អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖តាលីបង់​ផ្សព្វផ្សាយ​ចំនួន​អំពើ​ភេរវកម្ម​ដែល​ខ្លួន​បាន​ធ្វើ​ក្នុង​ឆ្នាំ ២០១៥

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ចលនា​ឧទ្ទាម​តាលីបង់​បាន​បោះផ្សាយ​ជា​លើកទី១ នូវ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៥ ស្តីពី​ចំនួន​អំពើ​ភេរវកម្ម​ដែល​ពួក​គេ​បាន​បង្ក​ពេញ​មួយ​ឆ្នាំ ២០១៥។ នៅ​ក្នុង​របាយការណ៍​នោះ ពួក​តាលីបង់​បាន​បញ្ជាក់​ពី​ប្រភេទ​ភេរវកម្ម​ដែល​គេ​បាន​រៀបចំ និង​ចំនួន​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់។ តែ​ក្រុម​អ្នក​សង្កេតការណ៍​បាន​ចាត់ទុក​តុល្យការ​លើក​ឡើង​ដោយ​តាលីបង់​ថា ជា​ការ​បំផ្លើស។

Shahidullah Shahid (រូបស្តាំ) អ្នកនាំ​ពាក្យ​របស់​ចលនា​ឧទ្ទាម Tehreek-e-Taliban
Shahidullah Shahid (រូបស្តាំ) អ្នកនាំ​ពាក្យ​របស់​ចលនា​ឧទ្ទាម Tehreek-e-Taliban AFP PHOTO/NASEER AZAM
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​តុល្យការ​មួយ​ដែល​ចលនា​ឧទ្ទាម​តាលីបង់​ប៉ាគីស្ថាន​ឈ្មោះ Tehreek-e-Taliban បាន​ធ្វើ​ការ​បូក​សរុប​ពី​ស្នាដៃ​ភេរវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​ពី​ថ្ងៃទី៣ មករា​ដល់​ថ្ងៃទី២៦ ធ្នូ ឆ្នាំ ២០១៥។ នៅ​ក្នុង​របាយការណ៍​នោះ ចលនា​ឧទ្ទាម​តាលីបង់​បាន​បញ្ជាក់​ពី​ទង្វើ​ដែល​ខ្លួន​សម្រេច​បាន រួម​មាន ឃាតកម្ម​ចំ​ទិសដៅ​ចំនួន ៧៣ដង ឆ្មក់វាយប្រហារ​ចំនួន ១២ដង ភេរវកម្ម​អត្តឃាត​ចំនួន ៥ដង បាញ់​មីស៊ីល​ចំនួន ១៧ដង និង​បើក​ការ​ប្រយុទ្ធ​តទល់​ចំនួន ១០ដង​ដែល​សរុប​ទៅ​បាន​បណ្តាល​ឲ្យ​មាម​មនុស្ស​ស្លាប់ ៦៨៦នាក់។ តែ​គេ​សម្គាល់​ឃើញ​ជា​ទូទៅ​ថា ចលនា​ឧទ្ទាម​មួយ​នេះ​តែងតែ​បាន​បំប៉ោង​តួលេខ​ចំនួន​ជនរងគ្រោះ​នៅ​ក្នុង​ទង្វើ​ភេរវនិយម​របស់​ខ្លួន។ ជាក់ស្តែង​នៅ​ក្នុង​ការ​វាយប្រហារ​ប្រឆាំង​នឹង​មូលដ្ឋានទ័ព​អាកាស​ក្នុង​ទីក្រុង​ប៉េស្ហាវ៉ា​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៥ តាលីបង់​បាន​បញ្ជាក់​ពី​ការ​សម្លាប់​មនុស្ស​បាន ២៤៧នាក់ តែ​តួលេខ​ផ្លូវការ​ពិត​ប្រាកដ​មាន​ស្លាប់​តែ ២៩នាក់​ប៉ុណ្ណោះ។

លោក​រ៉ាហ៊ីមូឡា យូសាហ្សាយ អ្នក​ជំនាញ​ប៉ាគីស្ថាន​ក៏​បាន​បញ្ជាក់​ពី​តួលេខ​បំប៉ោង​របស់​ពួក​តាលីបង់​ដែរ និង​ថា គ្មាន​ភស្តុតាង​ណា​មួយ​ដែល​អាច​បញ្ជាក់​ពី​តុល្យការ​លើកឡើង​ដោយ​ពួក​ឧទ្ទាម​តាលីបង់​នោះ​ទេ។ គួរ​ជម្រាប​ជូន​ថា អស់​ជា​ច្រើន​ទសវត្ស​កន្លង​មក​ហើយ​ដែល​ប៉ាគីស្ថាន​បាន​ប្រឈម​មុខ​នឹង​ការ​បះបោរ​របស់​ពួក​ឧទ្ទាម​តាលីបង់ និង​ដែល​គិត​មក​ដល់​ថ្ងៃ​នេះ មាន​ស្លាប់​ជនស៊ីវិល និង​កម្លាំង​សន្តិសុខ​ប្រមាណ​ជា ២៧ ០០០នាក់។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ គឺ​ការ​ធ្លាក់​ចុះ​ចំនួន​អំពើ​ហិង្សា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវនិយម។ ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​នឹង​យុទ្ធនាការ​យោធា​របស់​រដ្ឋាភិបាល​លើ​ជំរំ​របស់​ពួក​ជ្រុលនិយម​នៅ​តំបន់​ប៉ែក​ជើង ពិសេស​នៅ​ក្នុង​ទីក្រុង​ការ៉ាឈី។ ទន្ទឹម​នឹង​ប្រតិបត្តិការ​យោធា រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាមម៉ាបាត​ក៏​បាន​វិធានការ​បិទខ្ទប់​ប្រភព​ចំណូល​របស់​ពួក​ឧទ្ទាម​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី Tehreek-e-Taliban និង​តែ​ជា​ចលនា​ឧទ្ទាម​ដែល​កំពុង​មាន​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន និង​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើ​ពេល​យូរ​ទៅ​មុខ​ទៀត​ដើម្បី​អាច​គាស់​រំលើង​ទាំង​ឫស​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ