អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​ប្រារព្ធ​ខួបគម្រប់ ៦៥ឆ្នំា​នៃ​ថ្ងៃ​សាធារណរដ្ឋ « Republic Day » ដោយ​មាន​វត្តមាន​លោក​អូបាម៉ា​

នៅ​ថ្ងៃ​ចន្ទ ទី២៦ មករា​នេះ ប្រទេស​ឥណ្ឌា​បាន​ប្រារព្ធ​ខួប​គម្រប់ ៦៥ឆ្នំា​នៃ​ថ្ងៃ​សាធារណរដ្ឋ « Republic Day » នៅ​ក្រោម​ដំណក់​ទឹកភ្លៀង។ ជា​ថ្ងៃ​ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ឥណ្ឌា​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី២៦ មករា ឆ្នំា ១៩៥០។ ក៏​ដូច​ជា​រៀង​រាល់​ឆ្នំា បុណ្យជាតិ​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជាមួយ​នឹង​ពិធី​ដង្ហែរ​ក្បួន​ព្យុះហយាត្រា​ស៊ីវិល និង​យោធា​ដោយ​មាន​ការ​បង្ហាញ​នូវ​គ្រឿងសព្វាវុធ​ជា​ច្រើន​ប្រភេទ។ តែ​លក្ខណៈ​ពិសេស​នៅ​ក្នុង​ខួប​គម្រប់ ៦៥ឆ្នំា​ថ្ងៃ​នេះ គឺ​វត្តមាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​ភរិយា។

ឥណ្ឌា​ប្រារព្ធ​ខួបគម្រប់ ៦៥ឆ្នំា​នៃ​ថ្ងៃ​សាធារណរដ្ឋ « Republic Day »
ឥណ្ឌា​ប្រារព្ធ​ខួបគម្រប់ ៦៥ឆ្នំា​នៃ​ថ្ងៃ​សាធារណរដ្ឋ « Republic Day » Reuters
ផ្សាយពាណិជ្ជកម្ម

វត្តមាន​លោក​អូបាម៉ា​នៅ​ក្នុង​ពិធី​បុណ្យជាតិ​ឥណ្ឌា​ថ្ងៃ​នេះ គឺ​ជា​និមិត្តរូប​ចំណង​មិត្តភាព​មួយ​ដែល​បង្កប់​ដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​រវាង​អាមេរិក និង​ឥណ្ឌា។ អត្ថន័យ​ជ្រាលជ្រៅ ព្រោះ​នេះ​ជា​លើក​មួយ​បង្អស់​ដែល​មាន​ប្រធានាធិបតី​អាមេរិក​កំពុង​កាន់អំណាច​ម្នាក់​ត្រូវ​បាន​ឥណ្ឌា​អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​នៅ​ក្នុង​ពិធី​បុណ្យ​ថ្ងៃ​សាធារណរដ្ឋ « Republic Day »។ គ្រឿងសព្វាវុធ​រុស្ស៊ី និង​សត្វអូដ្ឋ​លំអ​ដោយ​កម្រងផ្កា​គ្រប់ពណ៌​ត្រូវ​បាន​គេ​យក​ទៅ​ដង្ហែរ​នៅ​ក្នុង​ក្បួន​ព្យុះហយាត្រ​ដើរ​កាត់​មុខ​វេទិកា​ក្រោម​ក្រសែ​ភ្នែក​របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា ព្រម​ទំាង​ថ្នាក់ដឹកនំា​ឥណ្ឌា និង​មន្រ្តី​គ្រប់ជាន់ថ្នាក់​ជា​ច្រើន​រូប​ផ្សេង​ទៀត។ នា​ឱកាស​ក្បួន​ព្យុះហយាត្រា​ថ្ងៃ​នេះ សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ញូដែលី​ត្រូវ​បាន​គេ​ពង្រឹង​ដល់​កម្រិត​ខ្ពស់ ដោយ​មាន​ដាក់​ពង្រាយ​កម្លំាង​បាញ់ស៊ីប​នៅ​តាម​ជាន់​អាគារ​ជាប់​នឹង​ផ្លូវ​ដង្ហែរ​ក្បួន​ព្យុះហយាត្រា និង​ការ​ដាក់​កំាមេរ៉ា​ឃ្លំាមើល​ប្រមាណ​ជា ១៥ ០០០គ្រឿង ព្រម​ទំាង​ហាម​ឃាត់​គ្រប់​យន្តហោះ​មិន​ឲ្យ​ហោះហើរ​ពី​លើ​តំបន់។

គួរ​ជម្រាប​ជូន​ថា បុណ្យជាតិ​ឥណ្ឌា​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​លោក​អូបាម៉ា​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​រហូត​ដល់​ថ្ងៃ​អង្គារ ទី២៧ មករា​ស្អែក។ តំាង​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក​អូបាម៉ា និង​លោក​ម៉ូឌី​បាន​លើក​ឡើង​ពី​មិត្តភាព និង​ពី​ការ​ទុកចិត្តគ្នា​រវាង​ប្រទេស​ទំាង​ពីរ នោះ​បើ​ទោះ​បី​ជា​នៅ​មាន​បញ្ហា​ខ្លះ​ដែល​នំា​ឲ្យ​ទំនាក់ទំនង​រវាង​គ្នា​តែងតែ​ជួប​នឹង​ភាព​រកាំរកូស​ក្តី ពិសេស​នៅ​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល។ ក្រៅ​ពី​សន្យា​នឹង​ពន្លឿន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នុយក្លេអ៊ែរស៊ីវិល ឥស្សរជន​ទំាង​ពីរ​ក៏​បាន​និយាយ​ពី​បញ្ហា​អាកាសធាតុ​ដែរ ព្រោះ​ឥណ្ឌា​ជា​ប្រទេស​ទី៣ បន្ទាប់​ពី​ចិន និង​អាមេរិក​ដែល​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ទៅ​ក្នុង​ភពផែនដី​ច្រើន​ជា​គេ។

ដោយឡែក​ក្នុង​ថ្ងៃ​នេះ លោក​អូបាម៉ា និង​លោក​ម៉ូឌី​ថ្លែង​រួម​គ្នា​ទៅ​កាន់​ក្រុមអ្នក​ជំនួញ​នៅ​ក្នុង​វេទិកា​រៀបចំ​ដោយ US-India Business Council។ គួរ​រម្លឹក​ជូន​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ឥណ្ឌា​បាន​គុណ​ឡើង ៥ដង​គិត​តំាង​ពី​ឆ្នំា ២០០០ ពោល​មាន​ទឹកប្រាក់​ដល់​ទៅ ១០០ ០០០លានដុល្លារ​ក្នុង​១ឆ្នំាៗ។ កម្មវត្ថុ​របស់​អាមេរិក គឺ​នឹង​គុណ​ឡើង​ចំនួន ៥ដង​ទៀត​នៅ​ឆ្នំា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ