​ល្អមួយ ប៉ុន្តែ អង្គការ​ការពារ​សិទ្ធិ​ជនភៀសខ្លួន​បាន​ធ្វើយុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ បញ្ចុះបញ្ចូល​ជនភៀសខ្លួន នៅ​លើ​កោះ ណូរុ កុំ​ឲ្យ​ទទួល​យក​សំណើ ទៅ​រស់នៅ​តាំងទី នៅកម្ពុជា។

នៅ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ អូស្ត្រាលី​បាន​រឹតបន្តឹង​ច្បាប់​អន្តោប្រវេសន៍ ដោយ​បដិសេធ​មិន​ទទួល​ជនភៀសខ្លួន ដែល​ធ្វើ​ដំណើរ​តាមទូក ចង់​ទៅស្វែងរក​សិទ្ធិ​ជ្រកកោន នៅ​អូស្ត្រាលី។ រាល់​ទូក​ដឹកជនអន្តោប្រវេសន៍ ឬ​ជនភៀសខ្លួន ដែល​អូស្ត្រាលី​ចាប់សញ្ញា​បាន គឺរមែង​ត្រូវ​អូស្ត្រាលី ចាប់​បង្វែរ ឲ្យទៅ​ចូល​សំចត​នៅ​លើ​កោះ ណូរុ ឬ កោះ ម៉ានុ របស់​ប៉ាពូអាស៊ី ហ្គេណេថ្មី ដែល​នៅ​ទីនោះ អូស្ត្រាលី ចំណាយ​លុយ រាប់​លាន​ដុល្លារ ដើម្បី​បង្កើត​មណ្ឌល​ដាក់ជនភៀសខ្លួន ដែល​អូស្ត្រាលី មិនចង់​ទទួល​យក​ទៅ​រស់នៅ​ក្នុង​ទឹកដី​អូស្ត្រាលី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ