អានតួអត្ថបទ
ចិន-ហ្វីលីពីន

ប្រធានាធិបតី​ហ្វីលីពីន​ប្រដូច​ចិន​ទៅនឹង​អាល្លឺម៉ង់​សម័យ​សង្រ្គាមលោក​លើកទី២

លោក​ប្រធានាធិបតី​ហ្វីលីពីន Benigno Aquino ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន បានថ្លែង​នៅថ្ងៃ​ពុធ​នេះ ដោយ​​ធ្វើការ​ប្រៀបប្រដូច​ប្រទេស​ចិន​បច្ចុប្បន្ន​ទៅនឹង​អាល្លឺម៉ង់​ក្នុងសម័យ​សង្រ្គាម​លោកលើកទី២។ លោក Aquino ធ្វើការ​ប្រៀបប្រដូច​បែបនេះ ដោយ​សំដៅ​ទៅលើ​សកម្មភាព​វាតទី​របស់​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ភាព​ចាំបាច់​នៃ​តួនាទី​របស់​អាមេរិក​ក្នុងការ​ទប់ស្កាត់​មហិច្ឆតា​របស់​ចិន។

លោក​អាគីណូ ប្រធានាធិបតី​ហ្វីលីពីន នៅ​ពេល​មក​ដល់​ព្រលានយន្តហោះ​ក្រុងតូក្យូ ថ្ងៃ​អង្គារ ២ មិថុនា ២០១៥
លោក​អាគីណូ ប្រធានាធិបតី​ហ្វីលីពីន នៅ​ពេល​មក​ដល់​ព្រលានយន្តហោះ​ក្រុងតូក្យូ ថ្ងៃ​អង្គារ ២ មិថុនា ២០១៥ REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

ការប្រៀបប្រដូច​ចិន​ទៅនឹង​អាល្លឺម៉ង់​ណាហ្ស៊ី​ត្រូវ​បាន​លោក​អាគីណូ​ធ្វើឡើង នៅ​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​អ្នក​ជំនួញ​ជប៉ុន ក្នុង​ក្រុង​តូក្យូ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​​​តួនាទី​របស់​អាមេរិក​ក្នុងការ​ទប់ទល់​នឹង​ការកើនឡើង​ឥតឈប់​នៃ​​អំណាច​របស់​ចិន។

សម្រាប់​លោក​ប្រធានាធិបតី​ហ្វីលីពីន សហរដ្ឋ​អាមេរិក​មាន​តួនាទី​សំខាន់​បំផុត ក្នុងការ​ទប់ស្កាត់​សកម្មភាព​វាតទី​របស់​ចិន ហើយ​ថា ប្រសិនបើ​អាមេរិក ដែល​ជា​មហាអំណាច​ពិភពលោក​មួយនោះ​ ​មិន​អើពើ​ទេនោះ ប្រហែល​ជា​គ្មាន​អ្នកណា​អាច​រារាំង​មហិច្ឆតា​របស់​ចិន​បាននោះទេ។

នៅត្រង់ចំណុចនេះហើយ​ដែល​លោក​អាគីណូ​បាន​រំឭកទៅដល់​ប្រវត្តិសាស្រ្ត​សម័យ​សង្រ្គាម​លោក​លើកទី២ ដែល​ប្រទេស​មហាអំណាច​​ពេលនោះ បាន​ឈរឱបដៃ​​ទុកបណ្តោយ​ឲ្យ​ហ៊ីត្លែរ​វាតទី​ពង្រីក​ទឹកដី​ឈ្លានពាន​ប្រទេស​តូចតាច​តាមតែ​អំពើ​ចិត្ត រហូត​ធ្វើ​ឲ្យ​ហ៊ីត្លែរ​បាន​ចិត្ត​បង្កើន​មហិច្ឆតា​ចង់​ត្រួតត្រា​ពិភពលោក ហើយ​បង្ក​ទៅ​ជា​សង្រ្គាម​លោក។ សម្រាប់​លោក​ប្រធានាធិបតី​ហ្វីលីពីន ប្រសិនបើ​ប្រទេស​មហាអំណាច ដូចជា បារាំង ឬ​អង់គ្លេស ចេញមុខ​រារាំង​ហ៊ីត្លែរ​តាំង​ពី​ដំបូង សង្រ្គាម​លោកលើកទី២ ទំនង​ជា​នឹង​មិន​ត្រូវ​ផ្ទុះឡើង​នោះទេ។

គេ​អាច​យល់​បាន​ថា អត្ថន័យ​នៃ​ការ​ប្រៀបធៀប​របស់​​លោក​អាគីណូ​ គឺ​ចង់​សំដៅ​ថា ប្រសិនបើ​ប្រទេស​មហាអំណាច​ដូចជា​អាមេរិក​ឈរឱបដៃ​ទុក​បណ្តោយ​ឲ្យ​ចិន​ធ្វើ​តាមតែ​អំពើ​ចិត្ត វា​នឹង​ធ្វើ​ឲ្យ​ចិន​កាន់តែ​បាន​ចិត្ត​បង្កើន​សកម្មភាព​វាតទី​របស់​ខ្លួន ដែល​អាច​នឹង​នាំ​ឲ្យ​ផ្ទុះ​ទៅជា​សង្រ្គាម​នៅថ្ងៃ​ណាមួយ។

គួរបញ្ជាក់ថា នេះ​មិនមែន​ជាលើកទី១​ទេ ដែល​លោក​អាគីណូ​បាន​ធ្វើការ​ប្រៀបប្រដូច​ចិន​ទៅនឹង​អាល្លឺម៉ង់​សម័យ​សង្រ្គាម​លោកលើកទី២។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាមេរិក The New York Times កាល​ពី​ឆ្នាំ​ទៅមិញ លោក​ប្រធានាធិបតី​ហ្វីលីពីន​ក៏​បាន​ធ្វើការ​ប្រៀបប្រដូច​ស្រដៀង​គ្នា​នេះ​ដែរ ដែល​កាលណោះ​បាន​ធ្វើ​ឲ្យ​ចិន​បញ្ចេញ​ប្រតិកម្ម​តបត​វិញ​ទាំង​កំហឹង ដោយ​បាន​ហៅ​លោក​អាគីណូ​ថា​ជា​មេដឹកនាំ “ស្ទើរភ្លើង” និង “ល្ងីល្ងើ​គ្មានដឹង​ខ្យល់​អ្វី​ទាំងអស់”។

ចំពោះ​ការថ្លែង​របស់​លោក​អាគីណូ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅថ្ងៃ​ពុធនេះ​វិញ ចិន​ក៏​មិនបាន​បង្អែបង្អង់​យូរ​ដែរ ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ហៅ​ការ​ប្រៀបប្រដូច​របស់​លោកអាគីណូ​ថា​ជា​ “សម្តី​គ្មាន​មូលដ្ឋាន” និង​ថា ​ហ្វីលីពីន​កំពុងតែ​រួមដៃ​ជាមួយ​ប្រទេស​ក្រៅតំបន់ ដើម្បី​មក​បង្ក​ជម្លោះ​នៅ​ក្នុង​តំបន់ ហើយ​ទម្លាក់​កំហុស​ដាក់ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ