អានតួអត្ថបទ
ថៃ

ថៃ៖របបសឹក​កំពុង​បន្ត​រក្សា​គំនាប​លើ​ក្រុមប្រឆំាង​ក្នុង​ខួប ១ឆ្នំា​នៃ​រដ្ឋប្រហារ​យោធា

២២ ឧសភា ២០១៤-២២ ឧសភា ២០១៥ ថ្ងៃ​នេះ ជា​ខួប ១ឆ្នំា​គត់​នៃ​រដ្ឋប្រហារ​យោធា​ដឹក​នំា​ដោយ​ឧត្តមសេនីយ៍​ប្រាយុទ្ធ ចាន់អូចា​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​ពួក​អាវក្រហម។ ក្រុម​អាវក្រហម​មិន​បាន​រៀបចំ​ក្បួន​បាតុកម្ម​អ្វី​ដើម្បី​ប្រឆំាង​នឹង​របបសឹក​នៅ​ក្នុង​ឱកាស​ខួប​គម្រប់ ១ឆ្នំា​នៃ​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃ​នេះ​ទេ តែ​មាន​សកម្មភាព​តូច​តាច​មួយ​ចំនួន​បាន​រៀបចំ​ដោយ​ក្រុមអ្នកប្រឆំាង​នឹង​របបសឹក​ក្នុង​ទីក្រុង​បាងកក។

លោក​នាយករដ្ឋមន្រ្តីថៃ​ប្រាយុទ្ធ ចាន់អូចា
លោក​នាយករដ្ឋមន្រ្តីថៃ​ប្រាយុទ្ធ ចាន់អូចា REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឆំាង​ដែល​មាន​ឈ្មោះ​ថា « Resistant Citizen » បាន​ដើរ​ដង្ហែរ​ក្បួន​ទៅ​កាន់​តុលាការ​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ដាក់​ពាក្យ​ប្តឹង​លោក​ឧត្តមសេនីយ នាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា​ពី​បទ​ក្បត់ជាតិ។ ក្រុម​ប្រឆំាង​មួយ​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​បណ្តាញ​សង្គម Facebook របស់​ខ្លួន​ថា បើ​យោង​តាម​មាត្រាទី១១៣ នៃ​ច្បាប់ព្រហ្មទ័ណ្ឌ ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​មួយ​ដែល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ គឺ​ជា​ទង្វើ​ក្បត់ជាតិ។ ក្រៅ​ពី​សកម្មភាព​របស់​ក្រុម « Resistant Citizen » ក៏​គេ​សង្កេត​ឃើញ​មាន​ពិធី​ដង្ហែរក្បួន​ជា​ក្រុម​តូចៗ​ចូល​រួម​ដោយ​និស្សិត និង​អ្នកជំនាញ​ក្នុង​ទីក្រុង​បាងកក​នា​ក្បាលព្រលប់​នេះ។ ចំណែក​ក្រុមអាវក្រហម​ដែល​ជា​អ្នក​រងគ្រោះផ្ទាល់​ពី​រដ្ឋប្រហារ​យោធា​កាល​ពី ១ឆ្នំា​មុន​បាន​អះអាង​ថា ពួក​គេ​មិន​មាន​គម្រោង​រៀបចំ​អ្វី​នា​ឱកាស​នេះ​ទេ។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា បន្ទាប់​ពី​ពួក​អាវលឿង​បាន​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​ពួក​អាវក្រហម​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​អស់​ជា​ច្រើន​ខែ​មក លោក​ឧត្តមេសនីយ​ប្រាយុទ្ធ ចាន់អូចា​ក៏​សម្រេច​ធ្វើ​​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី​យីងឡាក់​ក្នុង​ថ្ងៃទី២២ ឧសភា ឆ្នំា ២០១៤ ដោយ​លើក​យក​ហេតុផល​ថា គឺ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ។ ពេញ​មួយ​ឆ្នំា​នៃ​ការ​កាន់អំណាច​របស់​លោក​ចាន់អូចា មាន​អ្នកនយោបាយ​របស់​ពួក​អាវក្រហម​ជា​ច្រើន​រូប រាប់​ទំាង​លោកស្រី​យីងឡាក់​ផង​បាន​ទទួល​ការ​កាត់​ទោស​នៅ​ឯ​តុលាការ។ បន្ទាប់​ពី​បាន​ទទួល​ទោស​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នំា​មក លោកស្រី​យីងឡាក់​អាច​នឹង​ទទួល​ទោស​ជាប់គុក ១០ឆ្នំា​ពី​បទ​ពុករលួយ។

មួយ​ឆ្នំា​ក្រោយ​រដ្ឋប្រហារ​យោធា​មក របបសឹក​កំពុង​កាន់​អំណាច​យ៉ាង​ណែន​ក្នុង​ដៃ និង​ហាក់​ដូច​ជា​មិន​ទាន់​បាន​ត្រៀមខ្លួន​ដើម្បី​ចុះ​ចេញ​ដើម្បី​ប្រគល់​ទៅ​ឲ្យ​ក្រុមស៊ីវិល​ទេ។ ផ្ទុយ​ទៅ​វិញ របបសឹក​បាន និង​កំពុង​បន្ត​ប្រើ​គ្រប់​វិធានការ​ទំាង​អស់​ដើម្បី​បំបិទមាត់​អ្នកប្រឆំាង ពិសេស​ទប់ស្កាត់​កុំ​ឲ្យ​ត្រកូល​ថាក់ស៊ីន​អាច​វិល​ត្រឡប់​ចូល​ឆាកនយោបាយ​ថៃ​ជា​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ