អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​រងការ​វាយប្រហារ​ភេរវកម្ម​ជាថ្មី​ ក្នុងថ្ងៃ​បុណ្យជាតិ​១៤កក្កដា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃព្រហស្បតិ៍​១៤កក្កដា ​នៅ​​ទីក្រុង​នីសNice ភាគខាងត្បូង​ប្រទេស​​បារាំង ​មនុស្ស​យ៉ាងហោច​៨៤នាក់ ក្នុង​នោះ​មាន​កុមារ​ច្រើននាក់ ​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​​​ភេរវកម្ម​​ដោយ​​រថយន្ត​កាំម្ញ៉ុង។ ពលរដ្ឋ​អាមេរិក​២នាក់​និង​រុស្ស៊ី​ម្នាក់ ​បានស្លាប់​ក្នុង​ហេតុការណ៍​នេះដែរ។ ក្មេងតូចៗ​ជាង៥០នាក់ ​កំពុង​ស្ថិតក្នុង​​មន្ទីរពេទ្យ មនុស្ស​​​​១៨នាក់ កំពុង​ស្ថិត​ក្នុង​​ស្ថានភាព​របួស​​ធ្ងន់ធ្ងរ។

ក្រុមស៊ើបអង្កេត​នៅ​មុខ​រថយន្ត​កាំម្ញ៉ូង ដែល​បើក​បុក​សម្លាប់​មនុស្ស៨៤នាក់​ នៅ​ក្រុងNice
ក្រុមស៊ើបអង្កេត​នៅ​មុខ​រថយន្ត​កាំម្ញ៉ូង ដែល​បើក​បុក​សម្លាប់​មនុស្ស៨៤នាក់​ នៅ​ក្រុងNice Reuters/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​កើតឡើង​ ចំ​​ថ្ងៃ​បុណ្យជាតិ​បារាំង​១៤កក្កដា។ ​នៅ​មិនទាន់​មាន​ក្រុមភេរវជន​ណា​ប្រកាស​ថា ជា​ស្នាដៃ​ខ្លួននៅឡើយ។ អាជ្ញាធរ​បារាំង​កំពុង​ស៊ើបអង្កេត​។ ប្រធានាធិបតី​បារាំង​បាន​ប្រកាស​ពន្យារ​ស្ថានភាព​​អាសន្ន​ក្នុង​ប្រទេស ៣ខែ​បន្ថែមទៀត បន្ត​ពី​​ស្ថានភាព​អាសន្ន​ដែល​​ដាក់ចេញ​តាំងពី​​មាន​ភេរវកម្ម​ក្រុងប៉ារីស ១៣វិច្ឆិកា ២០១៥។

ហេតុការណ៍​ភេរវកម្ម
ភេរវកម្ម​ ​កើតឡើង​ ​យប់​ម្សិលមិញ ម៉ោង​ប្រហែល​ជិត​១១យប់ ​​ចំថ្ងៃបុណ្យជាតិ​បារាំងតែម្តង។ ហេតុការណ៍​កើតឡើង ​នៅ​កន្លែង​ទេសចរ​ដើរកំសាន្ត​តាម​មាត់សមុទ្រ ដែល​គេហៅថា La Promenade des Anglais ប្រែថា ​ការ​ដើរ​កំសាន្ត​​របស់​ជនជាតិ​អង់គ្លេស ។ ​ហេតុការណ៍​កើតឡើង​តែ​បន្តិច​ប៉ុណ្ណោះ​ក្រោយពេល​​ការ​បាញ់កាំជ្រួច​ចប់​សព្វគ្រប់។

នៅ​កន្លែង​ដើរ​កំសាន្ត​មួយនេះ ​មាន​​រថយន្ត​​កាំម្ញ៉ុង​មួយគ្រឿង ពណ៌ស ​បាន​បើក​យ៉ាង​លឿនស្លេវ​ សំដៅ​ទៅបុក​ហ្វូងមនុស្ស​ដែល​កំពុង​ដើរ​​​។​ ក្នុង​ថ្ងៃ​បុណ្យជាតិ​ មានមនុស្ស​ច្រើន នាំ​គ្រួសារ និង​កូនចៅ ទៅ​ដើរ​កំសាន្ត ​​ស្តាប់តន្ត្រី រឺមើលកាំជ្រួច ម្ល៉ោះ​ហើយ ទើប​មា​នអ្នក​ស្លាប់​ច្រើនយ៉ាងនេះ។ ​

បន្ទាប់​មក ភេរវជន​បាន​​ប្រើ​​កាំភ្លើង​ខ្លីមួយដើម បាញ់ច្រើនដង មុននឹង​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់។ សាក្សី​ម្នាក់​ប្រាប់ថា ភេរវជន​នោះ​បាន​បាញ់​ទៅលើ​ក្រុមប៉ូលិស។ អាជ្ញាធរ​ក្រុងនីស បាន​លើកឡើង​ថា ជា​ភេរវកម្ម ហើយ​បាន​អំពាវនាវ​អោយ​ប្រជាជន​សំងំ​ក្នុង​ផ្ទះ។
 

02:52

ស្តាប់និស្សិតខ្មែរឈ្មោះ ឆាក លឹមឈាង ដែល​បាន​នៅ​ក្នុង​ហេតុការណ៍​ផ្ទាល់

សាក្សី​មួយរូប ​​ជា​​អ្នកសារព័ត៌មាន​អាល្លឺម៉ង់​​ ប្រាប់ថា ​បានឃើញ​ម៉ូតូ​មួយគ្រឿង បើក​​ក្រោយ​ឡាន​​កាំម្ញ៉ុង​មួយនេះ។ អ្នក​បើក​ម៉ូតូ​នោះបាន​​ព្យាយាមវ៉ា​​​ឡានកាំម្ញ៉ុង ​និង​ចង់​​បើកទ្វារ​ចំហៀង​ឡានកាំម្ញ៉ូង​នោះ។ ប៉ុន្តែ​ម៉ូតូ​នោះ​បានដួល​ទៅ។ សាក្សី​មួយចំនួន​ដែល​បានឃើញ​ហេតុការណ៍ ពីដំបូង​​​ គិតថា អ្នកបើកបរ​ឡាន​កាំម្ញ៉ុង​អាច​បាត់ភាពម្ចាស់ការ​ក្នុង​ការបើកបរ ទាល់តែ​ឡាន​នោះឈប់​ទើបពួកគេ​យល់ថា ជា​ហេតុការណ៍​ខុសប្រក្រតី។

ភេរវជនជាអ្នករស់នៅ​ក្រុងនីស ដើមកំណើត​ទុយនីស៊ី
យោងតាម​​ប៉ូលិស​ ភេរវជន​អាយុ​៣១ឆ្នាំ ​​ដើមកំណើត​​ទុយនីស៊ី ហើយ​ជា​អ្នករស់នៅ​​ក្រុងនីស​ តែម្តង។ ប៉ូលិស​រក​ឃើញ​អត្តសញ្ញាណបណ្ណ​ ជនរល្មើស​ក្នុង​រថយន្ត​កាំម្ញ៉ុង ដែល​ជនល្មើស​បាន​បើកបុកមនុស្ស។ ក្នុង​រថយន្តនោះ ក៏មាន​​គ្រាប់បែក​ដៃ​មួយគ្រាប់ និង​អាវុធ​មួយចំនួន​​ដែរ។ បុរស​រូបនេះ​​ធ្លាប់​បង្ក​ហិង្សា​ ពីមុនមក​ដែរ តែ​មិនដែល​ធ្វើ​​អ្វីធំដុំ​ រហូត​ជាប់ឈ្មោះ​ក្នុង​បញ្ជី​របស់​ប៉ូលិស​ភេរវកម្ម​បារាំងទេ។

ដោយឡែក ក្នុង​ហេតុការណ៍​នេះ ​ភេរវជន​មិនបាន​ចាប់​មនុស្ស​ធ្វើជា​ចំណាប់ខ្មាំងទេ។ គេត្រូវបាន​ប៉ូលិស​បាញ់​សម្លាប់​តែម្តង។

មិនទាន់​មាន​ការប្រកាស​ភ្លាមៗ​ថា ជា​ស្នាដៃ​របស់​ក្រុមភេរវជន​ណាមួយនៅឡើយ
ក្រុម​​ស៊ើបអង្កេត កំពុង​ចង់ដឹងថា​ តើ​​អាច​មាន​ជនដៃដល់​ផ្សេងទៀត ដែលបាន​​ផ្សំគំនិត ចូលរួម​​ការវាយប្រហារ​នេះទេ។ ជនល្មើស​មានកាំភ្លើង និង​អាវុធ​មួយចំនួន​ដែរ អាច​ថា គេ​​បាន​ទទួលការ​ជួយជ្រោមជ្រែងពី​ក្រុមណាមួយ។

ត្បិតថា មិនទាន់​មាន​ក្រុមភេរវជន​ណា​ ប្រកាសភ្លាមៗ​​ថា ជាស្នាដៃ​ខ្លួនក៏ដោយ ​បើមើល​ទ្រង់ទ្រាយ​នៃ​ការវាយប្រហារ គឺ​អាច​ថា ​ជា​សកម្មភាព​វាយប្រហារមួយ​ ស្របតាម​​ការ​អំពាវនាវ​​ដែល​​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​បាន​ធ្វើ​កន្លងមក។ កាលពីខែកញ្ញា​ ឆ្នាំ២០១៤ មោហាមេត អាល់ អាត់ណានី ជា​អ្នកនាំពាក្យ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម បាន​អំពាវនាវ​អោយ​​​ប្រើអាវុធ និង​មធ្យោបាយ​​​គ្រប់ប្រភេទ តាម​ដែលអាច​ទៅបាន​ មិនថា​​ដុំថ្ម រឺ​អ្វីក៏ដោយចុះ អោយ​តែ​​អាច គឺ​ត្រូវតែ​ប្រើ ​ដើម្បី​​​យកទៅ​កំទេច​ជនជាតិ​បារាំង និង​អាមេរិកាំង។

ថ្ងៃ​​១៥កក្កដា​​នេះទៀត គឹ​ភ្លាមៗ​ក្រោយ​ភេរវកម្ម​ នៅ​ក្រុងនីស​តែម្តង ក៏​មា​នវីដេអូ​អំពាវនាវ​មួយទៀត របស់​ក្រុមជីហាតរដ្ឋអ៊ីស្លាម។ ជាវីដេអូ​​ថត​រូបភាព​សកម្មជន​​​ម្នាក់របស់​ក្រុម។ ជនរូបនោះបាន​អំពាវនាវ​ដល់​អ្នកដែល​ចង់ធ្វើជា​​សកម្មជន​ជីហាត​ ថា​ពួកគេ​មិន​ចាំបាច់​ធ្វើ​ដំណើរ​រហូត​​​ដល់ទឹកដី​ស៊ីរី​​ ដើម្បី​​​ទៅ​ជួប​​ក្រុម​​ជីហាត​ទេ។ ពួកគេ​អាចធ្វើការ​​​វាយប្រហារ​ក្នុង​ទឹកដី​បារាំង ​​ផ្ទាល់​តែម្តង​ក៏បានដែរ។

យើងឃើញ​ជាក់ស្តែងថា ​ភេរវកម្ម​នៅ​ទីក្រុង​នីសភាគខាងត្បូង​នេះ ​គឺ​ភេរវជន​បាន​ប្រើ​រថយន្ត​កាំម្ញ៉ុង​​ជា​អាវុធ​​ ដើម្បី​​បុក​សម្លាប់​មនុស្ស។ ​វាមាន​លក្ខណៈ​ស្រប​តាម​ការអំពាវនាវរបស់​ក្រុម​រដ្ឋអ៊ីស្លាម​​ ថា​ប្រើអីជា​អាវុធ​​​ក៏ដោយចុះអោយតែ​អាច អោយ​តែ​​​​សម្លាប់​ជនជាតិ​បារាំង និង​អាមេរិក​​​បាន។

គួរបញ្ជាក់ថា ទីក្រុង​នីស​ នៅ​ភាគខាងត្បូង​ ស្ថិត​ក្នុង​​តំបន់ឆ្នេរទេសចរ​ Côte d’Azur របស់​បារាំង ​គឺ​កន្លែង​ដែល​មាន​ជន​បរទេស​មក​កំសាន្ត​​​ច្រើន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ ក្នុង​​ភេរវកម្ម​​នៅ​ទីក្រុងនិស យប់មិញ​នេះ​​ ​មា​ន​ពលរដ្ឋ​អាមេរិក​ និង​រុស្ស៊ីដែរ។

ជន​អ៊ីស្លាម​ជ្រុលនិយម​ធ្លាប់​​​​​​​ប្រើរថយន្ត​​​ជា​អាវុធ​ក្នុង​ការ​វាយប្រហារថ្មីៗ នៅ​លោកខាងលិច
នេះ​មិនមែនជា​លើកទី១​គេ​ដែលគេ​ប្រើរថយន្ត​ធ្វើជា​អាវុធ​សម្លាប់​មនុស្ស នៅ​ប្រទេស​លោក​ខាងលិច។ ​ការ​ប្រើរថយន្ត​ជា​អាវុធ​ ក្នុង​ការ​វាយប្រហារ របស់​ក្រុមជ្រុល​និយម​អ៊ីស្លាម​ ​គឺ​ធ្លាប់​មានធ្វើ​នៅ​​​អង់គ្លេស និង​នៅ​កាណាដា​​ពីមុនមកដែរ។ នៅ​អង់គ្លេស​ទើបតែ​កើតឡើង នៅ​ឆ្នាំ​២០១៣ ជនជ្រុល​និយម​អ៊ីស្លាម​ដើមកំណើត​អាហ្វ្រិក​២នាក់ បាន​បើក​រថយន្ត​បុក​ទាហាន​​អង់គ្លេស​ម្នាក់ នៅ​ក្រុងឡុដ៍ ដើម្បី​សងសឹក​​ទាហាន​អង់គ្លេស​ដែល​បាន​សម្លាប់អ្នកកាន់​សាសនា​អ៊ីស្លាម។

នៅកាណាដាវិញ​ គឺកើតឡើង ​នៅ​ខែតុលា​ឆ្នាំ​២០១៤។ កាលនោះ គឺ​នៅ​ជាយក្រុង​ម៉ុងរេអាល់ ​ជនជាតិ​កាណាដា​ម្នាក់ បាន​បើកឡាន​​ទៅបុក​ទាហាន​៣នាក់ ធ្វើអោយ​ទាហាន​ម្នាក់ស្លាប់ និង​ម្នាក់ទៀត​របួស។

ភេរវកម្ម​នៅ​ទីក្រុង​និស ប្រទេស​បារាំង​ ជា​ភេរវកម្ម១​​ធ្ងន់​ក្នុងទឹកដី​អឺរ៉ុប គិត​តាំង​ពី​មានភេរវកម្ម​ក្រុងប៉ារីស ថ្ងៃ​១៣វិច្ឆិកា​ឆ្នាំមុន និង​ភេរវកម្ម​នៅ​ក្រុងព្រុចសែល ​ថ្ងៃ២២មិនាឆ្នាំ២០១៦នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ