អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្ថានការណ៍​នយោបាយ​អូស្ត្រាលី​ស្ថិតក្នុង​ភាព​ស្រពិចស្រពីល​ក្រោយ​ការ​បោះឆ្នោត​មុន​​អាណត្តិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍​នយោបាយ​អូស្ត្រាលី​ នៅ​ថ្ងៃអាទិត្យ​៣កក្កដានេះ កំពុង​ជួបភាព​មិនច្បាស់លាស់ ព្រោះថា ការ​បោះឆ្នោត​មុន​អាណត្តិ​នៅថ្ងៃសៅរ៍​ម្សិលមិញ ​​មិនបាន​ជួយពង្រឹង​​​ជំហរ​នាយករដ្ឋមន្ត្រី​ផុតអាណត្តិ លោក​ម៉ាល់ខុម ថឺនប៊ុល Malcom Turnbull ដូច​ការប៉ងប្រាថ្នា​របស់​លោកទេ។ សន្លឹកឆ្នោតនៅ​មិនទាន់​រាប់​​ចប់សព្វគ្រប់​នៅឡើយទេ។

រូបភាព​នាយករដ្ឋមន្ត្រី​ផុតអាណត្តិ Malcom Turnbull នៅ​ Bondi Beach ក្រុង​ស៊ីតនី
រូបភាព​នាយករដ្ឋមន្ត្រី​ផុតអាណត្តិ Malcom Turnbull នៅ​ Bondi Beach ក្រុង​ស៊ីតនី REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

យោងតាម​លទ្ធផល​បណ្តោះអាសន្ន​​ បក្ស​កាន់អំណាចសេរីនិយម​​​របស់​លោក​ថឺនប៊ុលអាច​ទទួល​បាន​កៅអី​សភា​៦៧កៅអី បក្ស​ពលករ​ជា​បក្ស​ប្រឆាំង​វិញ អាច​បានលើស​បក្ស​កាន់អំណាច គឺ​អាចបាន​ដល់​​​៧១កៅអី។ បក្ស​តូចៗ​ទទួលបាន​៥កៅអី។ ពេលនេះ នៅសល់​កៅអី​៧ទៀត ដែល​មិនទាន់ដឹងថា ត្រូវបាន​ទៅលើ​បក្សណាមួយនៅឡើយ។ កៅ​អីសភា​តំណាងរាស្ត្រ​សរុប​មាន​១៥០កៅអី ហើយ​កៅអី​សមាជិក​​ព្រឹទ្ធសភា​មាន​៧៦កៅអី។

ដើម្បី​ទទួល​បាន​សម្លេងភាគច្រើន​នៅ​សភា​ លុះត្រា​តែ​ទទួល​បាន​៧៦កៅអី​នៅសភា។ ដើម្បី​បង្កើត​រដ្ឋាភិបាល​បាន ពេលនេះ ​ទាំង​​បក្ស​កាន់អំណាច ទាំងបក្ស​ប្រឆាំង​កំពុង​ប្រជែងគ្នា ចែចង់​បក្ស​តូចៗ​។ ព្រឹកមិញនេះ លោក​ថឺនប៊ុល​ ប្រាប់ថា លោកបាន​ចរចា​ជាមួយ​បក្ស​តូចៗ​ហើយ។ ហើយប្រហែល​ជា​លោក​អាច​បន្ត​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី រយៈពេល​៣ឆ្នាំថែមទៀត។ តែ​ក្នុង​៣ឆ្នាំ​ប៉ុណ្ណោះ​ អូស្ត្រាលី​មាន​នាយករដ្ឋមន្ត្រី​ដល់ទៅ៤រូប។

 

បក្ស​សេរីនិយម​កាន់អំណាច​ប្រឈមនឹង​​​ការបាត់កៅអី​សភា នាយករដ្ឋមន្ត្រី​​ត្រូវ​ចរចា​អង្វរ​បក្ស​តូចៗដែល​លោក​ធ្លាប់រិះគន់

 

លទ្ធផល​បណ្តោះអាសន្នបន្តបន្ទាប់​ ក្នុង​​ការ​បោះឆ្នោត​មុនអាណត្តិ​ បង្ហាញថា ​នាយករដ្ឋមន្ត្រី Malcom Turnbull ​ខ្លួនឯង​ជាអ្នក​ធ្វើអោយ​​បក្ស​សេរីនិយម​របស់​លោក​បាក់មុខ​ ពិសេស​គឺ​លោក​ខ្លួនឯង​តែម្តង។ ​លោក​ថឺនប៊ុល​​នេះហើយ ដែលជា​អ្នក​បាន​រំលាយ​សភាចោល កាលពី​ខែ​ឧសភា ​ដើម្បី​ជំរុញ​អោយ​មា​នការបោះឆ្នោត​មុនអាណត្តិ​នេះឡើង។ ​​

 

លោក​ចង់​​ពង្រឹង​ជំហរ​បក្ស​កាន់អំណាច​អោយ​កាន់តែខ្លាំង​នៅ​សភា។ តាម​ធម្មតា​ ការ​បោះឆ្នោត​​សភា​ គឺ​ធ្វើយ៉ាងយូរ​ គឺ​អាច​​នៅ​កំឡុង​ដំណាច់ឆ្នាំ ​មុន​​ខែមករា​ដើមឆ្នាំ​២០១៧។

 

ក្នុង​ការ​រាប់សន្លឹក​ឆ្នោត​​ តាំងពីថ្ងៃសៅរ៍​មក​ លទ្ធផល​បន្តបន្ទាប់ បង្ហាញថា​​​បក្ស​ពលករ​​ជា​បក្ស​ប្រឆាំង​ ទទួលបាន​​​សម្លេងឆ្នោត និង​កៅអី​​សភា​កាន់តែច្រើន។ ដើម្បី​ទទួលបាន​ជោគជ័យ ទាល់តែ​បក្ស​កាន់អំណាច​ទទួលបាន​​៧៦កៅអី នៅ​សភា។ ដើម្បី​ទទួលបាន​ជោគជ័យ ​នឹង​ពង្រឹង​អំណាច ​បក្ស​សេរីនិយម​​​​​ត្រូវ​ចរចាស្វិតស្វាញ​​ជាមួយ​បក្ស​តូចៗ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ព្រោះ​បក្ស​ពលករ​មានប្រៀបជាង​ណាស់ ហើយ​អាច​ចរចា​ជាមួយបក្ស​តូចៗ​បានជោគជ័យ​ផងក៏ថាបាន។

 

ត្បិតថា ​លោក​ថឺនប៊ុល​សង្ឃឹមថា បក្ស​តូចៗ​អាច​នឹងព្រមបង្កើត​រដ្ឋាភិបាល​ចម្រុះ​ ​ធ្វើការងារ​ ជាមួយបក្ស​កាន់អំណាច​របស់​លោក។ តែ​មិនដឹងថា នៅទីបញ្ចប់​ ​​បក្ស​តូចៗ​ទាំងនោះ​អាច​សម្រេចចិត្ត​យ៉ាងនាទេ ​ព្រោះក្នុង​ការ​ឃោសនាបោះឆ្នោត​​កន្លងមក លោក​ថឺនប៊ុល​ បាន​រិះគន់​​សមត្ថភាព​បក្សតូចៗ មិនតិច​ដែរទេ។

 

គួររំលឹក​ដែរថា លោក​ថឺនប៊ុល​នេះ​ធ្លាប់​បាន​ធ្វើរដ្ឋប្រហារផ្ទៃក្នុង​បក្ស​សេរីនិយម​ខ្លួនឯង ដើម្បី​ទំលាក់​អតីត​នាយករដ្ឋមន្ត្រី​ថូនី អាបត កាលពី​ឆ្នាំមុន។ មិនដឹងថា បក្ស​តូចៗ​អាចទុកចិត្ត ព្រម​ធ្វើការ​ជាមួយ​បក្ស​សេរីនិយម​ដែររឺក៏អត់។

 

ក្នុង​យុទ្ធនាការ​ឃោសនា​កន្លងមក លោក​ថឺនប៊ុល​ចំអក​លើ​សមត្ថភាព​បក្ស​នយោបាយ​តូចៗ។ លោកថា គណបក្ស​តូចៗ ដែល​អាច​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្សពលករនោះ​ មិនអាច​នឹង​​​គ្រប់គ្រង​​​បញ្ហា​សេដ្ឋកិច្ចទេ។ បញ្ហា​សេដ្ឋកិច្ច​អូស្ត្រាលី​កំពុង​ជួបវិបត្តិ ផ្នែក​​​ធនធាន​រ៉ែដែក និងធ្យូងថ្ម មិន​បាន​ស្ទុះទៅមុខ​ដូចពេលមុនៗទេ។ ​ផ្នែកហិរញ្ញវត្ថុ​វិញ​ក៏​ជួប​ឱនភាព​ដែរ។

 

នាយករដ្ឋមន្ត្រី​ថឺនប៊ុល ចង់​ចំអក​បក្ស​តូចៗ នឹង​រំលឹក​ប្រជាជន​វិញថា វិស័យសេដ្ឋកិច្ច​នេះ​គឺសំខាន់​សម្រាប់ជាតិ។

 

ភាព​សាមញ្ញ​នៃ​​យុទ្ធនការ​ឃោសនាបោះឆ្នោត​មុនអាណត្តិ​​​របស់​បក្ស​ពលករ​​​

 

បក្ស​ពលករ​ជាបក្ស​ប្រឆាំង មាន​បេក្ខជនឈរឈ្មោះ​​​ជា​អតីត​មេសហជីព​ នោះគឺ​លោក Bill Shorten អាយុ​៤៩ឆ្នាំ។ ក្នុងយុទ្ធនាការ​បោះឆ្នោត​កន្លងមក បក្ស​ពលករ​​ផ្តោត​យុទ្ធសាស្ត្រ​លើ​អ្នកបោះឆ្នោត​ជា​កម្មករ​ និង​ប្រជាជន​មា​នជីវភាព​មធ្យម។

 

ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​ ​បក្ស​ប្រឆាំង​បាន​​លើក​​យក​វិស័យ​សុខភាព និង​ការរួបរួមជាតិ​មកធ្វើ​ជា​ប្រធានបទ​ឃោសនា។ លោក Bill Shorten ​សន្យា​ផ្តល់ថវិកា​​​អភិវឌ្ឈន៍​ផ្នែកសុខភាព ផ្នែក​យុត្តិធម៌​និង​ពន្ធអាករ​អោយបាន​ខ្លាំងក្លា។ លោក​ក៏មានគម្រោង​​អភិវឌ្ឈន៍​ថាមពល​មិនចេះ​រីងស្ងួតដែរ។ យុទ្ធនាការបក្ស​ពលករ​មាន​លក្ខណៈ​​បែបបុរាណ​បន្តិច តែ​ជា​យុទ្ធនាការ​ដែល​សាមញ្ញ​ ​មានភាពទាក់ទាញ ខុសពី​យុទ្ធនាការមាន​លក្ខណៈ​​អួតអាង​របស់​នាយករដ្ឋមន្ត្រី​ថឺនប៊ុល។

 

ចំពោះការ​ឃោសនា​របស់​បក្ស​កាន់អំណាច​វិញ ​លោក​ថឺនប៊ុល បានជ្រើសរើស​​ប្រធានបទ​ទាក៉ទង​នឹង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ជាតិ​។ លោក​បាន​​អួត​​សមត្ថភាព ពីជំនាញ​របស់​បក្សសេរីនិយម និង​រិះគន់​បក្ស​តូចៗ។ ​ខណៈ​អង់គ្លេសបាន​​សម្រេច​​​ដើរចេញ​ពី​អឺរ៉ុបនោះ​ លោកថឺនប៊ុល​បានឆ្លៀតយក​ប្រធានបទ​សេដ្ឋកិច្ច​នេះ​មកឃោសនា​ថា​​ ​ប្រិចស៊ីត​នេះ ​គឺជា​មូលហេតុ​មួយ​ទៀត ដែល​ធ្វើអោយ​ប្រជាជន​អូស្ត្រាលី​ត្រូវការ​រដ្ឋាភិបាល​ដែល​មា​នស្ថិរភាព។

 

បក្ស​កាន់អំណាច​​​ក៏បាន​ឃោសនា​​ការពារ​​​​នយោបាយ​អន្តោប្រវេសន៍​ដ៏តឹងតែងទាក់ទងនឹង​បញ្ហា​​ទូកជនភៀសខ្លួន​​ដែរ។ ប៉ុន្តែ សម្រាប់​អ្នកបោះឆ្នោត បើ​ទោះជា​បក្ស​ពលករ​ឡើងមកកាន់អំណាច​ ក៏បក្ស​ពលករ​មិនប្តូរនយោបាយ​អន្តោប្រវេសន៍​អ្វីលើសពី​បក្ស​កាន់អំណាច​​​ដែរ ព្រោះ​ថា ក្រុមសិទ្ធិមនុស្ស​​រិះបាន​​គន់ដាក់សម្ពាធ​​ចំពោះ​នយោបាយ​​អន្តោប្រវេសន៍​ ​អូស្ត្រាលី​មិនតិចទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ