នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដកតំណែងឧបនាយករដ្ឋមន្រ្តីដែលចេះតែជជីកសើរើរឿងអាស្រូវពុករលួយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣៤
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាហ្ស៊ីប រ៉ាហ្សាក់ កាលពីថ្ងៃអង្គារទី ២៨ កក្កដា បានដកហូតតំណែងឧបនាយករដ្ឋមន្រ្តី និងប្រធានរាជអាជ្ញាម៉ាឡេស៊ី ដែលជាអ្នកហ៊ាននិយាយឲ្យគេសើរើ និងស៊ើបអង្កេតលើរឿងអាស្រូវពុករលួយ ដែលលោកនាយករដ្ឋមន្រ្តីខ្លួនឯងផ្ទាល់ មានជាប់ពាក់ព័ន្ធ។ ជារួម មានរដ្ឋមន្រ្តី៩រូបដែលត្រូវបាត់បង់តំណែង នៅក្នុងការប្រជុំរុះរើគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃអង្គារ។
ការជីក ឫស ជីកគល់ ចង់ឲ្យប្រមុខរដ្ឋាភិបាលពន្យល់បកស្រាយពី រឿងបាត់លុយក្រុមហ៊ុន បានធ្វើឲ្យរដ្ឋមន្រ្តី៩នាក់ រួមទាំងឧបនាយករដ្ឋមន្រ្តី ខ្ទាតចេញពីតំណែង។ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាស តាមទូរទស្សន៍ ដកលោកមូយីឌីន យ៉ាស៊ីនចេញពីតំណែងឧបនាយករដ្ឋមន្រ្តី។ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី មិនបានលាក់លៀមពីមូលហេតុដែលធ្វើឲ្យលោកដកតំណែងឧបនាយករដ្ឋមន្រ្តីរបស់លោកទេ។ តាមលោកណាហ្ស៊ីប រ៉ាហ្សាក់ មន្រ្តីរដ្ឋាភិបាលមិនត្រូវបញ្ចេញការយល់ឃើញផ្ទុយរបស់ខ្លួន នៅកន្លែងសាធារណៈ ដែលនឹងជះឥទ្ធិពល ធ្វើឲ្យមតិសាធារណជន ស្អប់ ប្រឆាំង រដ្ឋាភិបាល និងម៉ាឡេស៊ី នោះទេ។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីចង់និយាយសំដៅទៅដល់ ឧបនាយករដ្ឋមន្រ្តីយ៉ាស៊ីន ដែលកាលពីថ្ងៃអាទិត្យ ទី ២៦ កក្កដា បានអំពាវនាវ នៅក្នុងវេទិកាសាធារណៈមួយ សុំឲ្យលោកនាយករដ្ឋមន្រ្តី ចេញមុខ បកស្រាយឲ្យបានច្បាស់លាស់ពីសំណុំរឿង បន្លំលុយ ក្រុមហ៊ុនរដ្ឋ (1Malaysia Development Berhad) ដែលលោកណាហ្ស៊ីប រ៉ាហ្សាក់ ជាអ្នកផ្តួចផ្តើមបង្កើតឡើង និងធ្វើជាប្រធានក្រុមប្រឹក្សាភិបាល រហូតមក។
ការអំពាវនាវរបស់ឧបនាយករដ្ឋមន្រ្តីបានបន្ថែម ធ្វើឲ្យសំឡេងរិះគន់ ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តីណាហ្ស៊ីប រ៉ាហ្សាក់ មានកាន់តែច្រើនឡើង។ លោករ៉ាហ្សាក់ផ្ទាល់ក៏កំពុងវណ្ឌក ជាប់ក្នុងសំណាញ់ស៊ើបអង្កេតរឿងពុករលួយ បន្ទាប់ពីកាសែតអាមេរិកាំង Wall Street Journal បានចុះផ្សាយនៅដើមខែនេះថា លុយប្រមាណ ៧០០លានដុល្លារ ត្រូវបានផ្ទេរពីបរទេស ចូលទៅក្រុមហ៊ុនរដ្ឋ មុននឹងផ្ទេរបន្ត ទៅ គណនីផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី។ ពេលថ្មីៗនេះ លោកណាហ្ស៊ីប រ៉ាហ្សាក់ បានអំពាវនាវឲ្យសមាជិករដ្ឋាភិបាលរបស់លោក ទប់សំដី កុំទាន់និយាយអ្វី នៅមុនពេលការស៊ើបអង្កេត របស់ក្រុមឯករាជ្យ ផ្តល់ចេញលទ្ធផលជាផ្លូវការ។
តាមអ្នកតាមដាននយោបាយម៉ាឡេស៊ី នាយករដ្ឋមន្រ្តីដកតំណែងរដ្ឋមន្រ្តី របស់លោក ក៏ដោយសារតែក្រពុលមុខ ខ្លាំង មិនចង់ឲ្យគេលើកសើរើនិយាយពីរឿងពុករលួយ ដែលនឹងអាចធ្វើឲ្យអំណាចរបស់លោកធ្លាក់ចុះខ្សោយ។ ម្យ៉ាងទៀត រាជអាជ្ញាម៉ាឡេស៊ី ដែលលោកនាយករដ្ឋមន្រ្តីបញ្ឈប់ពីតំណែង កាលពីថ្ងៃអង្គារ ក៏ជាអ្នកដែលដឹកនាំការស៊ើបអង្កេតទៅលើការបន្លំលុយរដ្ឋផង និងទៅលើដំណឹងដែលថា មានលុយ៧០០លានដុល្លារ ត្រូវផ្ទេរចូលទៅគណនីរបស់លោកណាហ្ស៊ីប រ៉ាហ្សាក់ផង។ នៅសប្តាហ៍មុន រដ្ឋាភិបាលក៏បានផ្អាកបិទកាសែត The Edge ដែលឧស្សាហ៍ចុះផ្សាយ ពីសំណុំរឿងពុករលួយរបស់ប្រមុខ រដ្ឋាភិបាល រហូតធ្វើឲ្យមានការតវ៉ា ពីការបិទសេរីភាពសារព័ត៌មាននៅម៉ាឡេស៊ី។
ដង្កូវចេញពីសាច់
ក្រុមហ៊ុនរដ្ឋ 1Malaysia Development Berhad ត្រូវបានលោកណាហ្ស៊ីប រ៉ាហ្សាក់ បង្កើតឡើង នៅឆ្នាំ ២០០៩ ក្នុង គោលដៅ អភិវឌ្ឍ ទាក់ទាញការវិនិយោគបរទេស ចូលក្នុងប្រទេសម៉ាឡេស៊ី។ រឿងអាស្រូវពុករលួយ បានចាប់ផ្ទុះ ឡើង នៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនរដ្ឋមួយនេះ ធ្លាក់ខ្លួន មិនអាចសងបំណុល ១១ ពាន់លានដុល្លារ ទៅធនាគារជាតិម៉ាឡេស៊ី។ កងកម្លាំងពិសេសដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលជាក្រុមឯករាជ្យ ចូលរួមពីប៉ូលិស តុលាការ ហើយធនាគារកណ្តាលម៉ាឡេស៊ីបានបើកការស៊ើបអង្កេត ទៅលើភាពមិនប្រក្រតី ក្នុងក្រុមហ៊ុនរដ្ឋ ដែលមេដឹកនាំកំពូល គឺលោកនាយករដ្ឋមន្រ្តីរ៉ាហ្សាក់។
ប៉ុន្មានខែមកហើយ លោកនាយករដ្ឋមន្រ្តីបានរងសម្ពាធ ពីគ្រប់ទិស មិនថា ពីក្នុង និងក្រៅ គណបក្ស ដោយសារតែរឿង បន្លំបាត់លុយ។ ក្នុងរឿងពុករលួយនេះ មិនមែនមានតែមន្រ្តីរដ្ឋាភិបាលមកពីគណបក្សរបស់លោករ៉ាហ្សាក់ ដែលវាយប្រហារទៅលើលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ សូម្បី លោកអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ម៉ាហាធៀរ ម៉ូហាមេដ ផ្ទាល់ ដែលធ្លាប់ជាគ្រូណែនាំ ជួយលោកណាហ្ស៊ីប រ៉ាហ្សាក់ ឲ្យបានក្លាយជានាយករដ្ឋមន្រ្តី ក៏បានរិះគន់ យ៉ាងចាស់ដៃ និងទាមទារឲ្យលោករ៉ាហ្សាក់ ចុះចេញពីតំណែងផងដែរ។ លោកណាហ្ស៊ីប រ៉ាហ្សាក់វិញ នៅតែបដិសេធការចោទប្រកាន់ និងនិយាយបកទៅវិញថា លោកម៉ាហាធៀរ ម៉ូហាមេដ កំពុងរួមដៃជាមួយជនបរទេស ដើម្បី បំផ្លិចបំផ្លាញរដ្ឋាភិបាល ដែលកើតចេញមកពីការបោះឆ្នោត ប្រជាធិបតេយ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ