អានតួអត្ថបទ
ម៉ាឡេស៊ី-ហូឡង់

ម៉ាឡេស៊ី​និង​ហូឡង់​ ចង់​នាំ​អ្នក​បង្ក​សោកនាដកម្ម​ធ្លាក់​យន្តហោះ​MH17ទៅ​តុលាការ

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ហូឡង់ បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃពុធ​នេះ បន្ត​រក្សា​គំនាប​លើ​អ៊ុយក្រែន ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ចូល​ទៅ​ដល់​កន្លែង​ដែល​យន្តហោះរបស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ MH17 ធ្លាក់ និង​ជា​ពិសេស​នាំ​អ្នក​ទទួល​ខុស​ត្រូវ​បង្ក​ឱ្យ​មាន​សោកនាកម្ម​នេះ ទៅ​​កាត់​ទោស​នៅ​តុលាការ​។

បំណែក​យន្តហោះ​ MH17 ដែល​ធ្លាក់​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​
បំណែក​យន្តហោះ​ MH17 ដែល​ធ្លាក់​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ REUTERS/Maxim Zmeyev/Files
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​គ្នា​​ជា​មួយ​សមភាគី​ហូឡង់ លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា “ម៉ាឡេស៊ី សន្យា​នាំ​ជន​ឬ​ក្រុម​​ដែល​បាន​បង្ក​គ្រោះ​មហន្តរាយ​ធ្លាក់​យន្តហោះ​MH17 ទៅ​តុលាការ។ ម៉ាឡេស៊ី និង​ហូឡង់​ ដែល​ជា​ប្រទេស​ពាក់ព័ន្ធ​ខ្លាំង​នឹង​គ្រោះ​ធ្លាក់​យន្តហោះ​នេះ បានព្រមព្រៀង​ បន្ត​​សហការ​ និង​ពួត​ដៃ​គ្នា​ធ្វើ​ការ​ជា​ធ្លុង​មួយ​ ដោយ​ផ្តោត​អាទិភាព​ទៅ​លើ​ការ​ប្រមូល​ខ្មោច​យន្តហោះ ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នៅ​ឡើយ។

 
យន្តហោះ​ប៊ូអ៊ីង ៧៧៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ហោះ​ចេញ​ពី​ទីក្រុង​អាំស្ទែដាំ កាលពី​ថ្ងៃទី ១៧ កក្កដា២០១៤ ទំនង​ជាបាន​​ត្រូវ​​​គ្រាប់​មីស៊ីល​​ ​រួច​ធ្លាក់ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ត្រង់​តំបន់ដែល​​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​រវាង​ទាហាន​ស្រប​ច្បាប់​អ៊ុយក្រែន និង​ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​ស្និទ្ធ​នឹង​រុស្ស៊ី។ យន្តហោះ​នោះ​មាន​ផ្ទុក​អ្នក​ដំណើរ​ សរុប​២៩៨​នាក់ ក្នុង​នោះ​១៩៣​នាក់​ជា​ជនជាតិ​ហូឡង់​ និង​៤៤​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី។

ភាគី​ហូឡង់​ទទួល​បន្ទុកវែក​​រក​អត្តសញ្ញា​ជន​រងគ្រោះ​ និង​ ស្វែងរក​មូលហេតុ​ដែល​នាំ​ឱ្យ​ធ្លាក់​យន្តហោះ ប៉ុន្តែ​ការ​ស៊ើប​អង្កេត ហាក់​ជួប​ការ​លំបាក​ខ្លាំង ព្រោះ​មិន​អាច​បំពេញ​បេសកកម្ម​ធំៗ​និង​សំខាន់ៗ​បាន ដោយ​កាលៈទេសៈ​និង​ស្ថានភាព​មិន​អំណោយ។ ភ្នាក់ងារ​ហូឡង់ បាន​​ត្រលប់​ជា​ថ្មី​នៅ​កាន់​តំបន់​រងគ្រោះ កាលពី​សប្តាហ៍​មុន​ ដើម្បី​ប្រមូល​សំណល់​សាកសព។

សេចក្តី​សន្និដ្ឋាន​ដែល​គេ​តែង​លើក​យក​មក​និយាយ​ជា​ញយៗ ​គឺ​យន្តហោះ​បាន​ធ្លាក់​ បន្ទាប់​​មីស៊ីល​បាញ់​ចំ។ បើ​តាម​សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែន មីស៊ីល​នោះ​ ជា​ប្រភេទ​គ្រាប់មីស៊ីល​​Boukរបស់​​​រុស្ស៊ី ដែលផ្តល់​ឱ្យ​​ពួក​ឧទ្ទាម​ប្រើ សម្រាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​គៀវ។ ប៉ុន្តែ​បើតាម​រុស្ស៊ីវិញ​ មីស៊ីល​នោះ​ជា​របស់​យោធា​អ៊ុយក្រែន។ ចំណែក​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ីវិញ ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត បាន​ប្រកាស​ថាទទួល​បាន​ព័ត៌មាន​បឋម​ ទាក់ទង​នឹង​ការ​កើត​ហេតុ​ ប៉ុន្តែ​ត្រូវ​រង់ចាំ​រក​ភស្តុតាង​មក​បញ្ជាក់​សិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ