អានតួអត្ថបទ
ចិន-អាមេរិក

ចិន​បរិហារ​រិះគន់​អាមេរិក​រឿង​បញ្ជូន​នាវាចម្បាំង​ចូលទៅ​សមុទ្រ​ចិន​ខាង​ត្បូង

នៅថ្ងៃ​អង្គារ​នេះ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​​ឲ្យ​ចូល​ទៅ​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ទៅ​ដល់​ក្បែរ​កោះ ដែល​កំពុង​ជាប់ជម្លោះ រវាង​ចិន និង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន។ អាមេរិក​អះអាង​ថា​នាវាចម្បាំង​នេះ​ធ្វើ​សកម្មភាព​ស្រប​ទៅតាម​ច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែ ចិនវិញ​បាន​ចោទ​ថា​វា​ជា​ការ​រំលោភ​ទៅលើ​អធិបតេយ្យភាព​របស់​ចិន និង​ថា​វា​ជា​ការ​គំរាមកំហែង​ដ៏ធំមួយ​ដល់​សន្តិសុខ​ជាតិ​ចិន។

នាវាពិឃាដ USS Lassen ដែល​អាមេរិក​បញ្ជូន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (រូបថតឯកសារ)
នាវាពិឃាដ USS Lassen ដែល​អាមេរិក​បញ្ជូន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (រូបថតឯកសារ) REUTERS/US Navy/CPO John Hageman/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

នាវាចម្បាំង​របស់​អាមេរិក ដែល​ជា​ប្រភេទ​នាវាពិឃាត (USS Lassen)​ បាន​ធ្វើ​ដំណើរ​ចូល​ទៅ​​ក្នុង​រង្វង់ ១២ម៉ាយល៍ ពី​​កោះ​ដែល​ចិន​បាន​សាងសង់ នៅ​ក្នុង​តំបន់​ប្រជុំកោះ Spratly ។ ១២ម៉ាយល៍ ដែល​តាមច្បាប់​អន្តរជាតិ គឺ​​ជា​រយៈចម្ងាយ​ត្រូវ​រាប់បញ្ចូល​ជា​ដែនទឹក​របស់​ប្រទេស​ម្ចាស់កោះ។ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក​ដែល​​មិន​ទទួលស្គាល់​អធិបតេយ្យភាព​របស់​ចិន​នៅលើ​កោះ​នេះ​បាន​អះអាង​ថា សកម្មភាព​នាវាចម្បាំង​នេះ “គឺជា​ប្រតិបត្តិការ​ជាធម្មតាមួយ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ស្រប​ទៅតាម​ច្បាប់​អន្តរជាតិ”។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​ក៏​បាន​សង្កត់ធ្ងន់ផងដែរ​ថា “អាមេរិក​នឹង​ធ្វើ​ដំណើរ ទាំង​តាម​ផ្លូវ​អាកាស និង​តាម​ផ្លូវ​សមុទ្រ ចូល​ទៅ​ក្នុង​គ្រប់តំបន់​ណា​ទាំងអស់ ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត”។

ក៏ប៉ុន្តែ សម្រាប់​ចិនវិញ នាវាចម្បាំង​របស់​អាមេរិក “បាន​ធ្វើ​ដំណើរ​ចូល​ដោយ​ខុសច្បាប់” ទៅ​ក្នុង​ដែនទឹក​នៅ​ក្បែរ​កោះ “ដោយ​គ្មាន​ការ​សុំ​អនុញ្ញាត​ជាមុន​ពី​រដ្ឋាភិបាល​ចិន”។ មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​លើកឡើង​ថា “ចិនជំទាស់​ដាច់ខាត​ចំពោះ​ប្រទេស​ណា​ដែល​យកគោលការណ៍​​សិទ្ធិសេរីភាព​នាវាចរណ៍​​និង​អាកាសចរណ៍​មក​ធ្វើ​ជា​លេស ដើម្បី​រំលោភ​ទៅលើ​អធិបតេយ្យភាព និង​សន្តិសុខ​របស់​ចិន” ហើយ​ថា​​ចិន​ “នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន”។

គួរបញ្ជាក់ឡើងវិញ​ថា តំបន់​ប្រជុំកោះ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ចំណុច​ជម្លោះ​ដ៏ក្តៅមួយ រវាង​ចិន និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាពិសេស គឺ​ជាមួយ​​វៀតណាម និង​ហ្វីលីពីន។ អាមេរិក ក៏ដូចជា​ប្រទេស​ដែល​ជា​គូជម្លោះ​របស់​ចិន បាន​ចោទចិន​ថា​កំពុងតែ​ធ្វើការ​សាងសង់​កោះ​សិប្បនិម្មិត ក្នុងគោលដៅ វាតទី​ពង្រីក​ដែនទឹក​របស់​ខ្លួន នៅ​ក្នុង​តំបន់​ជាប់ជម្លោះ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋ​អាមេរិក កាល​ពីខែ​មុន លោក​ស៊ី ជីនពីង ធ្លាប់​បាន​សន្យា​ថា ចិន​នឹង​មិន​បង្កើត​វត្តមាន​យោធា​នៅ​ក្នុង​តំបន់​ជាប់ជម្លោះ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ទេ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏តែងតែ​បាន​អះអាង​ម្តងហើយ​ម្តងទៀត​ដែរ​ថា រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខ្លួន​សាងសង់​នៅ​ក្នុង​តំបន់​នេះ គឺ​សុទ្ធតែ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ទាំងអស់។

ក៏ប៉ុន្តែ វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​របស់​អាមេរិក (Center for Strategic and International Studies) ធ្លាប់​បាន​ចុះផ្សាយ​រូបភាព​ផ្កាយរណប​ ដែល​បង្ហាញថា សំណង់​ខ្លះ ដែល​ចិន​សង់​នៅ​ក្នុង​តំបន់ប្រជុំកោះ Spratly គឺ​អាច​ប្រើ​នៅ​ក្នុង​គោលដៅ​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ