អានតួអត្ថបទ
អាកាសធាតុ

អ្នកជំនាញ៖ ​កាត់បន្ថយ​ឧស្ម័ន​កាបូនិក​នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​ទេ

ក្រុម​អ្នក​ជំនាញ​ខាង​អាកាសធាតុ​របស់​អ.ស.ប បាន​ចេញផ្សាយ​របាយការណ៍​មួយ នៅថ្ងៃ​អាទិត្យ ដោយ​ជំរុញ​ឲ្យ​គ្រប់ប្រទេស​ទាំងអស់​​ខិតខំ​ប្រឹងប្រែង​ក្នុងការ​​ទប់ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី ព្រមទាំង​បាន​សង្កត់​ធ្ងន់ថា ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា ដូច​ការ​ព្រួយបារម្ភ​របស់​​ប្រទេស​មួយ​ចំនួន​នោះទេ។

ឧស្ម័ន​កាបូនិក​​គឺ​ជា​ដើមហេតុ​ដ៏ចម្បងមួយ ដែល​ធ្វើ​ឲ្យ​ផែនដី​ឡើង​កម្តៅ
ឧស្ម័ន​កាបូនិក​​គឺ​ជា​ដើមហេតុ​ដ៏ចម្បងមួយ ដែល​ធ្វើ​ឲ្យ​ផែនដី​ឡើង​កម្តៅ REUTERS/PETER ANDREWS
ផ្សាយពាណិជ្ជកម្ម

ឧស្ម័ន​កាបូនិក គឺ​ជា​ដើមហេតុ​ដ៏ចម្បងមួយ ដែល​នាំ​ឲ្យ​ផែនដី​ឡើង​កម្តៅ។ ក៏ប៉ុន្តែ ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក គឺ​ជា​លទ្ធផល​នៃ​សកម្មភាព​សេដ្ឋកិច្ច។ ហេតុដូច្នេះ​ហើយ​បាន​ជា​បណ្តា​ប្រទេស​ជាច្រើន​តែងតែ​នាំគ្នា​​ព្រួយបារម្ភថា ប្រសិនបើ​គេខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ឲ្យ​បាន​ច្រើន អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច។

ក៏ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​ខាង​អាកាសធាតុ​របស់​អ.ស.ប​បាន​បង្ហាញ​នូវការ​សិក្សា​មួយ ដែល​បង្ហាញ​ថា ការកាត់បន្ថយ​ការ​​បញ្ចេញ​ឧស្ម័ន​កាបូនិក​ បើទោះបី​ជា​ធ្វើ​នៅ​ក្នុង​ទំហំ​ធំធេង​ជា​អតិបរមា អាច​នឹង​ធ្វើ​ឲ្យ​អត្រា​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថយចុះ​ត្រឹមតែ ០,០៦%​ប៉ុណ្ណោះ ក្នុងមួយ​ឆ្នាំ។ ការថយចុះ​ដ៏តិចតួច​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​គួរតែ​ជា​រឿងដែល​គួរ​ឲ្យ​ទទួល​យក​បាន បើ​គេ​ប្រៀបធៀប​ទៅនឹង​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ ដែល​អាច​បង្កឡើង​ដោយ​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី។

ក្រុម​អ្នក​ជំនាញ​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ប្រជាជន​ដែល​រស់​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ នឹង​ត្រូវ​ក្លាយ​ជា​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយ​ផលប៉ះពាល់​​ពី​ការឡើងកម្តៅ​នៃ​ភពផែនដី។

គួរបញ្ជាក់ថា នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី សហគមន៍​អន្តរជាតិ​បាន​ដាក់ចេញ​នូវ​គោលដៅ​មួយ​ថា​នឹង​ធ្វើ​យ៉ាងណា​​កុំ​ឲ្យ​សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី​កើនឡើង​លើស​ពី ២អង្សា ធៀប​នឹង​សីតុណ្ហភាព​នៅពេល​បច្ចុប្បន្ន។

នៅ​ក្នុង​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​អាទិត្យ នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក ក្រុម​អ្នក​ជំនាញ​អាកាសធាតុបាន​លើកឡើង​ថា ដើម្បី​អាច​សម្រេច​តាម​គោលដៅ​នេះ​បាន គេ​ចាំបាច់​ត្រូវតែ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ឲ្យ​បាន​ពី ៤០% ទៅ ៧០% នៅ​ចន្លោះ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០៥០ ដើម្បី​ឈាន​ទៅ​បញ្ឈប់​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទាំងស្រុង នៅ​ត្រឹមឆ្នាំ​២១០០។ ដើម្បី​ធ្វើ​បែបនេះ​បាន ពិភពលោក​ត្រូវ​តែ​រកវិធី​ថ្មី​ក្នុងការ​ផលិត​ថាមពល ជំនួស​ថាមពល​ផូស៊ីល ដូចជា ប្រេង ឧស្ម័ន និង​ធ្យូងថ្ម ត្រូវ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ថាមពល គ្រប់គ្នា​ត្រូវ​តែ​ប្រើប្រាស់​ថាមពល​ដោយ​សន្សំសំចៃ ព្រមទាំង​ត្រូវ​ទប់ស្កាត់​ការ​កាប់បំផ្លាញ​ព្រៃឈើ។

ភ្លាមៗ​ក្រោយ​ពី​របាយការណ៍​អាកាសធាតុ​នេះ​ត្រូវ​ចេញផ្សាយ លោក​អគ្គលេខាធិការ​អ.ស.ប បាន គីមូន លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ ហូឡង់ និង​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ចន ឃែរី សុទ្ធតែ​បាន​នាំគ្នា​បង្ហាញ​នូវ​ការ​គាំទ្រ​​យ៉ាងពេញទំហឹង ចំពោះ​សេចក្តីសន្និដ្ឋាន​របស់​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ ហើយ​បាន​ទទូច​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ជាសកល នៅ​ក្នុងការ​ទប់ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ