អានតួអត្ថបទ
កម្ពុជា

សាលា​រាជធានី​ភ្នំពេញ៖ បញ្ហា​ដីធ្លី​បឹងកក់​នៅ​សល់​មិន​ដល់​១០គ្រូសារ​ទៀត​ទេ

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ ដោះ​ស្រាយ​ជិត​រួចរាល់​ហើយ។ លោ​កថា​មក​ដល់​ពេល​នេះ គឺ​សាលា​ក្រុង​ដោះ​ស្រាយ​បាន​៩០ភាគរយ​ហើយ ចាប់​តាំង​ពី​ពេល​មាន​បញ្ហា​នេះ​មក។ តែ​អ្នក​តំណាង​សហគមន៍​បឹងកក់ បាន​បញ្ជាក់​ថា ការ​ដោះ​ស្រាយ​បច្ចុប្បន្ន​នេះ​គ្រាន់​តែ​ជាការ​សន្យា​លើ​ក្រដាស​តែ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋសហគមន៍បុរីកីឡា និងសហគមន៍អតីតអ្នកបឹងកក់បានដើរតវ៉ាតាមផ្លូវម្តងជាថ្មីម្តងទៀតនៅថ្ងៃចន្ទនេះ ឆ្ពោះទៅកាន់រដ្ឋសភា។
ប្រជាពលរដ្ឋសហគមន៍បុរីកីឡា និងសហគមន៍អតីតអ្នកបឹងកក់បានដើរតវ៉ាតាមផ្លូវម្តងជាថ្មីម្តងទៀតនៅថ្ងៃចន្ទនេះ ឆ្ពោះទៅកាន់រដ្ឋសភា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ របស់​សហគមន៍​បឹងកក់​អាច​នឹង​ត្រូវ​ដោះស្រាយ​ចប់ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខនេះ ដោយ​សារ​តែ​ពេល​នេះ សាលាក្រុង​បាន​ដោះស្រាយបាន​ប្រមាណ​៩០​ភាគរយ​ហើយ ចាប់តាំង​ពី​ពេល​មាន​បញ្ហា​ជម្លោះ​ដីធ្លី​កើត​ឡើង​នៅ​ឆ្នាំ​២០០៧​មក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡុង ឌី​ម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

បើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ រូបនេះ បាន​បន្តថា បច្ចុប្បន្ន​នៅ​សល់​មិន​ដល់​១០​គ្រួសារ​ទេ ដែល​សាលា​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ជា​មួយ​ពួក​គាត់។ អ្នក​ទាំង​១០​គ្រួសារ​នោះ មិន​យល់​ស្រប​នឹង​ការចែក​ប្លង់ដីឡូ ឬ​ទំហំ​ដីឡូ ដែល​សាលា​ក្រុង​ផ្តល់​ឲ្យ។ ចំពោះ​ការ​ដោះ​ស្រាយ​នេះ លោក ឡុង ឌី​ម៉ង់ បញ្ជាក់​ថា សូម្បី​តែ​តំបន់​ផ្លូវ​រថភ្លើង របស់​លោក  ចាន់ ពុទ្ធិស័ក្ក ក៏​សាលា​ក្រុង​បាន​ដោះ​ស្រាយ​ឲ្យ​រួចរាល់​ហើយ​ដែរ បើទោះបីជា​ដី ដែល​លោក  ចាន់ ពុទ្ធិស័ក្ក មិន​បាន​រាប់​បញ្ចូល​ក្នុង​ដី​តំបន់​បឹងកក់​ក៏ដោយ។

ចំណែក​លោក ចាន់ ពុទ្ធិស័ក្ក អ្នក​តំណាង​សហគមន៍​បឹងកក់​បាន​បញ្ជាក់ថា​ការ​សន្យា​ផ្តល់​ដី​ដល់​ក្រុម​សហគមន៍​របស់​លោក គឺ​គ្រាន់​តែ​ធ្វើ​ឡើង​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់​ស្តែង​រហូត​មក​ដល់​ពេល​នេះ លោក និង​អ្នក​ភូមិ​របស់​លោក​មិន​ទាន់​បាន​ទទួល​ដី​ជាក់​ស្តែង​នៅ​ឡើយ​ទេ។ ហើយ​លោក​បន្ថែមថា លោក​មិនទាន់​ដឹងថា​ដី ដែល​សាលាក្រុង​ប្រកាស​ផ្តល់​ឲ្យ​នោះ នៅ​កន្លែង​ណា​ដែរ។

លោក​បន្ថែម​ថា ដោយសារ​តែ​ពេល​នេះ មិន​ទាន់​មាន​ដី​ជាក់​ស្តែង​នៅ​ឡើយ ដូច្នេះ​លោក​ចង់បាន​ទំហំ​ដី ដែលមាន​រាង​ត្រឹម​ត្រូវ ពោល​គឺ​មិនមែន​ជា​ទំហំ​ដី ដែល​មាន​ទំហំ​មិន​ស្មើគ្នា​នោះទេ។ ម្យ៉ាង​ទៀត បើទោះ​បីជា​ទំហំ​ដី​ដែល​លោក​ទទួល​បាន​មិន​មាន​ទំហំ​ដូច​អ្នក​ភូមិ​បឹង​កក់​ទទួល​បាន​ក៏​ដោយ តែ​លោក​សុំ​ឲ្យ​ទំហំ​ដីឡូ ដែល​ផ្តល់​ឲ្យ​នោះ គឺ​មាន​ទំហំ​ដូច​ៗ​គ្នា ទទឹង ៤ម៉ែត្រ និង​បណ្តោយ ១៦​ម៉ែត្រ​។

ចំពោះ​អ្នក ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នោះ លោក​ឡុង ឌី​ម៉ង់​ថា ដោយ​សារតែ​ពួកគាត់​ចង់​បាន​ទំហំ​ដី​ជាក់​ស្តែង​ដូច​បច្ចុប្បន្ន ឬ​គ្រាន់តែ​កាត់​ចេញ​៣០​ភារយ​នៃ​ដី​បច្ចុប្បន្ន។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​គោលការណ៍​ចែក​ទំហំ​ដី ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​១៨​ម៉ែត្រ​សម្រាប់​ពួកគាត់ ហើយ​អាច​នឹង​ចរចា​តាម​ស្ថាន​ភាព​ជាក់​ស្តែង​។

សូម​រំលឹក​ថា បញ្ហា​ជម្លោះ​ដីធ្លី​របស់​សហគមន៍​បឹងកក់​បានកើត​ឡើង​នៅ​ឆ្នាំ​២០០៧ ជាមួយ​នឹង​ក្រុមហ៊ុន ស៊ូ​កា​គូអ៊ីន ដែល​ក្នង​នោះ​មាន​គ្រួសារ​ប្រមាណ​៣០០០​គ្រួសារ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំបន់​នោះ ដើម្បី​បើក​ផ្លូវ​ឲ្យ​គំរោង​អចលន​ទ្រព្យ​របស់​ក្រុមហ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ