អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នក​ធ្វើ​ការ​ខាង​ព្រៃ​ឈើ​រិះគន់​ការ​បង្កើត​ស្ថាប័ន​មួយ​ទប់​ស្កាត់​ការ​នាំ​ចេញ​ឈើ​គ្រញូង

អ្នក​ធ្វើ​ការ​ផ្នែក​ព្រៃ​ឈើ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​រិះ​គន់​ការ​បង្កើត​ស្ថាប័ន​ថ្មី​មួយ ដែល​ទប់​ស្កាត់​ការ​នាំ​ចេញ​ឈើ​គ្រញូង​ទៅ​ក្រៅប្រទេស។ លិខិត​ចុះ​ថ្ងៃ​ទី​៤​ខែ​មករា​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ ក្រសួង​កសិកម្ម មាន​ឈ្មោះ​ថា លេ​ខាធិ​ការដ្ឋាន​អចិន្ត្រៃយ៍​ថ្នាក់ជាតិ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​កាប់ ការ​ដឹក​ជញ្ជូន ការ​ប្រមូល ការស្តុកទុក និងការនាំចេញ​ឈើ​គ្រញូង។ បន្ថែម​លើ​នេះ អ្នក​ធ្វើ​ការ​បរិស្ថាន ចំអក​ថា ស្ថាប័ន​ជា​ច្រើន​បាន​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​កាប់បំផ្លាញ​ព្រៃឈើ តែ​ការ​កាប់​ឈើ​គ្មាន​ការ​ថយ​ចុះ​ឡើយ។

រូបតំណាងៈ សកម្មភាពរបស់​សកម្មជនដែលចុះល្បាតព្រៃឡង់
រូបតំណាងៈ សកម្មភាពរបស់​សកម្មជនដែលចុះល្បាតព្រៃឡង់ @ ហឿន សុភាព
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ អ្នកស្រី ភោគ ហុង សកម្មជន​ការពារ​ព្រៃឡង់​ប្រចាំ​ខេត្ត​ព្រះវិហារ​បាន​ចោទ​សួរ​ពីភាព​ចាំ​បាច់​នៃ​ការ​បង្កើត​ស្ថាប័ន​ថ្មី ដើម្បី​ទប់ស្កាត់​ការ​កាប់​និង​នាំ​ចេញ​ឈើ​គ្រញូង។ សម្រាប់​អ្នក​ស្រី​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ថ្នាក់​មូលដ្ឋាន​ឲ្យ​កាន់​តែ​មាន​​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​បិទ​ច្រក​ព្រំដែន ដើម្បី​ទប់​ស្កាត់​ការ​ដឹក​ឈើ​ចេ​ញ។ ឲ្យ​តែ​ក្រសួង​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ក្នុង​ការ​ទប់​ស្កាត់​ព្រៃឈើ នោះ​ព្រៃ​ឈើ ដែល​មិន​ចំពោះ​តែ​ឈើ​គ្រញូង នឹង​គ្មាន​ការបាត់​បង់​ទេ។ នេះ​បើ​តាម​អ្នក​ស្រី ភោគ ហុង ដែល​អះអាង​ថា​ឧស្សាហ៍​ចុះ​ល្បាត​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់។

ក្រសួង​កសិកម្ម​បាន​អះអាង​ថា ការ​បង្កើត​ស្ថាប័ន​ការពារ​ឈើ​គ្រឈូង​ មាន​គោល​បំណង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ និង​ការជួញ​ដូរ​ឈើ​គ្រញូង ដែល​ជា​ប្រភេទ​ឈើ​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក វ៉េង សាខុន ទទួល​ស្គាល់​ថា បទ​ល្មើស​ជួញ​ដូរ​ឈើ​ប្រណិត រួម​ទាំង​ឈើ​ក្រញូង​មាន​បញ្ហា​ស្មុគ​ស្មាញ ឈ្មួញ​មាន​ល្បិច​កិច្ច​កល​ច្រើន។ តែ​យ៉ាង​ណា​មិញ​លោកបេ្ដជ្ញា ទប់ស្កាត់​បទល្មើស​ឈើ​ក្រញូង ក៏ដូ​ច​ជា​ឈើ​ប្រណិត​ដទៃទៀត។

សូមបញ្ជាក់ថា ស្ថាប័ន​ថ្នាក់​ជាតិ​ដែល​មាន​ឈ្មោះ​ថា លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នេះ​មាន​ការ​ចូល​រួម​ពី​ក្រសួង​និង​ស្ថាប័ន​ផ្សេង​ទៀត រួមមាន៖ ក្រសួងការ​ពារជាតិ ក្រសួង​មហាផ្ទៃ ក្រសួង​ពាណិជ្ជ​កម្ម ក្រសួង​បរិស្ថាន កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស និង​អភិបាល​រាជ​ធានី​ខេត្ត។

ជា​ការ​កត់​សម្គាល់ នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​ដែល រដ្ឋាភិបាល​បង្កើត​ស្ថាប័ន​បន្ទាប់​បន្សំ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើសព្រៃ​ឈើ បន្ថែម​ពី​លើ​ស្ថាប័ន​ឬ​គណៈកម្មាការ​ដែល​មាន​ស្រាប់។ សង្គម​ស៊ីវិល​បាន​ចំអក​ថា ស្ថាប័ន​នីមួយៗ បង្កើត​ឡើង​នាំ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ តែ​ធ្វើ​ការ​គ្មាន​ប្រសិទ្ធ​ភាព។

របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​ប្រចាំ​ឆ្នាំ២០១៧ បង្ហាញ​ថា​បទ​ល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ ​និង​បទ​ល្មើស​កាប់រាន​ទន្ទ្រាន​ដី​ព្រៃ​មាន​ការ​ថយ​ចុះ​ប្រមាណ​៦០ករណី​ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​បាន​កើត​ឡើង​ប្រមាណ​ជិត១.៥ពាន់​ករណី៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ