លោក ហ៊ុន សែន បង្ហើបពីលទ្ធភាពធ្វើច្បាប់ឃុំខ្លួនពិរុទ្ធជននៅក្នុងផ្ទះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបង្ហើបពីលទ្ធភាពនៃការធ្វើច្បាប់ដើម្បីឃុំខ្លួនពិរុទ្ធជននៅក្នុងផ្ទះ។ ការលើកឡើងរបស់ លោក ហ៊ុន សែន នៅពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងការផ្ទេរ លោក កឹម សុខា ពីការឃុំខ្លួននៅពន្ធនាគារមកឃុំខ្លួននៅក្នុងផ្ទះ អស់រយៈពេលជិត២សប្ដាហ៍មកហើយគិតមកដល់ថ្ងៃនេះ។
ចុះផ្សាយនៅថ្ងៃ៖
«ដោយសារកម្ពុជាមិនទាន់មានច្បាប់ឃុំខ្លួនទណ្ឌិត ឬពិរុទ្ធជន នៅក្នុងផ្ទះ ទើបកម្ពុជាគ្រោងនឹងរៀបចំឲ្យមានច្បាប់ទាក់ទងនឹងការឃុំខ្លួនពិរុទ្ធជននៅក្នុងផ្ទះ» នេះគឺជាការលើកឡើងរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ខែកញ្ញា ក្នុងឱកាសជួបសំណេះសំណាលជាមួយ កម្មករ-កម្មាការិនី ក្នុងខេត្តកំពង់ស្ពឺ។ ត្រង់ចំណុចនេះលោក ហ៊ុន សែន ទទួលស្គាល់ថា ច្បាប់កម្ពុជាទាក់ទង នឹងអ្នកទោសមានភាពខ្វះចន្លោះត្រង់ការកំណត់ឲ្យឃុំខ្លួនអ្នកទោសឬទណ្ឌិតនៅក្នុងផ្ទះ។ ដូច្នេះហើយទើបតុលាការកំណត់ទីតាំងមួយសមស្របដើម្បីឃុំខ្លួនលោក កឹម សុខា។
សូមបញ្ជាក់ថា ការលើកឡើងពីលទ្ធភាពក្នុងការធ្វើច្បាប់ឃុំខ្លួនពិរុទ្ធជន នៅក្នុងផ្ទះពីសំណាក់ លោក ហ៊ុន សែន ដូច្នេះ នៅពេល២ថ្ងៃ បន្ទាប់ពីលោក ស ខេង អនុប្រធានគណបក្សប្រជាជន និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ខែកញ្ញា អះអាងថា លោកគឺជាអ្នករៀបចំផ្ទេរការឃុំខ្លួនមេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួននៅក្នុងផ្ទះ។ នេះក៏ដោយសារតែច្បាប់ព្រហ្មទណ្ឌកម្ពុជា មិនបានចែងនៅត្រង់ចំណុចនេះ។ នេះបើតាមលោក ស ខេង ។
បន្ថែមពីលើការគូសបញ្ជាក់របស់ លោក ស ខេង លោក ហ៊ុន សែន សង្កត់ធ្ងន់ថា ការផ្ទេរ លោក កឹម សុខា មកឃុំខ្លួននៅក្នុងផ្ទះ ធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ ដើម្បីសុវត្ថិភាព និងស្ថានភាពជម្ងឺលោក កឹម សុខា គឺមិនមែនដោយសារសម្ពាធអន្តរជាតិឡើយ។ បើតាមការពន្យល់របស់ លោកនាយករដ្ឋមន្ត្រី លោក កឹម សុខា មិនមែនជាទណ្ឌិតទេ។ លោក កឹម សុខា ជាពិរុទ្ធជននៅឡើយ។
ហើយរាល់សកម្មភាពប្រចាំថ្ងៃ លោក កឹម សុខា ត្រូវតែអនុវត្តទៅតាមដីកាកំណត់ បើពុំដូច្នោះទេ តុលាការមានសិទ្ធិយក លោក កឹម សុខា ទៅឃុំឃាំងនៅកន្លែងណា ក៏បានអាស្រ័យលើឆន្ទានុសិទ្ធរបស់តុលាការ។ នេះបើតាម លោក ហ៊ុន សែន។
លោក អំ សំអាតប្រធានផ្នែកស៊ើបអង្កេត និងការពារសិទ្ធិមនុស្ស នៃអង្គការលីកាដូលើកឡើងថា ច្បាប់ស្ដីពីការឃុំខ្លួនអ្នកទោសនៅក្នុងផ្ទះ ដូចជាមិនចាំបាច់សម្រាប់កម្ពុជានោះទេ។ ប៉ុន្តែអាចថា រដ្ឋាភិបាលទាញយកករណី លោក កឹម សុខា មកឃុំខ្លួននៅក្នុងផ្ទះជាបទមូលដ្ឋានឬជាលេស ដើម្បីរៀបចំធ្វើច្បាប់ ឬធ្វើវិសោធកម្មច្បាប់មួយចំនួន ទៅតាមស្ថានភាពនយោបាយជាក់ស្ដែង។ នេះបើតាម លោក អំ សំអាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ