អានតួអត្ថបទ
បារំាង-ចិន

លោក​ Fabius៖បារំាង និង​ចិន​ចង់​ចាប់ដៃ​គ្នា​ដើម្បី​ក្រសោប​ទីផ្សារ​នៅ​អាស៊ី ឬ​នៅ​អាហ្រ្វិក

លោក​ប្រមុខការទូត​បារំាង Laurent Fabius បាន​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ទី១០ ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ ទី១៥ ឧសភា។ ក្រោយ​ពី​បាន​ចូល​ជួប​សន្ទនា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ប៉េកំាង លោក Fabius បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បារំាង និង​ចិន​មាន​បំណង​ចាប់ដៃ​គ្នា​ដើម្បី​ក្រសោប​យក​ទីផ្សារ​នៅ​ទ្វីបអាស៊ី ឬ​នៅ​ទ្វីបអាហ្រ្វិក។ ទន្ទឹម​គ្នា​នេះ ប្រមុខ​ការទូត​បារំាង​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​បំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ចិន​លី ខឺជំាង​ក្នុង​ប្រទេស​បារំាង​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ដែរ។

លោក​ប្រមុខការទូត​បារំាង Laurent Fabius និងលោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង
លោក​ប្រមុខការទូត​បារំាង Laurent Fabius និងលោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ផ្លូវការ​ហើយ លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង​នឹង​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ប៉ារីស និង​នៅ​ខេត្ត​ទូលូ​ក្នុង​ប្រទេស​បារំាង​នា​ចុង​ខែ​មិថុនា ឬ​ដើម​ខែ​កក្កដា​ខាង​មុខ នេះ​ការ​បញ្ជាក់​របស់​លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius នៅ​ក្រោយ​ជំនួប​ជាមួយ​លោក​លី ខឺជំាង​ក្នុង​ទីក្រុង​ប៉េកំាង។ ក្រៅ​ពី​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ចិន​ក្នុង​ទឹកដី​បារំាង លោក Fabius ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​បំណង​ប្រាថ្នា​រួម​គ្នា​របស់​ប៉ារីស និង​ប៉េកំាង​ក្នុង​ការ​ក្រសោប​យក​ទីផ្សារ​ទី៣ ដោយ​មិន​ថា​នៅ​ទ្វីប​អាស៊ី ឬ​មួយ​ក៏​នៅ​ទ្វីប​អាហ្រ្វិក​ទេ។

គម្រោង​ចាប់​ដៃ​រួម​គ្នា​រវាង​បារំាង និង​ចិន​ដើម្បី​ដណ្តើម​យក​ទីផ្សារ​ទី៣ ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ចិន​កំពុង​ស្គាល់​កំណើន​សេដ្ឋកិច្ច​ទ្រឹង​មួយ​កន្លែង ដោយសារ​តែ​វិស័យនំា​ចេញ​ធ្លាក់​ចុះ និង​ការ​ស្រុត​ចុះ​នៃ​តម្រូវការ​ក្នុង​ស្រុក។ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​ចិន​បាន​ជម្រុញ​ឲ្យ​រោងចក្រ សហគ្រាស​របស់​ខ្លួន​ផ្តើម​គិតគូរ​បន្ថែម​ទៀត​ពី​ផែនការ​ពង្រីក​ការ​អភិវឌ្ឍន៍​នៅ​បរទេស។ នៅ​ក្នុង​ករណី​នេះ ចិន​អាច​ចាប់​ដៃ​ជាមួយ​បារំាង​ដើម្បី​ទាញ​យក​បទពិសោធន៍ និង​ចំណេះដឹង​របស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​បារំាង​ស្តីពី​ទីផ្សារ ពិសេស​ក្រុមហ៊ុន រោងចក្រ សហគ្រាស​បារំាង​ណា​ដែល​បាន​បោះទីតំាង​យូរ​អង្វែង​នៅ​ក្រៅ​ប្រទេស។

និយាយ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​បារំាង ចិន​វិញ វិនិយោគ​បារំាង​នៅ​ចិន​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ពោល​កើន ២៩,៨% នៅ ៤ខែ​ដើម​ឆ្នំា ២០១៥ នេះ។ ចំណែក​វិនិយោគ​ចិន​នៅ​បារំាង​ក៏​មាន​ការ​កើន​ឡើង​ដែរ។ ក្រៅ​ពី​ជួប​ជាមួយ​លោក​លី ខឺជំាង លោក Fabius ក៏​បាន​ជួប​សន្ទនា​ជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន Gao Hucheng ដែរ។ នៅ​ក្នុង​ជំនួប​នោះ លោក Fabius បាន​និយាយ​ប្រាប់​លោក Gao ពី​ការ​រង់ចំា​របស់​បារំាង​ដើម្បី​រួម​សហការណ៍​បន្ថែម​ជាមួយ​ចិន​នៅ​ក្នុង​វិស័យ​អាកាសនាវាវិជ្ជា។

គួរ​ជម្រាប​ជូន​ថា​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប Airbus ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ទូលូ ប្រទេស​បារំាង​បាន​សង់​រោងចក្រ​មួយ​នៅ​ចិន​ដើម្បី​ដំឡើង​យន្តហោះ Airbus ខ្នាត​មធ្យម A ៣២០ តែ​លោក Fabius ចង់​ឲ្យ​មាន​ការ​ដំឡើង​យន្តហោះ Airbus ខ្នាត​វែង A ៣៣០ បន្ថែម​ទៀត។ ក្រៅ​ពី​ដៃគូ​ក្នុង​វិស័យ​អាកាសនាវាវិជ្ជា បារំាង និង​ចិន​ក៏​គ្រោង​ធ្វើ​ជា​ដៃគូ​នៅ​ក្នុង​វិស័យ​ថាមពល និង​យានយន្ត​​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ