អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​នាយករដ្ឋមន្រ្តី​បារំាង​ផ្តើម​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​ក្នុង​ប្រទេស​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មករា​នេះ លោក​នាយករដ្ឋមន្ត្រី​បារំាង​ម៉ានុយអែល វ៉ាល្ស​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន។ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោង​ទុក​ជា​មុន​ក្នុង​ឱកាស​ដែល​ប្រទេស​ទំាង​ពីរ​បិទបញ្ចប់​ខួបគម្រប់ ៥០ឆ្នំា​នៃ​ទំនាក់ទំនង​ការទូត​បារំាង ចិន។ លោក​ម៉ានុយអែល វ៉ាល្ស​បាន​ផ្តើម​ទស្សនកិច្ច​ថ្ងៃ​នេះ​នៅ​ក្នុង​ទីក្រុង​ជំាងយីន មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកំាង និង​សៀងហៃ។ នៅ​ពេល​ទៅ​ដល់​ទីក្រុង​ជំាងយីន លោក​វ៉ាល្ស​បាន​អំពាវនាវ​ឲ្យ​មាន​សមភាព​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​បារំាង និង​ចិន ក៏​ដូច​ជា​រវាង​សហភាពអឹរ៉ុប និង​ចិន។

លោក​នាយករដ្ឋមន្រ្តី​បារំាងម៉ានុយអែល វ៉ាល្ស (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង ក្នុង​ទីក្រុង​ប៉េកំាង ថ្ងៃទី២៩ មករា ២០១៥
លោក​នាយករដ្ឋមន្រ្តី​បារំាងម៉ានុយអែល វ៉ាល្ស (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង ក្នុង​ទីក្រុង​ប៉េកំាង ថ្ងៃទី២៩ មករា ២០១៥ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សារ​ថ្លែង​នៅ​ក្នុង​ទីក្រុង​ជំាងយីន​ថ្ងៃ​នេះ​នំា​ឲ្យ​គេ​សន្និដ្ឋាន​បាន​ភ្លាម​ថា កម្មវត្ថុ​សំខាន់​នៃ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​បារំាង​នៅ​ចិន​ពេល​នេះ គឺ​សេដ្ឋកិច្ច។ ចូរ​កុំ​ភ្លេច​ថា នរណា​ក៏​ចង់​រក​ស៊ី​ជាមួយ​ចិន​ដែរ ព្រោះ​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក និង​ចំ​ពេល​ដែល​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ត្រដរ​ខ្យល់​នោះ ចិន​នៅ​តែ​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ជានិច្ច។ ដូច្នេះ​សម្រាប់​លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង ម៉ានុយអែល វ៉ាល្ស ចិន ជា​តួអង្គ​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​ដែល​បារំាង​មិន​អាច​មើល​រំលង​បាន​ទេ ហើយ​ដំណើរ​ទៅ​កាន់​ទីក្រុង​ជំាងយីន​មុន​គេ​ក្នុង​ថ្ងៃ​នេះ​ក៏​ដោយសារ​ថា មាន​វត្តមាន​រោងចក្រ​ផលិត​យន្តហោះ Airbus របស់​សហភាព​អឺរ៉ុប​តំាង​ពី ១០ឆ្នំា​មក​ហើយ​នៅ​ក្នុង​ទីក្រុង​ជំាងយីន និង​ដែល​យន្តហោះ Airbus ប្រមាណ​ជា ១ភាគ៤​ផលិត​ចេញ​ពី​រោងចក្រ​នោះ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន។

ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន Airbus ក្នុង​ទីក្រុង​ជំាងយីន លោក​ម៉ានុយអែល វ៉ាល្ស​បញ្ជាក់​ថា បារំាង​ស្វាគមន៍​អ្នកវិនិយោគ​ចិន​គ្រប់​រូប និង​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ចិន​សម្រាប់​រយៈពេល​យូរអង្វែង។ សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ទស្សនកិច្ច​នោះ លោក​នាយករដ្ឋមន្រ្តី​បារំាង​បាន​នំា​យក​ទៅ​ជាមួយ​លោក​នូវ​អគ្គនាយក​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស ដូច​ជា​ក្រុមហ៊ុន​អគ្គិសនី​បារំាង EDF ក្រុមហ៊ុន Thales ផ្នែក​អេឡិចត្រូនិច បច្ចេកវិទ្យា និង​ការពារ ឬ​មួយ​ក៏​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវដែក SNCF ជា​ដើម។ ទន្ទឹម​គ្នា​នោះ លោក​ម៉ានុយអែល វ៉ាល្ស​ក៏​បាន​ឆ្លៀត​សាទរ​ចំពោះ​ការ​ចូលរួម​របស់​អ្នកវិនិយោគ​ចិន​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​យក​អាកាសយានដ្ឋាន​ក្នុង​ខេត្ត​ទូលូ (Toulouse) និង​យក​ក្រុមហ៊ុន​ទេសចរណ៍ Club Med ក្នុង​ប្រទេស​បារំាង។

លោក​ម៉ានុយអែល វ៉ាល្ស​អំពាវនាវ​ឲ្យ​មាន​សមភាព​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​បារំាង និង​ចិន

ការ​អំពាវនាវ​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង​យ៉ាង​ដូច​នេះ​ក៏​ដោយសារ​តែ​កម្រិត​នៃ​ការ​នំា​ទំនិញ​បារំាង​ចេញ​ទៅ​ចិន និង​ការ​នំា​ទំនិញ​ចិន​ចូល​មក​បារំាង​មាន​គម្លាត​គ្នា​ឆ្ងាយ​ពេក។ បច្ចុប្បន្ន បារំាង​បាន​នំា​ទំនិញ​ចិន​ចូល ២ដងកន្លះ​ច្រើន​ជាង​ចិន​នំា​ទំនិញ​បារំាង​ចូល។ ទន្ទឹម​គ្នា​នេះ គម្លាត​ក៏​មាន​ដែរ​រវាង​ចំនួន​អ្នកវិនិយោគ​បារំាង​នៅ​ចិន និង​អ្នកវិនិយោគ​ចិន​នៅ​បារំាង មាន​ន័យ​ថា ជនជាតិ​បារំាង​បាន​នំា​គ្នា​ទៅ​រក​ស៊ី​នៅ​ស្រុក​ចិន ច្រើន​ជាង​ជនជាតិ​ចិន​ចូល​មក​បោះទុន​រកស៊ី​ក្នុង​ស្រុក​បារំាង។ គឺ​គម្លាត​ទំាង​ពីរ​នេះ​ហើយ​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង​ចង់​ធ្វើ​ការ​កាត់​បន្ថយ តាម​រយៈ​គម្រោង​កំណែទម្រង់​ប្រកប​ដោយ​មហិច្ចតា​របស់​រដ្ឋាភិបាល​លោក​ក្នុង​ការ​ពង្រឹង​វិស័យ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន សហគ្រាស​បារំាង។

ក្រៅ​ពី​ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​បារំាង និង​ចិន លោក​នាយករដ្ឋមន្រ្តី​បារំាង​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាពអឺរ៉ុប​ផង​ដែរ។ តែ​លោក​ម៉ានុយអែល វ៉ាល្ស​បាន​បញ្ជាក់​ថា ដើម្បី​អាច​ធ្វើ​យ៉ាង​នេះ​បាន គេ​ត្រូវ​តែ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ទុកចិត្ត​គ្នា និង​ការ​គោរព​គ្នា​ទៅ​វិញ ទៅ​មក។ តាម​គម្រោង បារំាង និង​ចិន​អាច​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន ១៥។

សិទ្ធិមនុស្ស ជា​រឿង​ដែល​ចិន​មិន​ចង់​ឮ

ក្រៅ​ពី​រឿង​សេដ្ឋកិច្ច​ដែល​ជា​ប្រធានបទ​អាទិភាព បញ្ហា​អាកាសធាតុ និង​រឿង​ភេរវនិយម ពិសេស​អង្គការ​រដ្ឋអ៊ីស្លាម​ក៏​អាច​ជា​ប្រធាន​រឿង​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​បារំាង​លើក​ទៅ​ជជែក​ជាមួយ​ចិន។ តែ​ប្រធានបទ​មួយ​ដែល​គ្រប់​ថ្នាក់ដឹកនំា​បស្ចិមលោក មិន​ថា​បារំាង អាល្លឺម៉ង់ ឬ​មួយ​ក៏​អាមេរិក​មិន​ភ្លេច​លើក​ទៅ​ជជែក​ជាមួយ​ចិន​នោះ គឺ​រឿង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន។ បើ​តាម​អ្នក​ជំនិត​របស់​លោក​ម៉ានុយអែល វ៉ាល្ស​ឲ្យ​ដឹង​ថា លោក​វ៉ាល្ស​អាច​នឹង​និយាយ​ខ្លះៗ ស្តើងៗ ពី​រឿង​សិទ្ធិមនុស្ស ឬ​មួយ​ក៏​អ្នកប្រឆំាង​ចិន​មា្នក់​ដែល​កំពុង​ជាប់​ក្នុង​គុក គឺ​លោក Liu Xiaobao ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព។

គួរ​ជម្រាប​ជូន​ថា នេះ​ជា​លើកទី២ ហើយ​ដែល​លោក​ម៉ានុយអែល វ៉ាល្ស​បាន​ដាក់​ជើង​ជាន់​ប្រទេស​ចិន លោក​បាន​ទៅ​លើក​ទី១ កាល​ពី​ឆ្នំា ២០១០ ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​តំាង​ពិព័ណ៌​ក្រុង​សៀងហៃ តែ​ក្នុង​នាម​ជា​ចៅហ្វាយ​ឃុំ Evry ស្ថិត​ជាយ​ក្រុង​ប៉ារីស។ ម្យ៉ាង​ទៀត គឺ​ក្នុង​នាម​ជា​ចៅហ្វាយ​ចៅហ្វាយ​ឃុំ Evry នោះ​ឯង​ដែល​លោក​បាន​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចសង្ឃ​ទីបេ​ដាឡៃ ឡាម៉ា​កាល​ពី​ឆ្នំា ២០០៨ ហើយ​លោក​ប្រធានាធិបតី​បារំាង​សាកូហ្ស៊ី​ជំនាន់​នោះ​ក៏​បាន​ទទួល​ជួប​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ដែរ។ ការ​ទទួល​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅ​ក្រហាយ​មិន​តិច​ទេ។

ជា​ទូទៅ ថ្នាក់ដឹកនំា​បស្ចិមលោក​ណា​ក៏​ដោយ​ដែល​ទៅ​និយាយ​ជា​មួយ​ថ្នាក់ដឹកនំា​ចិន គឺ​គេ​មិន​ភ្លេច​និយាយ​ពី​រឿង​សិទ្ធមនុស្ស​ទេ គ្រាន់​តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ តែ​កន្លង​មក ចិន​ធ្លាប់​បាន​ព្រមាន​ថា បញ្ហា​សិទ្ធិមនុស្ស​របស់​ចិន​គឺ​ជា​រឿង​របស់​ចិន ដោយ​ចិន​មិន​ត្រូវ​ការ​មេរៀន​ពី​អ្នក​ណា​ទេ និង​ថា អ្នក​ណា​ដែល​ចង់​រក​ស៊ី​ជាមួយ​ចិន មិន​គួរ​លើក​យក​រឿង​សិទ្ធិមនុស្ស​ទៅ​និយាយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ