អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូស្ត្រាលី​​ចោទ​ជនភៀសខ្លួន​​ថា​​ភូតកុហក​​ទាក់ទង​​ការ​បំពាន​​ផ្លូវភេទ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃព្រហស្បតិ៍​១១សីហា​នេះ រដ្ឋាភិបាល​អូស្ត្រាលី​បានប្រតិកម្ម​​​ចោទប្រកាន់​ជនភៀសខ្លួន នៅ​កោះ​ណូរុ​ ថា​ភូតកុហក​ ទាក់ទង​នឹង​ករណី​បំពានផ្លូវភេទ ​ដើម្បី​អាច​បាន​ចូល​មកក្នុង​ទឹកដី​អូស្ត្រាលី។ ប្រតិកម្ម​អូស្ត្រាលី​ ធ្វើឡើង​ក្រោយសារព័ត៌មាន The Guardian Australia ​បាន​ចុះផ្សាយ​ឯកសារ​ជាង​២០០០ច្បាប់ ​​លើកឡើង​ពីហេតុការណ៍​​​បំពានភេទ ​ជនភៀសខ្លួន​អារសាច់​ខ្លួនឯង និង​ករណី​​ផ្សេងទៀត​ ដែលបានកើតឡើង​នៅ​មន្ទីរឃុំឃាំង​ណូរុ។ ករណី​ជាងពាក់កណ្តាល​ប៉ះពាល់​កុមារនៅទីនោះ។ ណូរុ​មាន​ជនភៀសខ្លួន​​៤៤២នាក់។

បាតុកម្ម​គាំទ្រ​ជនភៀសខ្លួន​ នៅ​ក្រុងស៊ីតនី ថ្ងៃ​២៩មេសា ឆ្នាំ២០១៦។
បាតុកម្ម​គាំទ្រ​ជនភៀសខ្លួន​ នៅ​ក្រុងស៊ីតនី ថ្ងៃ​២៩មេសា ឆ្នាំ២០១៦។ REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

ឯកសារ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ ដឺ ហ្កាឌៀន ​​រៀបរៀង​ឡើង​ដោយ​បុគ្គលិក​ជាច្រើន បម្រើការ​នៅ​មន្ទីរឃុំឃាំងកោះ​​​ណូរុ នៅ​សមុទ្រ​ប៉ាស៊ីហ្វិក។

ហេតុការណ៍​​​​កើតឡើង​​ ​ពី​​ខែសីហា​ឆ្នាំ២០១៣ ដល់​ខែតុលា​ឆ្នាំ២០១៥
ហេតុការណ៍​ក្នុង​ឯកសារ​​​​លើកឡើង​ពី​ករណី​បំពានផ្លូវភេទ​ទៅលើ​ជនភៀសខ្លួន ពីបញ្ហា​ផ្លូវចិត្ត​របស់​ជន​ភៀសខ្លួន ពី​ការប៉ុនប៉ង​​អារសាច់​ខ្លួនឯង ដោយសារ​តែ​ជនភៀសខ្លួន​ទាំងនោះ បាក់ទឹកចិត្ត​អស់​សង្ឃឹម​ ​ពួកគេ​រងការឈឺចាប់​ផ្លូវចិត្ត​ខ្លាំង។ ​ក្នុងចំណោម​ហេតុការណ៍​​១០៨៦ករណី ក្នុងឯកសារ ​មាន​ជាង​៥១ភាគរយ ​​ដែល​ប៉ះពាល់​កុមារ​នៅ​មន្ទីរឃុំឃាំង។ ​

យោងតាម​ឯកសារ​ទាំងនេះ​ ​ជនភៀសខ្លួន​ពិសេស​នារីៗ បាន​រងការ​បំពាន​ភេទ​ពីក្រុម​​អ្នកយាម។ ​មានករណី​មួយ ទាក៉ទង​​នារី​ម្នាក់។ គាត់ចង់​សុំ​​ងូតទឹក​សំអាតខ្លួន បាន​​​៤នាទី ព្រោះតាម​ធម្មតា គាត់​អាច​ងូតទឹក​បានត្រឹម​២នាទី​ប៉ុណ្ណោះ។ អ្នកយាម​ឆ្លើយថា អូខេយល់ព្រម​ តែ​នារី​នោះត្រូវតែ​ព្រម​បម្រើ​កាមតណ្ហា​របស់​អ្នកយាម។ មាន​ករណី​មួយទៀត ​​ក្មេងស្រី​​តូចម្នាក់បាន​សរសេរ​​ក្នុង​សៀវភៅ​សិក្សា​​របស់​គាត់ ថា​គាត់ ហត់ ខ្លាំងណាស់​ ​​ហើយ​ថា ​គាត់ចង់ស្លាប់។

នៅ​មន្ទីរ​ណូរុ​ មាន​កុមារ​​​៣០នាក់​បានអារសាច់ខ្លួន។ ហើយ​ច្រើននាក់​ទៀត​បានគំរាម​ថា នឹង​ធ្វើ​ដូចគ្នា។ នេះ​សបង្ហាញ​ពី​បញ្ហា​ផ្លូវចិត្តធ្ងន់ធ្ងរ​ ដែលមិនត្រឹម​តែ​ប៉ះពាល់​មនុស្ស​ធំ​ទេ តែ​​ប៉ះពាល់​​រហូត​ដល់​ក្មេងតូចៗ​ដែល​ត្រូវមកស៊ូទ្រាំ​ ក្នុង​មន្ទីរឃុំឃាំង ជាមួយ​មនុស្ស​ចាស់​ដែរ។ ភាព​​អមនុស្សធម៌​ និង​អសីលធម៌​លើសពីនេះ​ ​គឺ​ថាអ្នកយាម​នៅទីនោះ ពេលឃើញ​កុមារតូច​របួសនៅមាត់ ហើយ​មក​សុំដេរ​មាត់ ពួកគេ​មិនសំដែង​ការ​​អាណិតអាសូរ​ទេ ​​បែរជា​នាំគ្នា​សើច​ទៅវិញ។

រដ្ឋមន្ត្រី​អន្តោប្រវេសន៍​​ចោទ​​រហូត​​ថា ​​​ជនភៀសខ្លួន​​​បាន​​ភរភូត តែ​ក៏​មិនបដិសេធ​ពី​​​​​​បញ្ហា​​មួយចំនួន​ក្នុង​​មន្ទីរណូរុ​
ការចុះផ្សាយរបស់​សារព័ត៌មាន​ ដឺ ហ្កាឌៀន ម្សិលមិញ បំបាក់​មុខអូស្ត្រាលី​ខ្លាំងណាស់។ សម្រាប់​ ដឺ ហ្កាដៀន ​នេះ​ជាការ​បែកធ្លាយ​ដ៏ធំ នូវ​ឯកសារ​​ផ្ទៃក្នុង​​របស់​សេវា​អន្តោប្រវេសន៍។ សួរថា​ ជនភៀសខ្លួន​អាច​កុហក​បាន​ម្តេចទៅ​​កើត ​បើ​ឯកសារ​ដែល​សារព័ត៌មា​ន ដឺ ហ្កាដៀន ចុះផ្សាយ​ គឺ​ក្រុម​បុគ្គលិក​មន្ទីរ​ឃុំឃាំងខ្លួនឯង​ ជាអ្នក​រៀបរៀងឡើង សរសេរ​ហេតុការណ៍​ដែលពួកគេ​បានឃើញ បានលឺ ក្នុង​រយៈពេល​២ឆ្នាំ។ តើ​ក្រុមបុគ្គលិលទាំងនោះ​អាច​កុហក​​ក្នុង​ការ​សរសេរ​ឯកសារ​នេះ​ម្តេច​បានទៅ។

ជាញឹកញយ អង្គការ​​សិទ្ធិមនុស្ស ក្រុមគ្រូពេទ្យ មេធាវី ​មានទាំង​អង្គការ​សហប្រជាជាតិដែរ​ ​បាន​​បរិហារ​ពី​លក្ខខណ្ឌ​រស់នៅ​ដ៏​​លំបាក​របស់​ជនភៀសខ្លួ​ន ពី​ភាព​មិនទទួលខុសត្រូវ​របស់​អូស្ត្រា​ តែ​ម្តងហើយ ម្តងទៀត ​អូស្ត្រាលី​មើលទៅ ​​មិន​​ខ្វល់ខ្វាយ​ទេ។

កាលពី​ដើមខែ​សីហា​នេះ ​អង្គការ​ Human Right Watch និង​អង្គការ​ផ្សេងៗច្រើនទៀត បាន​លើកឡើង​ដូចៗគ្នា​ថា ជនភៀសខ្លួន ជនសុំសិទ្ធិជ្រកកោន​នៅ​ណូរុ ​​ភាគច្រើន​ជាប់ឃុំ​នៅ​ទីនោះ​៣ឆ្នាំហើយ។ ពួកគេ​មិនបានទទួល​ការ​ថែទាំ​ព្យាបាល​ត្រឹមត្រូវ​ ទាន់ពេលវេលា ​ពី​មន្ត្រី​សុខភាព រឺ​អ្នកដែល​អូស្ត្រាលី​បង់លុយ​អោយចុះ​ទៅ​មើលថែទាំពួកគេ​ទេ។ លើសពីនេះ​ទៀត ប្រជាជន​ម្ចាស់ស្រុក​​នៅ​កោះណូរុ ​ក៏​បាន​បំពាន​ធ្វើបាប​ពួកគេទៀត។ ជនភៀសខ្លួន​បាក់ទឹកចិត្ត​ អស់សង្ឃឹម ចង់​សម្លាប់ខ្លួន។

រដ្ឋមន្ត្រី​អន្តោប្រវេសន៍ លោក​ភីតថឺ ឌុតតុន ថា​ពួកគេ​ភូតភរ តែលោក​ក៏បាន​ទទួលស្គាល់​ដែរថា ​មាន​អ្នកដែល​ហ៊ាន​រហូត​អារសាច់​ខ្លួនឯង ចង់សម្លាប់​ខ្លួនឯង។ តែ​ម៉េច​ក៏អូស្ត្រាលី​មិនព្រម​ដោះស្រាយ បញ្ហា​​ដាច់ស្រេច​ទៅ កោតតែ​អូស្ត្រាលី​អាច​​​ទ្រាំ​មើល​ពួកគេ​បាក់ទឹកចិត្ត​ធ្ងន់ធ្ងរ​​​​​ទៅរួច​ដែរ។  

នយោបាយ​អន្តោប្រវេសន៍​ដ៏តឹងតែង​របស់​អូស្ត្រាលី
នយោបាយ​អន្តោប្រវេសន៍​អូស្ត្រាលី​ ​​​​​បំបាក់​ទឹកចិត្ត​ជនភៀសខ្លួន មិន​អោយ​សម្លឹង​មើល​អូស្ត្រាលី​តែម្តង។ ​ជនដែល​មាន​​ឯកសារសុំជ្រកកោន​​​​​ត្រឹមត្រូវ ​ក៏​អូស្ត្រាលី​មិនយក​អោយ​មកនៅ​ស្រុកខ្លួនដែរ។ តាំងពិ​ឆ្នាំ២០១២មក ​ជនភៀសខ្លួន​ដែលអាជ្ញាធរ​អូស្ត្រាលី​ចាប់បាន​នៅ​សមុទ្រ​ តែង​ត្រូវបញ្ជូន​ទៅ​​តាម​មន្ទីរឃុំឃាំង​កោះណូរុ​ រឺ​នៅ​ប៉ាពូអាស៊ី នូវេល ហ្គីណេ។ ពួកគេ​គ្មានសិទ្ធិ​សុំជ្រកកោន​ទៀតទេ។ ​

រដ្ឋាភិបាលរបស់​អតីត​នាយក​រដ្ឋមន្ត្រី​ថូនី អាបត ​​​​ធ្លាប់​​​ចំណាយ​ប្រាក់​ដល់​​២០លាន​អឺរ៉ូ ​ធ្វើវីដេអូ​ផ្សព្វផ្សាយបកប្រែ​ជាច្រើន​ភាសា ជា​សារ​​​បំបាក់​ទឹកចិត្ត​​ជនដែល​ចង់សុំ​សិទ្ធិជ្រកកោន។ ​អូស្ត្រាលី​ធ្លាប់​រងការ​​ចោទប្រកាន់​ កាលពិ​ឆ្នាំ២០១៥ ថា​បានបង់លុយ​អោយ​មេកប៉ាល់​មេទូក​ដែល​​ដឹក​​ជនភៀសខ្លួន​សំដៅ​មកអូស្ត្រាលី​ ម្នាក់ៗ​​​៤០០០អឺរ៉ូ ដើម្បី​អោយ​ពួកគេ​បក​ចង្កូត​​​ទៅ​ឥណ្ឌូណេស៊ី​។ អូស្ត្រាលី​មិនខ្លាច​ចំណាយ​លុយទេ អោយតែ​អាច​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​បាន។ ​កន្លងមកដែរ​ ​អូស្ត្រាលី​​បាន​​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​​​កម្ពុជាយើង​ ​ដើម្បី​​អោយ​កម្ពុជា​ទទួលយក​ជនភៀសខ្លួន។ ​

អោយតែ​ទប់ស្កាត់​ជនភៀសខ្លួន​មិនអោយ​ជាន់ទឹកដីខ្លួនបាន ​ទោះជា​គេចង់ចោទ​អូស្ត្រាលី​ថា ឃុំខ្លួន​ជនភៀសខ្លួន បំពាន​សិទ្ធិមនុស្ស​ដល់ណា​ ក៏ចោទទៅចុះ មើលទៅ រដ្ឋាភិបាល​អូស្ត្រាលី​​​​​នៅតែ​មុខក្រាស ប្រឈម​ការចោទប្រកាន់​​​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ