អានតួអត្ថបទ
ប៉ាពូអាស៊ីនូវែលហ្គីណេ-អូស្ត្រាលី

ប៉ាពូអាស៊ីនូវែលហ្គីណេប្រកាសបិទជំរំជនភៀសខ្លួននៅកោះម៉ានូគ្រប់គ្រងដោយអូស្ត្រាលី

ប៉ាពូអាស៊ីនូវែលហ្គីណេ ​បាន​​ជូន​​ដំណឹង​​នៅ​​ថ្ងៃ​​ពុធ​​២៧​​មេសា​​អំពី​​ការ​​បិទ​​ជំរំ​​សំរាប់​​ដាក់​​ជន​​អន្តោប្រវេស្តន៍​​ដែល​​ស្វែង​រក​​សិទ្ធិ​ជ្រកកោន​​មួយ​​នៅ​​លើ​​កោះ Manus​​​ របស់​​ប៉ាពូអាស៊ី​នូវែលហ្គីណេ​​​ដែល​គ្រប់គ្រង​ដោយ​អូស្រ្តាលី។​ ការ​​ប្រកាស​​នេះ​​ គឺ​ដោយសារតែ​​រដ្ឋាភិបាល​​ប៉ាពូអាស៊ីនូវែលហ្គីណេ ​​​មិន​ពេញចិត្ត​ចំពោះ​​​គោល​មាគ៌ា​​នយោបាយ​​រឹតបន្តឹង​​របស់​​រដ្ឋាភិបាល​​អូស្ត្រាលី​​ទៅ​​លើ​​​ជន​​ភៀសខ្លួន។​​

ទង់ជាតិ Papouasie-Nouvelle-Guinée.
ទង់ជាតិ Papouasie-Nouvelle-Guinée. Wikimédia Commons
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេចចិត្ត​របស់​ប៉ាពូអាស៊ីនូវែលហ្គីណេ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​មួយ​ថ្ងៃ​បន្ទាប់ពី​តុលាការ​កំពូលប៉ាពូអាស៊ី​នូវែលហ្គីណេ ប្រកាសថា” ​ការដែលដាក់​ជនភៀសខ្លួន​នៅលើកោះ​ម៉ានូ​ គឺជាការ​​ខុសច្បាប់ និង​ផ្ទុយពីរដ្ឋធម្មនុញ្ញ។

ស្របគ្នានេះ អូស្ត្រាលី ក៏​កំពុង​តែ​ទទួល​រង​នូវ​ការតិៈទៀន​យ៉ាង​ខ្លាំងក្លា​ពីសំណាក់​អង្គការ​ ការពារ​សិទ្ធមនុស្ស​ក៏ដូចជា​អង្គការសហប្រជាជាតិ ដោយសារ​តែ​អូស្ត្រាលី​អនុវត្ត​នយោបាយ​អន្តោប្រវេស្តន៍​មួយ​ដ៏​តឹងរឹងបំផុត​ ទៅ​លើ​ជន​អន្តោប្រវេស្តន៍។

កងទ័ព​ជើងទឹក​អូស្ត្រាលី​ នៅ​ពេល​ឃើញ​កាណូត​ជនភៀសខ្លួន​ចូល​មក​ដល់​ទឹកដី​ខ្លួន​ ក៏​ប្រញាប់ប្រញាល់ធ្វើ​ការរុញច្រាន​បណ្តេញ​ពួកគេ​យ៉ាង​ទាន់ចិត្ត​ដែរ។ រីឯ​ជនអន្តោប្រវេសន៍​វិញ បើទោះបី​ជាមាន​សំណាង ធ្វើដំណើរ​ឆ្លង​ចូល​ដល់​ឆ្នេរ​អូស្ត្រាលី​ក្តី ក៏ពួកគេ​នៅ​តែ​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ដាក់ក្នុង​ជំរំឃុំឃាំង នៅឯ​ក្រៅទឹកដី​អូស្រ្តាលី​ដែរ​ ដូចជា​នៅ​កោះ​Manus ឬ​កោះ​Nauru ដែល​ជា​​កូន​កោះ​នៅ​ក្នុង​មហាសមុទុ្រ​ប៉ាស៊ីហ្វីក​ ទុក​មួយ​រយៈ​សិន​ទម្រាំ​អាជ្ញាធរ​អូស្រ្តាលី​ធ្វើការ​ពិនិត្យ​សំណើ​សុំសិទ្ធិ​ជ្រកកោន​របស់​ពួក​គេ។ ក៏ប៉ុន្តែបើទោះបីជា​សំណើរ​សុំ​សិទ្ធិ​ជ្រកកោន​របស់​ជន​អន្តោប្រវេសន៍ ត្រូវ​បាន​ចាត់​ទុកថា​ស្របច្បាប់​ក្តី ក៏​ទីក្រុង​​Canberra នៅតែ​មិនព្រម​អនុញ្ញាត​ឱ្យពួក​គេ​ចូល​ទៅ​ជ្រកកោន​នៅ​ក្នុង​ទឹកដី​អូស្រ្តាលី​ដដែល។​

«យោង​ទៅលើ​សេចក្តី​សំរេចចិត្ត​ខាង​លើ​នេះ, ប៉ាពូអាស៊ីនូវែលហ្គីណេ​នឹង ​ធ្វើការ​សាកសួរ​ទៅ​រដ្ឋាភិបាលអូស្រ្តាលី​ជាបន្ទាន់​ដើម្បី​ស្វែង​រក​ជម្រើស ​មួយបែប​ផ្សេង​ទៀត​ សម្រាប់​ជួយ​ដល់​ជនអន្តោប្រវេសន៍ ដែល​បច្ចុប្បន្ន កំពុង​ជាប់​ឃុំនៅ​ឯ ”មជ្ឈមណ្ឌលព្យាបាល​ក្នុង​តំបន់" ដែល​ជា​ឈ្មោះ​ផ្លូវការ​នៃ​ការ​បោះជំរំ​របស់​អូស្ត្រាលី​នៅ​កោះម៉ានូ-នេះ​ជា ​សេចក្តីថ្លែង​របស់ លោក Peter O'Neill នាយក​រដ្ឋមន្ត្រី​ប៉ាពូអាស៊ីនូវែលហ្គីណេ នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ។ យោងតាម​លោក O'Neil ដដែល ពួក​អ្នកស្វែង​រក​សិទ្ធិជ្រកកោន​មិនគួរ​ស្នាក់នៅ​លើ​កោះ​Manus ក្នុង​រយៈ​ដ៏​យូរ​ពេល​នោះ​ទេ។

សូមបញ្ជាក់ថា​នៅ​មុន​ពេល​សេចក្តីសម្រេចចិត្ត​របស់​ប៉ាពូអាស៊ីនូវែលហ្គីណេ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ រដ្ឋមន្រ្តី​ក្រសួង​អន្តោប្រវេសន៍​អូស្រ្តាលី​លោក​Peter Dutton វិញ​បាន​ថ្លែង​បញ្ជាក់​ថា” គោលនយោបាយ​របស់​អូស្រ្តាលី គឺ​ដើម្បី​ការពារ​ព្រំដែន​របស់​ខ្លួន​ដែល​កំពុង​នៅ​តែ​មាន​សុពលភាព​ជានិច្ច បើទោះបីជា​មាន​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ប៉ាពូអាស៊ីនូវែលហ្គីណេ​យ៉ាងណាក្តី។

 មិនតែប៉ុណ្ណោះ​លោក Peter Dutton បាន ​និយាយ​ប្រាប់​ទៀត​ថា” គ្មាន​ជនអន្តោប្រវេស្តន៍​ណា​ម្នាក់​ក្នុងចំណោម​ជនអន្តោប្រវេស្តន៍​ទាំង​អស់​ ចំនួន​៨៥០​នាក់​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​លើ​កោះ ​Manus អាច​ទៅរស់​នៅ​ប្រទេស​អូស្ត្រាលី​បាន​ឡើយ​ហើយ​ពួកគេ​ក៏​នឹង​ត្រូវវិល​ទៅ​ប្រទេស​ដើមខ្លួន​វិញ​ឬ​មួយ​ក៏​ត្រូវចូល​ទៅ​កាន់​ប្រទេស​ទី​បី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ