អានតួអត្ថបទ
អូស្ត្រាលី

កុប្បកម្ម​ផ្ទុះឡើង​នៅ​មណ្ឌល​ដាក់​ជនភៀសខ្លួន នៅលើ​កោះ​Christmas របស់​អូស្ត្រាលី

អូស្ត្រាលី នៅ​ថ្ងៃ​ចន្ទនេះ បាន​ដក​មន្រ្តី សន្តិសុខ​របស់ខ្លួន ចេញ​ពី​មណ្ឌល ដាក់​ជនភៀសខ្លួន បរទេស ដែល​មាន​ទីតាំង​នៅលើ​កោះ​ Christmas របស់​អូស្ត្រាលី។ ចំណាត់ការ​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​ទាំង​ជនភៀសខ្លួន និង​ទណ្ឌិត​បាន​រួមគ្នា បះបោរ ធ្វើ​កុប្បកម្ម​យ៉ាងហិង្សា ប្រឆាំង​នយោបាយ​រើសអើង​របស់​អាជ្ញាធរ​អូស្ត្រាលី។ 

ច្រក​ចូល​ទៅក្នុង​មណ្ឌល​ឃុំឃាំង​នៅ​លើកោះ Christmas របស់​អូស្ត្រាលី ដែល​ជួប​រងកុប្បកម្ម​របស់​ជនភៀសខ្លួន និង​អ្នកទោស នៅថ្ងៃ​ចន្ទ ទី​៩​វិច្ឆិកា
ច្រក​ចូល​ទៅក្នុង​មណ្ឌល​ឃុំឃាំង​នៅ​លើកោះ Christmas របស់​អូស្ត្រាលី ដែល​ជួប​រងកុប្បកម្ម​របស់​ជនភៀសខ្លួន និង​អ្នកទោស នៅថ្ងៃ​ចន្ទ ទី​៩​វិច្ឆិកា ©AFP PHOTO / AUSTRALIAN DEPARTMENT OF IMMIGRATION AND CITIZENSHI
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​អន្តោប្រវេសន៍​អូស្រ្តាលី លោក​Peter Dutton បាន​និយាយ​ប្រាប់​ទូរទស្សន៍​អង់គ្លេស ថា មន្រ្តី​សន្តិសុខ​អូស្ត្រាលី​នៅ​មិនទាន់​អាច​ចូល​ទៅ​បញ្ជា គ្រប់គ្រង​មណ្ឌល ដែល​កំពុង​កើតមាន​កុប្បកម្ម​របស់​ក្រុមជនភៀសខ្លួន នៅ​ឡើយ​ទេ។ នៅ​ថ្ងៃ​ចន្ទនេះ ទាំង​ក្រុម​ជនភៀសខ្លួន និង​ទណ្ឌិត ដែល​ផ្ទុះកំហឹង មិនពេញ​ចិត្ត​នឹង​ការគ្រប់គ្រង​របស់​មន្រ្តី​សន្តិសុខ​អូស្ត្រាលី បានធ្វើ​កុប្បកម្ម ហើយ ម្នាក់ៗ នាំគ្នា ចាប់​កាន់​ដំបង​វាយបាល់ ដើម្បី​ត្រៀម​ប្រឈមមុខ​ជាមួយ​ប៉ូលិស​អូស្ត្រាលី។

 
គឺ​ការបាត់បង់​ជីវិត ដោយ​គ្មាន​មូលហេតុ​របស់​អ្នកសុំ​សិទ្ធិជ្រកកោន ជាតិអ៊ីរ៉ង់​ម្នាក់ ដែល​ជា​ផ្កាភ្លើង ធ្វើ​ឲ្យ​កើត​មាន​កុប្បកម្ម​ប្រឆាំង​អាជ្ញាធរ​អូស្ត្រាលី។ តាម​អ្នកតំណាងរាស្រ្ត​នូវែលហ្សេឡង់​ម្នាក់ ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅកោះ Christmas កាលពី​ខែ​តុលាមុន គេ​បាន​ប្រាប់​គាត់​ថា ដំបូងឡើយ ក្រុមជនភៀសខ្លួន បាន​សួររក​ហេតុផល ដែល​ធ្វើ​ឲ្យ​បុរស​ជាតិ​អ៊ីរ៉ង់ ដេកស្លាប់ នៅលើ​ផ្ទាំងថ្ម កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ អ្នកយាម​អូស្ត្រាលី​មិនបាន​បកស្រាយ​អ្វីទេ ផ្ទុយទៅវិញ បាន​ដាល់​ចំមុខ​អ្នកដែល​បាន​សួរ។ នៅ​ថ្ងៃ​អាទិត្យ ក្រុមជនភៀសខ្លួន បាន​ធ្វើ​បាតុកម្ម​សន្តិភាព ប៉ុន្តែ បាតុកម្ម បាន​ប្រែ​ក្លាយ​ជា​កុប្បកម្ម​ហិង្សា ដោយសារ​ការឆ្លៀត​ឱកាស​របស់​ក្រុមអ្នក​ទោស​គ្មាន​សញ្ជាតិ​ផ្សេង​ទៀត ដែល​អាជ្ញាធរ​អូស្ត្រាលី​បាន​យក​ដាក់​នៅក្នុង​មណ្ឌល​តែមួយ នឹងក្រុម​ជនភៀសខ្លួន។

នៅក្រោម​ច្បាប់​អន្តប្រវេសន៍​ដ៏តឹងតែង​របស់​អូស្ត្រាលី រាល់​ជនភៀសខ្លួន ដែល​ធ្វើដំណើរ​តាម​ទូក​សំដៅ​ទឹកដី​អូស្ត្រាលី ត្រូវ​បាន​ទាហាន អូស្ត្រាលី ចាប់ឃាត់ យក​ទៅ​ដាក់​នៅក្នុង​ជំរំ​ជនភៀសខ្លួន នៅ​លើ​កោះ ណូរុ ឬ​កោះ ដ៏​សែន​ឆ្ងាយ​របស់​អូស្ត្រាលី ឈ្មោះ Christmas។ នៅលើ​កោះ​Christmas ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​២៦០០​គីឡូម៉ែត្រ​ពី​អូស្ត្រាលី អាជ្ញាធរ​អូស្ត្រាលី មាន​សង់​មណ្ឌល​សម្រាប់​ដាក់​ជនភៀសខ្លួន​ដែល​កំពុង​ដាក់​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​ផង និង​ដាក់​អ្នកទោស​បរទេស ដែល​គ្មាន​សញ្ជាតិ បន្ទាប់​ពី​អូស្ត្រាលី​បាន​ឈប់​ផ្តល់​ទិដ្ឋាការ ដោយសារ​តែ​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ពួកគេ។ ថ្មីៗនេះ ចំនួន​អ្នកទោស នូវែលហ្សេណង់ ដែល​អូស្ត្រាលី​ដក​ទិដ្ឋាការ និង ដាក់ទោស ដោយសារ​តែ​អំពើ​ឧក្រិដ្ឋកម្ម បាន​កើនឡើង​ជា​លំដាប់ ក្នុង​មណ្ឌល​លើ​កោះ Christmas។

នៅថ្ងៃ​នេះ ពី​កន្លែង​កើតហេតុ អ្នកទោស​ម្នាក់​បាន​និយាយ​តាម​ទូរស័ព្ទ ប្រាប់​វិទ្យុ​នូវែលហ្សេឡង់ ថា ទាំង​ជនភៀសខ្លួន និង​ក្រុមអ្នកទោស ដែល​បាន​រួមគ្នា​បះបោរ​ប្រឆាំង អាជ្ញាធរ​អូស្ត្រាលី ព្រោះតែ​ពួកគេ ធុញទ្រាន់ និង​មិនអាច​ទ្រាំ​តទៅ​ទៀត​បានទេ ដែល​ឃើញ​មនុស្ស​នៅក្នុង​មណ្ឌល ប៉ុនប៉ង​សម្លាប់​ខ្លួន ដោយសារ​ការអស់​សង្ឃឹម នឹង​នយោបាយ​គ្រប់គ្រង​របស់​អូស្ត្រាលី។

នាយករដ្ឋមន្រ្តី​នូវែលហ្សេឡង់ លោក​ចន ឃី ធ្លាប់​បាន​រិះគន់​នយោបាយ​គ្រប់គ្រង​ជនបរទេស​របស់​អូស្ត្រាលី។ តាម​លោក​ចន ឃី ជនជាតិ​នូវែលហ្សេឡង់​ជា​ច្រើន​បាន​ទៅរស់នៅ​យូរអង្វែង​នៅ​អូស្ត្រាលី។ ការចាប់​ដាក់ឃុំ​នៅ​កោះ​ដ៏សែនឆ្ងាយ​រឹតតែ​ធ្វើ​ឲ្យ​ពួកគេ​ដាច់ ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់ពួកគេ នៅ​នូវែលហ្សេឡង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ