អានតួអត្ថបទ
ថៃ

របបសឹក​ពន្យារ ថ្ងៃ​បោះឆ្នោត ទៅ​ខែ​កញ្ញា ឆ្នាំ ២០១៦

របបសឹក​ថៃ នៅថ្ងៃ​ពុធ​ទី ២៧ ឧសភា បាន​ប្រកាសថា ថ្ងៃ​បោះឆ្នោត​ជាតិ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ឆ្នាំ​ក្រោយ។ តាម​អ្នកនាំពាក្យ របស់​រដ្ឋាភិបាល​ថៃ ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​នឹង​មិន​អាច​ធ្វើឡើង នៅ​មុន​ខែ​កញ្ញា ឆ្នាំ ២០១៦។ អ្នកនាំពាក្យ​ថៃ បាននិយាយ យ៉ាងដូច្នេះ នៅក្រោយ​លោក​ប្រាយុទ្ធ ចាន់អូចារ ទទួល​ជួប​គណៈប្រតិភូ​ឯកអគ្គរដ្ឋទូត​របស់​អង្គការ​សហប្រជាជាតិ នៅទីក្រុង​បាងកក នៅថ្ងៃ​ពុធនេះ។ 

លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ដឹកនាំ​រដ្ឋាភិបាល​យោធាថៃ
លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ដឹកនាំ​រដ្ឋាភិបាល​យោធាថៃ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល នៅថ្ងៃ​ពុធ​នេះ លោក​នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចារ​ចង់ឲ្យ​ថ្ងៃ​បោះឆ្នោត​ធ្វើឡើង នៅ​ខែ កញ្ញា ឆ្នាំ​២០១៦។ នៅថ្ងៃ រំលឹកខួប​មួយឆ្នាំ នៃ​ការចូល​កាន់អំណាច​របស់​របបសឹកថៃ កាលពីថ្ងៃ​ទី ២២ ឧសភា លោក​ប្រាយុទ្ធ ចាន់អូចា បាន​ធ្លាប់​បាន​ប្រកាសថា ការបោះឆ្នោត​ជាតិ នឹង​អាច​រៀបចំ​ធ្វើ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦។

 
នៅក្រោយ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត របបសឹក​ថៃ​បាន​ប្រកាស​ពន្យារ​ការរៀបចំ​បោះឆ្នោត​ជាតិ មួយលើក​ជា​ពីរ លើក។ នៅក្រោយ​ពេលធ្វើ​រដ្ឋប្រហារ​ភ្លាម ប្រមុខ​យោធា ថៃ លោក​ប្រាយុទ្ធ ចាន់អូចា​ធ្លាប់​បាន​ប្រកាស​ថា ការបោះឆ្នោត​ជាតិ​នឹង​អាចរៀបចំ ធ្វើ នៅ​ក្នុង​រយៈពេល ១៥​ខែ។ បើគិត​ចាប់តាំង​ពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ ​ការបោះឆ្នោត​សភា និង​រដ្ឋាភិបាល នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅអំឡុង​ខែ​សីហា ឆ្នាំនេះ។

ប៉ុន្តែ នៅ ប៉ុន្មាន​ខែ​ក្រោយ ចូល​ដឹកនាំ​រដ្ឋាភិបាល ប្រាយុទ្ធ ចាន់អូចារ បាន​ប្តូរ​គំនិត និង​បាន​​ប្រកាស​រុញថ្ងៃ​បោះឆ្នោត ឲ្យ​ទៅ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​វិញ។ នៅថ្ងៃនេះ អ្នកនាំពាក្យ​ក៏​បាន​បញ្ជាក់ថា ដោយសារ​តែ​គេត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ទៅលើ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ថ្ងៃ​បោះឆ្នោត​សភា នឹងត្រូវ​លើកពេល ទៅ​ធ្វើ នៅ​ខែ​កញ្ញា​ឆ្នាំ ២០១៦។ ពោល​គឺ​២​ឆ្នាំ​ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ និង​ចូល​ដឹកនាំ​រដ្ឋាភិបាល។

តាម​របបសឹក គេ​រំពឹងថា នឹង​អាច​រៀបចំ ការបោះឆ្នោត​ប្រជាមតិ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី ក្នុង​អំឡុង​ខែ មករា ឆ្នាំក្រោយ ពោល​គឺ នៅក្រោយ​ពេល​ដែល​គណៈកម្មការ​សភា​ដែល​បង្កើតឡើង​ដោយ​របបសឹក បញ្ចប់ ការងារ​ត្រួតពិនិត្យ​ជាចុងក្រោយ និង​បោះឆ្នោត​អនុម័ត​លើ​ខ្លឹមសារ សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ នៅ​ពាក់កណ្តាល​ឆ្នាំនេះ។

លោក​ប្រាយុទ្ធ ចាន់អូចា អះអាងថា ខ្លួន​ត្រូវ​ការពេល​វេលា​ដើម្បី​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី មួយ​ដែល​នឹង​ធានា មិន​ឲ្យ​ប្រទេស​ថៃ ជួប​វិបត្តិ​នយោបាយ​ជាថ្មី។ តាមប្រមុខ​យោធា​ថៃ រដ្ឋធម្មនុញ្ញ ថ្មី​នឹង​ធានា​មិន​ឲ្យ​មាន​ការបែកបាក់ គ្នា ក្នុង​សង្គម​ប្រជាជន​ថៃ ព្រោះថា រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី នឹង​ផ្តល់​ប្រយោជន៍​ដល់​គ្រប់​ភាគី​គណបក្ស​នយោបាយ ហើយ​និង​បោសសម្អាត ក្រុម​ពុករលួយ នៅក្នុង​ចំណោម​អ្នកនយោបាយ។

រដ្ឋធម្មនុញ្ញ​ទី ២០​របស់​ថៃ
នេះ​ជា​លើក​ទី ២០​ហើយ ដែល​រដ្ឋធម្មនុញ្ញ​ថៃ​ត្រូវ​ធ្វើ​វិសោធនកម្ម ឬ​ក៏​សរសេរឡើង​វិញ ចាប់តាំង​ពី​ឆ្នាំ ១៩៣២ ឆ្នាំ​ដែលរាជបល្ល័ង្កថៃ​​លែង​ដឹកនាំ​ប្រទេស​ផ្ទាល់ និង​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ចេញមកពី​ការបោះឆ្នោត។ ជាញឹកញយ រដ្ឋធម្មនុញ្ញ​ថៃ ត្រូវ​បាន​កែតម្រូវ ឬ​សរសេរ​ឡើង​វិញ នៅក្រោយ​ពេល​ដែល​មាន​រដ្ឋប្រហារ​យោធា​ថៃ​ម្តងៗ។ ដូច្នេះ គេ​មិន​ប្រាកដ​ទេថា ការកែប្រែ​រដ្ឋធម្មនុញ្ញ​លើកនេះ ដែលមិនមែន​ជា​លើក​ចុងក្រោយនោះ នឹង​អាច​ជួយ​ប្រទេស​ថៃ កុំ​ឲ្យ​ជួប​វិបត្តិ​នយោបាយ​ទៅថ្ងៃ​មុខនោះ។

សង្គមថៃ​បាន​ស្គាល់​ការបែកបាក់​គ្នា​ខ្លាំង សឹង​ស្តារលែងរួច ដោយសារ​តែ​ជម្លោះ ដណ្តើម​អំណាច​រវាង​ក្រុម​អ្នកនយោបាយ។ ប្រជាជន​ថៃ​បាន​បែកខ្ញែក​គ្នា ជា​ពីរក្រុម ចាប់តាំង​ពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន ចេញពី អំណាច នៅ​ឆ្នាំ ២០១០។ ក្រុម​អាវលឿង តំណាង​ឲ្យ​ក្រុមបញ្ញវន្ត អ្នករស់នៅ​ទីក្រុង និង​អ្នក​គាំទ្រ​ក្រុមរាជវង្ស។ ចំណែក​ក្រុម​អាវក្រហម​ដែល​តំណាង​ឲ្យ​ប្រជាជន​នៅ​តាម​ទីជនបទ គាំទ្រ​គណបក្ស​របស់​លោក​ថាក់ស៊ីន។

លទ្ធិប្រជាធិបតេយ្យ​ថៃ ដើរថយក្រោយ
នៅក្នុង​សេចក្តី​ព្រាង រដ្ឋធម្មនុញ្ញ​ដែល​របបសឹក​បញ្ចេញ​ឲ្យ​ឃើញ​ជា​សាធារណៈ កាលពី​ខែ​មេសា គេ​បាន​សរសេរ​ថា ការបោះឆ្នោត​សភា នៅថ្ងៃ​ខាងមុខ នឹង​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​សមាមាត្រ ដោយ​យក​គំរូ​តាម​ប្រទេស​អាល្លឺម៉ង់។ ដោយ​ជ្រើសរើស​ប្រព័ន្ធ​បោះឆ្នោត​ប្រភេទនេះ របបសឹក​មាន​ទិសដៅ កាត់បន្ថយ​ឥទ្ធិពល​របស់​គណបក្ស​ធំៗ ជាពិសេស បិទ​ផ្លូវ​កុំ​ឲ្យ​ក្រុមគ្រួសារ​របស់​លោក​ថាក់ស៊ីន​អាច​ត្រលប់​ចូល​មក​ឆាក​នយោបាយ។ រដ្ឋធម្មនុញ្ញ​ថ្មី នឹង​បើក​ផ្លូវ​ផងដែរ ឲ្យ​គណបក្ស​តូចៗ​ចូលរួម​នៅក្នុង​រដ្ឋាភិបាល។ ប្រព័ន្ធ បោះឆ្នោត​ថ្មី​នឹង​អនុញ្ញាត​ឲ្យ​មាន​រដ្ឋាភិបាល​ចម្រុះ ពោល គឺ​គណបក្ស​ធំ ដែល​អាច​ទទួល​សំលេង​ឈ្នះ​ឆ្នោតច្រើន ឧទាហរណ៍ ករណី គណបក្ស​របស់​លោក​ថាក់ស៊ីន ដែល​តែងតែ​ឈ្នះ​ឆ្នោត​ជាប់ជានិច្ច តាំងពី​ឆ្នាំ ២០០១ នឹង​លែងមាន​សំលេង​ផ្តាច់មុខ ដឹកនាំ​រដ្ឋាភិបាល​តែម្នាក់​ដូចមុន​ទៀតហើយ។

ចំណុច​សំខាន់​ពីរទៀត របស់​រដ្ឋធម្មនុញ្ញថ្មីដែល ធ្វើ​ឲ្យ​គេបារម្ភ​ខ្លាំងគឺបើ តាម​សេចក្តីព្រាង បេក្ខជន​ណាម្នាក់ ដែល​មិនមែន​ជា​អ្នកនយោបាយ ឬក៏​អ្នក​ដែល​មិនបាន​ទទួល​សំឡេង​ឆ្នោត​ពី​ប្រជាជន ទាល់តែ​សោះ​នោះ នឹង​អាច​សភា ជ្រើសរើស​ឲ្យ​មក​ធ្វើ​ជា​នាយករដ្ឋមន្រ្តី។ តាមសេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី សមាជិក​ព្រឹទ្ធសភា​នឹង​ចេញ​មកពី​ការតែងតាំង​ពី​ក្រុមប្រឹក្សា​ជាតិ ប៉ុន្តែ នឹង​មិនចេញ​មកពី​ការបោះឆ្នោត​ដូចមុនៗ
បោះឆ្នោតប្រជាមតិ​នៅ​ខែ​មករា ឆ្នាំ ២០១៦
លោក​ប្រាយុទ្ធ ចាន់អូចា ធ្លាប់​ប្រឆាំង​មិន​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ​ទេ ព្រោះវា​មានន័យស្មើ​នឹង​ការផ្តល់​សំលេង​ដល់​ប្រជាជន ក្នុង​ការសម្រេច​ថា តើ​គេ​គួរ​ទទួល​យក​រដ្ឋធម្មនុញ្ញ​ថ្មី នេះ​ឬ​ក៏អត់។ របបសឹក​ថៃ ទើប​តែ​បាន​ប្តូរ​ចិត្ត​វិញ នៅ​សប្តាហ៍​មុន ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ​វិញ បន្ទាប់ពី​ខ្លួន​ទទួលរលក​រិះគន់ ទាំង​ពីក្រុម​អ្នកប្រឆាំង និង​ក្រុម​និស្សិត ​ដោយសារតែ​ចំណុច​ចម្រូងចម្រាស​ច្រើន នៅក្នុង​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី។

បើទោះបី​ជា​របបយោធា​ថៃ​យល់ព្រម​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ ប៉ុន្តែ គេ​មិន​សង្ឃឹមថា វា​នឹង​ធ្វើ​ឲ្យរបបសឹក​ព្រម​លុប​ចោល​ចំណុច​ចម្រូងចម្រាស​ដែល​ទទួល​រងការរិះគន់​ដែរ។ ឧបនាយករដ្ឋមន្រ្តី​ថៃ​បាន​ប្រកាស​ហើយថា ការបោះឆ្នោត​ប្រជាមតិ​នឹង​ធ្វើ​ទៅលើ​តែ​មួយផ្នែក គឺ​មិនទៅលើ​សេចក្តីព្រាង​ទាំងស្រុង​របស់​រដ្ឋធម្មនុញ្ញ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ