អានតួអត្ថបទ
អូស្ត្រាលី-ហ្វីលីពីន

អូស្ត្រាលីកំពុង​ចរចា​បញ្ចុះបញ្ចូល​ហ្វីលីពីន ឲ្យ​ទទួល​ជនភៀសខ្លួន បន្តពីខ្លួន

នៅ​អូស្ត្រាលី មនុស្ស​រាប់ពាន់​នាក់ បាន​ចូលរួម​ក្នុង​ក្បួនតវ៉ា មួយ នៅថ្ងៃ​អាទិត្យ នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកស្វែងរក​សិទ្ធិជ្រកកោន និង​បិទ​ជំរំជនភៀសខ្លួន ដែល​រដ្ឋាភិបាល​បាន​បង្កើត នៅ​លើ​ដីជួល ក្នុង​កោះ​ណូរុ និង​កោះ​ប៉ាពូអាស៊ី​នូវែលហ្គីណេ ក្នុង​​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ កាល​ពី​ថ្ងៃ​​សុក្រ រដ្ឋមន្រ្តី​អន្តោប្រវេសន៍​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា អូស្ត្រាលី​កំពុង​ចរចា​ជាមួយ​ហ្វីលីពីន ដើម្បី ឲ្យ​ទទួល​យក​ជនភៀសខ្លួន ដែល​អូស្ត្រាលី​មិន​ចង់​ឲ្យ​ទៅ​ជាន់​ទឹកដី​អូស្ត្រាលី។ 

ប្រជាជន​អូស្ត្រាលី ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បិទជំរំ​ឃុំ​អ្នកសុំសិទ្ធិ​ជ្រកកោន នៅលើ​កោះ ណូរុ នៅថ្ងៃ​អាទិត្យ​ទី ១១​តុលា ២០១៥
ប្រជាជន​អូស្ត្រាលី ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បិទជំរំ​ឃុំ​អ្នកសុំសិទ្ធិ​ជ្រកកោន នៅលើ​កោះ ណូរុ នៅថ្ងៃ​អាទិត្យ​ទី ១១​តុលា ២០១៥ ©REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​អូស្ត្រាលី រាប់ពាន់​នាក់​ដែល​សាមគ្គីភាព​ជាមួយ​ជនភៀសខ្លួន​ បាន​ប្រមូល​គ្នារាប់ពាន់​នាក់​ ដើរ​​ដង្ហែរ​ក្បួន ដើម្បី​ទាមទារ​រដ្ឋាភិបាល​ឲ្យ​លះបង់​ចោល​នយោបាយ​ចាប់ដាក់​ឃុំ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន នៅលើ​កោះណូរុ តទៅទៀត។ ពួកគេ​បាន​ទាមទារ​ផងដែរ ឲ្យនាយករដ្ឋមន្រ្តី​ថ្មី របស់​អូស្ត្រាលី លោក Malcolm Turnbull បិទ​មណ្ឌល​ឃុំ​ខ្លួន​របស់​អូស្ត្រាលី​នៅ​លើ​កោះ ណូរុ និង​កោះ ប៉ាពូអាស៊ី​នូវែលហ្គីណេ និង​ដឹកជញ្ជូន​ជនភៀសខ្លួន​ទាំងនោះ​ចូល​ក្នុង​ទឹកដី​អូស្ត្រាលី​វិញ។

 
បាតុកម្ម​តវ៉ា​ដើម្បី​បុព្វហេតុ​ជនភៀសខ្លួន កើតឡើង បន្ទាប់ពី​មាន​របាយការណ៍​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​អូស្ត្រាលី បាន​លើកឡើង​ពី​ស្ថានភាព​អត្តខ័ត និង​អំពើហិង្សា ដែល​ជនភៀសខ្លួន​ត្រូវ​ជួបប្រទះ នៅក្នុង​ជំរំ​របស់​អូស្ត្រាលី នៅលើ​កោះ ណូរុ។ ទៅតាម​ពាក្យ​បណ្តឹង​របស់​សកម្មជន​ការពារ​សិទ្ធិ​ជនភៀសខ្លួន តុលាការ​កំពូល​អូស្ត្រាលី កំពុង​ពិនិត្យ​មើល​ទៅ​លើ​ភាពស្របច្បាប់ នៃ​ការបង្កើត​ជំរំ​ជនភៀសខ្លួន ដែល​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​ធ្វើ ក្នុង​ទឹកដី​បរទេស។

នៅក្រោម​ច្បាប់​អន្តោប្រវេសន៍​ដ៏តឹងតែង អូស្ត្រាលី តែង​ចាប់​បញ្ចៀស មិន​ឲ្យ​ទូក​ដឹក​ជន​អន្តោប្រវេសន៍​ ចូល​ក្នុង​ទឹកដី​របស់ខ្លួន។ ក្រុមមនុស្ស​ដែល​បាន​ដាក់ពាក្យ​ស្វែងរក​សិទ្ធិ​ជ្រកកោន ត្រូវ​អាជ្ញាធរ​អូស្ត្រាលី​ចាប់បញ្ជូន​ទៅដាក់​ក្នុង​ជំរំភៀសខ្លួន នៅលើ​កោះណូរុ ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ថ្មីៗនេះ រដ្ឋាភិបាល​អូស្ត្រាលី​បានចុះកិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា ដើម្បី​ទទួល​ជនភៀសខ្លួន បន្ត​ពី​អូស្ត្រាលី ជាថ្នូរ​នឹង​ប្រាក់​ជំនួយ សម្រាប់​ការអភិវឌ្ឍន៍ ចំនួន​៤០​លាន​ដុល្លារ។ រហូតមក មាន​តែ​ជនភៀសខ្លួន ៤នាក់​ប៉ុណ្ណោះ ដែល​បាន​យល់ព្រម ទៅរស់នៅ​កម្ពុជា។

កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្រ្តី​អន្តោរប្រវេសន៍ នៅ​បាន​អះអាងថា រដ្ឋាភិបាល កំពុង​ចរចា​ជាមួយ​ប្រទេស​ដទៃ​ទៀត ដើម្បី​ទទួល​បន្ត​ជនភៀសខ្លួន ពី​អូស្ត្រាលី ដែល​ក្នុង​នោះ មាន​ផងដែរ ហ្វីលីពីន។ តាម​លោក​Peter Dutton រដ្ឋមន្រ្តី​ការបរទេស​អូស្ត្រាលី លោកស្រីJulie Bishop​ដែល​កំពុង​ចូលរួម ក្នុង​អង្គប្រជុំ​អង្គការ​សហប្រជាជាតិ កំពុង​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន។ តាម​កាសែត The Australian ដែល​ជា​អ្នក​បញ្ចេញព័ត៌មាន​ស្តី​ពី​ជំនួប​អូស្ត្រាលី និង​ហ្វីលីពីន គម្រោង​ថ្មីនេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ចំណាយ​ថវិកា ប្រមាណ ១០៨​លាន​ដុល្លារ អាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ